ភ្នំពេញ៖ ដីនៅតំបន់ភ្នំពេញថ្មីនៅតែមានតម្រូវការ បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្តី ព្រោះតំបន់នេះ កំពុងអភិវឌ្ឍន៍ក្លាយទៅជាតំបន់ទីក្រុងដ៏មមាញឹក មានចរាចរណ៍ ខណៈដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធងាយស្រួលធ្វើដំណើរខ្វាត់ខ្វែង ផ្តល់ឱកាសសម្រាប់ការទាក់ទាញលើការវិនិយោគគ្រប់ប្រភេទ។

លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានថ្លែងថា លោកស្រីនៅតែទទួលបានភ្ញៀវសាកសួរព័ត៌មាន ពីការរកទិញអចលនវត្ថុដែលស្ថិតនៅក្នុងតំបន់ខាងលើនេះ ហើយបច្ចុប្បន្ននេះក៏មានអតិថិជនភាគច្រើន ស្វែងដីធ្លីនៅក្នុងតំបន់ភ្នំពេញ ដែលជាដីដែលមានតម្លៃធូរៗថ្លៃផងដែរ។ 

លោកស្រីថ្លែងថា៖« ទោះជាកាលៈទេសៈណាក៏ដោយ ដីនៅតំបន់ភ្នំពេញថ្មី នៅតែមានចរន្តនៃការទិញលក់ធម្មតា ព្រោះអាចនិយាយបានថា ដីនៅតំបន់នេះ នៅមានសក្តានុពល ហើយស្ថិតនៅក្នុងតំបន់ក្រុង និងជាតំបន់ដែលមានការអភិវឌ្ឍន៍រីកចំរើនលឿនបើធៀបជាមួយនឹងតំបន់ផ្សេងៗទៀត»។

លោកស្រីបញ្ជាក់ទៀថា អតិថិជនភាគច្រើន បាននឹងកំពុងស្វែងរកដីដែលមានតម្លៃសមរម្យនៅក្នុងតំបន់នេះ ស្របពេលដែលកម្ពុជាកំពុងតែជួបបញ្ហាជំងឺកូវីដ ១៩។ សម្រាប់អ្នកមានទុនគ្រប់គ្រាន់ ពេលមានវិបត្តិ សេដ្ឋកិច្ចធ្លាក់ចុះ តម្លៃដីធ្លីស្ថិតនៅក្រោមទីផ្សារគឺជាឱកាសសម្រាប់វិនិយោគ។  

បើតាមប្រសាសន៍របស់លោកស្រី តាំង ហួរ បានឱ្យដឹងថា ដីធ្លីនៅក្នុងតំបន់ភ្នំពេញថ្មីមានតម្លៃចន្លោះពី ៤៥០ ដុល្លារ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំង និងតំបន់ជាក់ស្តែង។ 

លោកស្រីបន្ថែមថា «តម្រូវការដីធ្លីនៅទីនេះ គឺសម្រាប់យកទៅសង់ឃ្លាំង វីឡា ឬក៏ធ្វើអាជីវកម្មផ្សេងៗ ប៉ុន្តែក្នុងកាលៈទេសៈនេះ គឺយើងមិនអាចជួបគ្នាបានទេ។ យើងគ្រាន់តែបាញ់រូបភាព និងផែនទីឱ្យគទៅមើលដោយខ្លួនឯង ហើយបើជួបគ្នា គឺយើងតែងតែការពារដែរ ព្រោះឥឡូវ លែងហ៊ានទុកចិត្តនរណាហើយ ព្រោះខ្លាចឆ្លងជំងឺកូវីដ»។

ដោយឡែកសម្រាប់ការប្រែប្រួលតម្លៃដីវីញ លោក ស៊ន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate បានឱ្យដឹងថាទោះជាមានតម្រូវការ តែតម្លៃដីនៅតំបន់ភ្នំពេញថ្មី គឺមិនឃើញមានការកើនឡើង ឬថយចុះខ្លាំងនោះទេ ពោលគឺនៅក្នុងអំឡុងពេលនេះ ។

លោក ស៊ន សៀប បានថ្លែងបន្តថា «បើទោះបីជាបែបនេះមែន ប៉ុន្តែតម្លៃដីមិនបានកើនឡើងខ្លាំងនោះទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្លៃដីបានឡើងរួចខ្លះទៅហើយ ហើយក៏មិនសូវមានគម្រោងថ្មីៗចូលមកបន្ថែមនោះដែរ សម្រាប់គម្រោងដែលយើងឃើញសាងសង់នៅពេលនេះ ភាគច្រើនជាគម្រោងដែលបន្សល់ពីឆ្នាំចាស់តែប៉ុណ្ណោះ ដូច្នេះតម្លៃដី ឬតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះ នៅមិនទាន់ឡើងថ្លៃខ្ពស់ហួសពីឆ្នាំចាស់នោះទេ»៕