ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋកំពុងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាបណ្ដើរៗ ដែលជាសញ្ញាល្អនៃការងើបឡើងវិញនៃសេដ្ឋកិច្ច អ្នកជំនាញបានអំពាវនាវដល់អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃធូថ្លៃ ឬតម្លៃសមរ្យឱ្យបានច្រើននៅតាមតំបន់ជាយក្រុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។
ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលទ្រព្យកម្ពុជា បានមើលឃើញថា វិស័យអលចនទ្រព្យកម្ពុជានៅតែជួបបញ្ហាប្រឈម នៅក្នុងអំឡុងពេលនៃជំងឺកូវីដ ១៩ ប៉ុន្តែ វិស័យលំនៅឋានសម្លៃសមរម្យ នៅតែមានតម្រូវការ ។ ទន្ទឹមគា្ននេះ អ្នកអភិវឌ្ឍន៍គួរតែចាប់យកឱកាសនេះ ឱ្យបានច្រើន អភិវឌ្ឍន៍នៅតាមជាយក្រុងភ្នំពេញ។
ឧកញ៉ា ឃាង ពុទ្ធី ថ្លែងថា «លំនៅឋានតម្លៃធូៗថ្លៃ ដែលតម្លៃចាប់ពី ៥ម៉ឺន ដល់ ៧ ម៉ឺនដុល្លារអាមេរិក នៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋខ្មែរ ។ ដូច្នេះ គួរអ្នកអភិវឌ្ឍន៍សំឡឹងមើលឱកាសវិនិយោគវិស័យនេះ ឱ្យបានច្រើនគម្រោងថែមទៀត»។
បើតាម លោក ឃាង ពុទ្ធី អ្នកដែលមានដីឡូតិ៍ធំល្មមៗ គួរអភិវឌ្ឍន៍ទៅជាវីឡាកូនកាត់ ឬ ផ្ទះម៉ូដខ្មែរ ដែលតម្លៃសមរម្យនៅតាមជាយក្រុង វាល្អជាងទុកដីចោល ហើយគ្មានទីផ្សារ ព្រោះបរិបទនេះ ស្ថិតនៅក្នុងបញ្ហាឈម ជាពិសេសជួយទីផ្សារអចលនទ្រព្យកាន់តែរីកចំរើន។
លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Group ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅឋានបានឱ្យដឹងដែរថា បើទោះបីកម្ពុជាជួបបញ្ហាប្រឈម ក៏វិស័យលំនៅឋានតម្លៃធូថ្លៃនៅក្នុងប្រទេសនៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋជាធម្មតា មិនមានការថយចុះនោះទេ ខណៈដែលប្រជាពលរដ្ឋខ្មែរ បានមករស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញកាន់តែច្រើន។
លោក ម៉ាន់ ច័ន្ទឌី បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានលទ្ធភាពក្នុងការទិញលំនៅឋានដែលមានតម្លៃធូថ្លៃនេះ ហើយការអភិវឌ្ឍន៍នូវគម្រោងនៅតែបន្តមានដែរ ដូចជាមិនមានបញ្ហាប្រឈមនោះទេ។
ទោះជាយ៉ាងណា លោក ម៉ាន់ ច័ន្ទឌី ថ្លែងថា នៅក្នុងវិបត្តិនេះ តម្លៃលំនៅឋានធូរថ្លៃ ឬសមរម្យ មិនមានការធ្លាក់ចុះនោះទេ ប៉ុន្តែការលក់ចេញហាក់មានស្ថានភាពយឺតយ៉ាវបន្តិច។ វានឹងមានសន្ទុះឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ ត្រូវបានទប់ស្កាត់ និងពិភពលោកទាំងមូលនឹងវិលទៅរកភាពធម្មតាវិញ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ២០២០ វិស័យសំណង់គ្រប់ប្រភេទ នៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ហើយត្រូវបានគេប៉ាន់ប្រមាណធ្លាក់ចុះ -២,៤ ភាគរយ (សញ្ញាអវិជ្ជមាន) ហើយត្រូវបានព្យាករថា នឹងល្អបន្តិចនៅក្នុងឆ្នាំ២០២១ និងល្អបង្គួរនៅក្នុងឆ្នាំ២០២២៕