រាជធានីភ្នំពេញ៖ ជាតំបន់ជាយក្រុងដែលកំពុងមានភាពរីកចម្រើន និងអភិវឌ្ឍន៍លើផ្នែកលំនៅដ្ឋានក៏ដូចជាប្រែក្លាយជាតំបន់ដែលមានសក្ដានុពល លើផ្នែកអាជីវកម្មបែបទំនើបនិងចំរុះផងដែរនោះ មិនយូរទៀតនោះទេលំនៅដ្ឋានថ្មីៗដែលត្រូវបានអ្នកអភិវឌ្ឍន៍សាងសង់ បំពេញតម្រូវការទីផ្សារអាចនឹងលែងមានដាក់លក់ក្នុងតម្លៃក្រោម៦ម៉ឺនដុល្លារទៀតហើយ។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានដែលមានប្រសាសន៍ថា នៅក្នុងសម័យកាលកូវីដនេះ បណ្តាអ្នកវិនិយោគនិងអភិវឌ្ឍន៍មួយចំនួន បានទទួលបទពិសោធន៍ថ្មីពាក់ព័ន្ធទៅបញ្ហាដែលកើតមានឡើងរួមជាមួយនឹងដំណោះស្រាយ ដែលអាចទាញបានប្រយោជន៍ពីវិបត្តិមួយនេះក៏មានដែរ។
លោកឧកញ៉ាបានបញ្ជាក់ថា៖ “នៅក្នុងបរិបទនេះ សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានទុនក្នុងដៃគ្រប់គ្រាន់គឺកំពុងតែសម្រុកសាងសង់ ដើម្បីអាចបញ្ចប់ទៅតាមគម្រោង។ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនដែលស្ថិតនៅក្បែរផ្លូវជាតិលេខ១ គឺកំពុងតែមានភាពមមាញឹកក្នុងការងសាងសង់ ដើម្បីដាក់លក់នៅលើទីផ្សារខណៈគម្រោងខ្លះអាចលក់បានលើសពី៥០ភាគរយរួចទៅហើយនោះ”។
លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍គម្រោងបុរីលំនៅដ្ឋានទាន់សម័យកៀនស្វាយ ផាកបានមានប្រសាសន៍បន្តទៀតថា “តម្លៃលំនៅដ្ឋាននៅក្នុងពេលបច្ចុប្បន្ននេះអភិវឌ្ឍន៍ភាគច្រើនបានសាងសង់ និងដាក់លក់ស្ថិតក្រោម៦ម៉ឺនដុល្លារឬលើសពីនេះបន្តិចបន្តួច(តំបន់ជាយក្រុង) ដោយសារតែទីមួយអ្នកអភិវឌ្ឍន៍ទិញដីសម្រាប់គម្រោងបានក្នុងតម្លៃទាប ហើយទី២ប្រើប្រាស់យុទ្ធសាស្ត្រលក់ក្នុងតម្លៃសមរម្យនៅក្នុងបរិបទកូវីដ ប៉ុន្តែក្រោយពេលបញ្ចប់វិបត្តិ ការអភិវឌ្ឍន៍លំនៅដ្ឋានអាចនឹងបង្កើនថ្លៃដើម ដោយសារតម្លៃដីនឹងឡើងថ្លៃហើយអ្នកអភិវឌ្ឍន៍ចាំបាច់ត្រូវតែដាក់លក់នៅក្នុងតម្លៃខ្ពស់ជាងនេះ ដែលប្រៀបដូចទៅនឹងតំបន់ជ្រោយចង្វារផ្លូវជាតិលេខ៦កាលពីប៉ុន្មានឆ្នាំមុនយ៉ាងដូច្នេះ”។
គួរបញ្ជាក់ផងដែរថា តំបន់ផ្លូវជាតិលេខ១ ដែលស្ថិតនៅប៉ែកខាងកើតរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន កំពុងរំលេចចេញនវគម្រោងអភិវឌ្ឍន៍ជាច្រើន ក្រោមការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ពាក់ព័ន្ធទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ក្នុងតំបន់ផ្លូវក្រវាត់ក្រុង ផ្សារបែបទំនើប លំនៅដ្ឋានប្រណីតក៏ដូចជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះកំពុងជួយជំរុញតម្រូវការនៃការប្រើប្រាស់ដី ក៏ដូចជាតម្លៃអចលនទ្រព្យទូទៅកើនឡើងខ្ពស់ជាបន្តបន្ទាប់៕