កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ​លើវិស័យនានាដែលពាក់ព័ន្ធនឹង​ឧស្សាហកម្មបច្ចេកវិទ្យា និង​នវានុវត្តន៍ជាដើម។​

ស្ថិតក្នុងបរិបទបែបនេះ កម្ពុជាត្រូវការអ្នកជំនាញជាច្រើនដើម្បីបំពេញតម្រូវការ​នៃការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ស៊ឺន សម អ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា ក្រៅអំពីការសិក្សាតាមកម្រិតថា្នក់ ពោលគឺថា្នក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងថា្នក់បណ្ឌិតនោះ ការសិក្សាជំនាញ​គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។ ពលរដ្ឋកម្ពុជាភាគច្រើនបានដាក់សេចក្តីសង្ឃឹមរបស់ខ្លួនចំពោះ​កូនៗរបស់គេក្នុងការសិក្សាឱ្យបានខ្ពស់ ហើយមិនសូវជាបានគិតថា ការសិក្សាជំនាញមានសារៈសំខាន់នោះទេ។ ការសិក្សាជំនាញមួយដែលច្បាស់លាស់ ហើយប្រើរយៈពេលត្រឹមមួយឆ្នាំឬពីរឆ្នាំ នោះគឺពិតជាអាចរកថវិកាបានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងសហគមទៀតផង។​

លោកបណ្ឌិត​ ស៊ឺន សម បាននិយាយថា៖ «​ជំនាញកសិកម្មជំនាញចិញ្ចឹមសត្វ ជំនាញខាងផ្នែកដាំដុះ ជំនាញនៃការវេចខ្ចប់និងជំនាញផ្សេងៗដែលទាក់ទងនឹងវិស័យទេសចរណ៍ គឺជាជំនាញបន្ថែមទៀត ដែលពលរដ្ឋត្រូវមានហើយរដ្ឋាភិបាលត្រូវមានតួនាទីជាអ្នកសម្រួល​តម្រូវ​ការនៃជំនាញរបស់ពលរដ្ឋនោះ»។

លោកបណ្ឌិតបានបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៦១បានចែងថា «រដ្ឋជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចគ្រប់វិស័យជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន»។ 

ស្ថិតក្នុងស្ថានភាពនេះ ប្រទេសកម្ពុជាត្រូវធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចមួយ ដែលមានស្ថេរភាពតាមរយៈការវិនិយោគជាមួយ​ធនធានធម្មជាតិ (ការទាញយកផលប្រយោជន៍ពីធម្មជាតិតាមបែបទំនើប និងមាននិរន្តរភាព )ការថែរក្សាបរិស្ថាន និងការអភិវឌ្ឍជនបទមួយដែលមាននិរន្តរភាព។ វិស័យសំណង់និងអចលនទ្រព្យ កាត់ដេរ ទេសចរណ៍ កសិកម្មនៅតែជាវិស័យចម្បងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

បើសិនជានិយាយអំពីចំណុចដែលកម្ពុជាត្រូវពង្រឹងបន្ថែមនោះគឺថា បញ្ហាជំនាញនៅតែជាចំណុចគន្លឹះមួយក្នុងការអភិវឌ្ឍសម្រាប់កម្ពុជាសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងព្រោះថាពលកម្មជំនាញកម្រិតទាបនិងពលកម្មដែលមិនមានជំនាញ កំពុងតែមានទំហំធំនៅក្នុងប្រទេសកម្ពុជានៅឡើយជាពិសេសក្នុងវិស័យកាត់ដេរ និងសំណង់ឬសូម្បីតែពលករខ្មែរដែលទៅបំពេញការងារក្នុងប្រទេសផ្សេងនោះក៏ទៅបំពេញការងារដោយប្រើកម្លាំងសុទ្ធសាធ មិនមែនទៅដោយប្រើជំនាញនោះទេ៕