ត្បូងឃ្មុំ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិចូលរួមវិនិយោគ និងអភិវឌ្ឍដីនៅជុំវិញអគារសាលាខេត្ត ដើម្បីឱ្យពលរដ្ឋមករស់នៅ និងមានការងារធ្វើកាន់តែច្រើន ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាទីរួមខេត្តនាពេលខាងមុខនេះ។
លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបានឱ្យដឹងថា រដ្ឋបាលខេត្តមានផែនការនឹងប្រែក្លាយតំបន់ជុំវិញនៃសាលាដ្ឋបាលខេត្តទៅជាទីរួមខេត្ត ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានប្រជាពលរដ្ឋរស់នៅច្រើនទេ ដែលពិបាកក្នុងការប្រែក្លាយតំបន់នេះទៅជាទីរួមខេត្ត។
លោក ស៊ាក ឡេង មានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវសុំវិនិយោគិនជាតិ និងអន្តរជាតិទៅចូលរួមអភិវឌ្ឍន៍នៅកន្លែងនេះ ដើម្បីកៀងគរឱ្យមាន ប្រជាប្រជាពលរដ្ឋទៅរស់នៅទីនោះ ហើយមានការងារធ្វើនៅទីនោះ ដើម្បីបង្កើតឱ្យទៅជារួមខេត្ត ព្រោះបច្ចុប្បន្ននេះ មានតែមន្ត្រីរាជការទេ” ។
លោកបន្ថែមថា ដីនៅក្នុងតំបន់បរិវេណនៃសាលាខេត្តត្បូងឃ្មុំនេះ មានទំហំ ៣២២ ហិកតា ដែលកាលពីមុនេះ ជាដីដំណាំកៅស៊ូខ្លះ ប៉ុន្តែបច្ចុប្បន្ននេះ ម្ចាស់ដី លែងដំាដំណាំកៅស៊ូហើយ ដោយពួកគាត់យកដីលក់វិញ បានថ្លៃខ្ពស់ជាង ព្រោះបើគិតជាម៉ែត្រដើរអាចលក់បានក្នុងតម្លៃជាង ៣០០០ ដុល្លារ ក្នុងមួយម៉ែត្រដើរ ហើយតម្លៃដីនៅទីនេះ នឹងបន្តឡើងថ្លៃថែមទៀតនាពេលអនាគត់ នៅពេលប្រែក្លាយតំបន់នេះ ទៅជាទីរួមខេត្ត។
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ដោយមើលឃើញឱកាសបែបនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បាននឹងកំពុងធ្វើការវិនិយោគទាំងពុះដីឡូតិ៍ គម្រោងសាងសង់លំនៅឋាន និងគម្រោងផ្សេងៗទៀតជាច្រើន។
លោកថ្លែងថា “ វិស័យអចលទ្រព្យនៅកម្ពុជា បានកំពុងបន្តរីកដុះដាលដូចផ្សិត បើទោះបីជាក្នុងអំឡុងបញ្ហាជំងឺកូវីដ១៩ក្តី ដែលពិតជាបានចូលរួមចំណែកជួយលើសេដ្ឋកិច្ចជាតិ ជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋាន និងទីប្រជុំជន នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះខេត្តត្បូងឃ្មុំក៏មានការរីកចំរើនផងដែរ”។
ខេត្តត្បូងឃ្មុំ គឺជាខេត្តដែលទើបត្រូវបានបង្កើតថ្មី ដោយបំបែកចេញពីខេត្តកំពង់ចាម និងត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវបុរីរដ្ឋបាលប្រមូលផ្តុំរបស់ខេត្ត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ខេត្តត្បូងឃ្មុំ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នាខ្វាត់ខ្វែង មានសន្តិសុខ សណ្តាប់ធ្នាប់ និងសក្តានុពលលើគ្រប់វិស័យ ពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម កសិកឧស្សាហកម្មដែលធ្វើឱ្យខេត្តមានការរីកចម្រើន និងការអភិវឌ្ឍនបានឆាប់រហ័ស ព្រមទាំងលើកស្ទួយកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាពលរដ្ឋមានកម្រិតជីវភាពធូរធារ។
ខេត្តនេះស្ថិតនៅទិសបូព៌ានៃប្រទេសកម្ពុជា មានចម្ងាយ ១៥៥ គ.ម ពី រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦A និងលេខ៧ មានផ្ទៃដីសរុប ៥ ២៥០,៥១ គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តព្រៃវែង ខាងជើងជាប់ខេត្តក្រចេះ និងខាងកើតជាប់ប្រទេសវៀតណាម មានប្រវែង ១៤៣ គីឡូម៉ែត្រ ជាប់ព្រំប្រទល់ខេត្តចំនួន២ គឺខេត្តតៃនិញ និងខេត្តប៊ិញភឿក៕