អ្នកជំនាញបានអំពាវនាវឱ្យអ្នករកស៊ី ក្នុងវិស័យដីធ្លីត្រូវមានគោលបំណងនិងពេលវេលា ច្បាស់លាស់ មុននឹងសម្រេចចិត្តចំណាយលុយលើវិនិយោគព្រោះកុំឱ្យខាតបង់ថវិកា ឬពេលវេលាទៅថ្ងៃក្រោយ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមួយរូបដែរនោះបានថ្លែងថា មនុស្សមួយចំនួន បានវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី ប៉ុន្តែគ្មានគោលបំណងច្បាស់លាស់បានធ្វើឱ្យមានការខាតបង់ផលប្រយោជន៍ និងពេលវេលា តាមរយៈការវិនិយោគនេះ។
លោកបានពន្យល់ថា ការវិនិយោគលើវិស័យដីធ្លីនេះ ដូចជាការដាក់ទុនទៅនឹងធនាគារ ដីធ្លី (Land Banking) តាមរយៈមានការដាក់ចេញនូវផែនការច្បាស់លាស់ និងពេលវេលាណាមួយដែលត្រូវនឹងលក់ចេញវិញហើយទទួលបានផលចំនេញ។
ក្នុងន័យនេះ មិនមែនមានន័យថា ទិញដីធ្លីហើយ ទុករហូតដល់មានការលក់ចេញវិញ ទើបទទួលបានលុយ យកមកសងគេ ឬទទួលបានចំណេញនោះទេ គឺត្រូវមានផែនកាច្បាស់លាស់។
លោក ង៉ែត ជូ បានថ្លែងទៀតថា ត្រូវតែដាក់ចេញនូវផែនការថា តើត្រូវដាក់ទុនវិនិយោគប៉ុន្មានឆ្នាំ ដើម្បីលក់ចេញបានផលមកវិញនៅពេលណា។ ត្រូវរៀបចំផែនការ ហិរញ្ញវត្ថុច្បាស់លាស់ នៅពេលនោះយើងគ្មានហានិភ័យ។ ឧទាហរណ៍ថា ដូចនៅក្នុងអំឡុងពេលនៃកូវីដ ១៩នេះ បើគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ទេ គឺនឹងមានហានិភ័យខ្ពស់ ព្រោះគ្មានលុយសងត្រឡប់ទៅធនាគារវិញ បើសិនជាខ្ចីលុយពីធនាគារក្នុងការវិនិយោគ ។
លោក បញ្ជាក់ថា ការវិនិយោគដីធ្លី ត្រូវមានចក្ខុវិស័យ និងផែនការនិងគោលបំណងច្បាស់លាស់ តើដីនោះ អាចយកទៅធ្វើអ្វីបាន សាងសង់ជារោងចក្រ ផ្ទះតម្លៃសមរម្យ ធ្វើជាបូរី ធ្វើជាតំបន់ពាណិជ្ជកម្ម ដូច្នេះ ត្រួវតែមានគោលដៅនៃការប្រើប្រាស់ដីនោះឲ្យបានច្បាស់លាស់ ៕