រាជធានីភ្នំពេញ៖ កម្ពុជា បានកត់ត្រាប្រតិបត្តិការទូទាត់តាមអ៊ីនធឺណិតសរុបចំនួន ៧០៧,៥៧ លានដង ដែលមានតម្លៃ ១១៣,៦៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ៤៦,៧ ភាគរយ និង ១៩ ភាគរយរៀងគ្នាពីប្រតិបត្តិការចំនួន ៤៨២,១៤ លានដង ដែលមានតម្លៃ ៩៥,៣១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។
លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ស្ថានភាពកូវីដ-១៩ បានលើកទឹកចិត្តមនុស្សកាន់តែច្រើនឱ្យប្រើការទូទាត់តាមទូរស័ព្ទ និងអេឡិចត្រូនិក ជាជាងសាច់ប្រាក់”។ “មនុស្សជំនាន់ក្រោយមានទំនោរប្រើប្រាស់វិធីសាស្រ្តទំនើបៗ ដូចជាការទូទាត់តាមអ៊ីនធឺណិត ជាជាងការបង់ប្រាក់ជាសាច់ប្រាក់។”
លោកស្រីបានមានប្រសាសន៍ថា បច្ចុប្បន្នមានស្ថាប័នហិរញ្ញវត្ថុចំនួន៦៩ ក្នុងប្រទេសកម្ពុជា ខណៈកម្ពុជាមានអ្នកប្រើប្រាស់ការទូទាត់តាមទូរស័ព្ទសរុបចំនួន១៣,៦ លាននាក់ក្នុងឆ្នាំ២០២១ កើនឡើង ៤២ ភាគរយ ពីចំនួន ៩,៥៦ លាននាក់ក្នុងឆ្នាំ២០២០។
ក្នុងបទសំភាសន៍ជាមួយ ស៊ីនហូរ លោកស្រីបានលើកឡើងថា៖ បច្ចុប្បន្ន Alipay និង WeChat Pay ត្រូវបានទទួលយកនៅក្នុងប្រទេសកម្ពុជា។ នៅពេលអនាគត កម្ពុជានឹងស្វែងរកលទ្ធភាពនៃការទូទាត់ឆ្លងដែនតាមរយៈបាគងរវាងកម្ពុជា និងចិន។ បាគង ជាកម្មវិធីទូទាត់ប្រាក់តាមទូរសព្ទ និងធនាគាររួមតែមួយគត់ របស់ព្រះរាជាណាចក្រ៕