ភ្នំពេញ៖ ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមានសន្ទុះរីកចំរើស្ទើរតែគ្រប់ទីកន្លែង បានធ្វើឱ្យអ្នកដែលមានធនធានគ្រប់គ្រាន់ពិបាក ក្នុងការសម្រេចចិត្តទិញលំនៅឋានសម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់។
បញ្ហានេះ លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានណែនាំដល់អ្នកដែលមានលុយច្រើន គួរទិញលំនៅឋាននៅក្នុងតំបន់សំខាន់ៗ ចំនួន៣ នៃជាយក្រុងភ្នំពេញរួមមានតំបន់សែនសុខ តំបន់ផ្លូវម៉ុងឬទ្ធី និងតំបន់ផ្លូវ ៦០ ម៉ែត្រ ខណៈដែលតំបន់ទាំងនេះ បាននឹងកំពុងមានការរីកចំរើន និងមានសក្តានុពលខ្ពស់របស់ទីក្រុងភ្នំពេញ។
លោកស្រីបន្តថា «សម្រាប់គម្រោងបុរី និងវីឡាធំៗ ដែលមានតម្លៃខ្ពស់ ត្រូវបានគេអភិវឌ្ឍន៍ និងកំពុងល្បីល្បាញនៅក្នុងតំបន់ផ្លូវ ៦០ ម៉ែត្រ នៅតំបន់ខណ្ឌសែនសុខ និងនៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី ហើយសម្រាប់អ្នកមានធនធនខ្ពស់គួរតែបង្វែរចិត្តទៅកាន់ទីនោះ«។
លោកស្រីបន្ថែមទៀតថា «មិនតែប៉ុណ្ណោះ តំបន់ទាំងនេះ ក៏មានលំនៅឋានដែលអាចប្រកបមុខរបរបាន និងមានឃ្វីនវីឡាដែលរស់នៅខាងក្នុងប្រកដោយសុវត្ថិភាព ហើយនៅតំបន់នេះ ក៏សំបូរទៅដោយអគារពាណិជ្ជកម្ម ព្រោះវាជាតំបន់ដែលពោពេញទៅដោយសក្តានុពល និងពាណិជ្ជកម្ម ពោលគឺមានទាំងផ្សារ សាលារៀន និងអគារការិយាល័យជាដើម»។
តែយ៉ាងណាក៏ដោយ បើតាមលោកស្រី Grace Rachny Fong ថា ការទិញលំនៅឋានសម្រាប់រស់នៅកន្លែងណាក៏បានដែរ ប៉ុន្តែត្រូវគិតថា តំបន់ទំាងនោះមានផាកសុភាព សុវត្ថិភាព បរិស្ថាន ផ្សារ សាលារៀន និង ពាណិជ្ជកម្ម ដែលផ្តល់នូវគុណភាពជីវិតសុទ្ធិសឹងតែល្អទាំងអស់៕