1. Apple​ Iconsiam​ ទីក្រុង​បាងកក​ប្រទេស​ថៃ​

លំដាប់​ទី​មួយ​យើង​មក​មើល​ប្រទេស​ជិត​ខាង​សិន​ដែល​ជា​សាខា​ដំបូង​បង្អស់​ក្នុង​ប្រទេស​ថៃ​។ ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ប្រហែល​ ២​ ឆ្នាំ​កន្លង​មក ​មាន​ទីតាំង​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​អាយ​ខន​ស្យ៉ាម​ (​Iconsiam​)​ មាន​បុគ្គលិក​ប្រហែល​ ១០០​ នាក់​។​ សាខា​នេះ​ស្ថិត​នៅ​ជាប់​មាត់​ទន្លេ​ចៅ​ប្រាយ៉ា​ ចំណែក​ឯ​ការ​រចនា​វិញ​សាក​សម​នឹង​តួ​អគារ​ផ្សារ​ទំនើប​តែ​ម្តង ​ដោយ​ការ​រចនា​ហាង​រាង​ពង​ក្រពើ ​ព្រម​ជាមួយ​នឹង​កញ្ចក់​ថ្លា​ធ្វើ​ឱ្យ​អតិថិជន​អាច​គយគន់​ទេសភាព​បាន​យ៉ាង​ប្រណីត​។​ ទន្ទឹម​នឹង​នេះ​នៅ​ខាង​មុខ​ហាង​ក៏​ប្រើ​កញ្ចក់​ថ្លា​ដូច​គ្នា​ដែរ ​ដើម្បី​ឱ្យ​អាច​មើល​ឃើញ​ដល់​ខាង​ក្នុង​តាំង​ពី​ក្រោម​រហូត​ដល់​ដំបូល​តែ​ម្តង​។​ 


2.​ Apple​ Sanlitun​ ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០២០​ ក្រុមហ៊ុន​ Apple​ ក៏​បាន​ធ្វើ​ការ​កែ​តម្រូវ​ហាង​ដែល​ជា​សាខា​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ក្រោយ​ពី​បើក​ដំណើរ​ការ​បាន​១២​ ឆ្នាំ​មក​ហើយ​។ ​តាម​រយៈ​ការ​ពង្រីក​បរិវេណ​ហាង​ឱ្យ​កាន់​តែ​ធំ​ជាង​មុន​ទ្វេ​ដង ​និង​ជា​ហាង​លក់​រាយ​ដំបូង​បង្អស់​នៅ​ប្រទេស​ចិន​ ដែល​ប្រើ​ថាមពល​ពី​បន្ទះ​សូឡារ​។ ​ការ​រចនា​នេះ​សង្កត់​ធ្ងន់​លើ​វត្ថុ​ធាតុ​ដើម​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ដូច​ជា​ កញ្ចក់​ទំហំ​ ៣៣​ហ្វីត​ដែល​អាច​មើល​ពី​ក្រៅ​ធ្លុះ​ដល់​ខាង​ក្នុង ​កុម្ម៉ង់​មក​ពី​ទីក្រុង​ធានជីន​កម្រាល​ឥដ្ឋ​ធ្វើ​ពី​ថ្ម​ Padang​ Light​ មក​ពី​ខេត្ត​សាន​តុង​ ខណៈ​ជណ្តើរ​ទាំង​សង​ខាង​របស់​ហាង​ត្រូវ​បាន​រចនា​ឡើង​ស្រប​គ្នា​នឹង​ជណ្តើរ​នៅ​ខាង​ក្រៅ​ដែរ​ដើម្បី​ធ្វើ​ឱ្យ​ហាង​កាន់​តែ​ធំ​ទូលាយ​។ 

​ក្រៅ​ពី​នេះ​ទីលាន​ទិស​ខាង​លិច​ត្រូវ​បាន​ដាំ​ដើម​ Sophora​ Japonica​​ ដែល​ជា​ដើមឈើ​ជាតិ​របស់​ទីក្រុង​ប៉េកាំង​។​ មិន​តែ​ប៉ុណ្ណោះ​ ការ​កែច្នៃ​លើក​នេះ​ចំនួន​បុគ្គលិក​ក៏​បាន​កើន​ឡើង​ដល់​១៨៥​ នាក់​ដែល​កាល​ពី​មុន​មាន​ត្រឹម​តែ​ ៥២​ នាក់​ប៉ុណ្ណោះ​។​ 


3.​ Apple​ Carnegie​ Library​ ទីក្រុង​វ៉ាស៊ីញតោន​សហរដ្ឋ​អាមេរិក​

Apple​Store​ សាខា​នេះ​ជា​អគារ​ប្រវត្តិ​សាស្រ្ត​ដែល​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ស្ថិត​ក្នុង​បណ្ណាល័យ​Carnegie​ លើ​ទីលាន​ Mount Vernon Square​។​ សាខា​នេះ​មាន​បុគ្គលិក​ដែល​អាច​និយាយ​បាន​ ២៧​ ភាសា​។ ​ដោយសារ​តែ​ទីនេះ​ជា​ DC​ History​ Center​ ថ្មី​រួម​មាន​បណ្ណាល័យ​ Kiplinger​ Research​ សាល​លិល្បៈ​ចំនួន​ ៣​និង​សារមន្ទីរ​ដែល​ដំណើរ​ការ​ដោយ​សមាគម​ប្រវត្តិសាស្រ្ត​ប្រចាំ​ទីក្រុង​វ៉ាស៊ីញតោន​។​ ហេតុ​នេះ​ហើយ​ការ​រចនា​សាខា​នេះ​ឡើង​ត្រូវ​សហការ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​អភិរក្ស​ដែរ​។​

តាម​រយៈ​ការ​រក្សា​ទម្រង់​នៃ​អគារ​ផ្នែក​ខាង​មុខ​ ដែល​មាន​សារៈ​សំខាន់​ខាង​ប្រវត្តិ​សាស្រ្ត​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​។​ ការ​តុបតែង​កម្រាល​ឥដ្ឋ​ផ្នែក​ខាង​ក្នុង​រួម​ទាំង​ការ​ស្តារ​ឡើង​វិញ​នូវ​ព័ត៌មាន​លម្អិត​ទាំង​ឡាយ​ ឱ្យ​ត្រលប់​មក​ដូច​ដើម​វិញ​។​ ពេល​ដើរ​ចូល​ទៅ​ខាង​ក្នុង​នឹង​មាន​អារម្មណ៍​ថា​មាន​ភាព​អស្ចារ្យ​។ ​ពិដាន​ខាង​លើ​ដែល​ជា​កន្លែង​ដែល​ពន្លឺ​ព្រះ​អាទិត្យ​អាច​ឆ្លុះ​ចូល​មក​ខាង​ក្នុង​បាន ​ពី​ដើម​ឡើយ​ជា​កន្លែង​ខ្ចី​សៀវភៅ​ក្នុង​បណ្ណាល័យ​ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​កែច្នៃ​ឱ្យ​ទៅ​ជា​ទីធ្លា​សម្រាប់​ព្រឹត្តិការណ៍​ Today​at​ Apple​ ដែល​រួម​បញ្ចូល​វគ្គ​ថត​រូប​ បង្កើត​ខ្សែ​ភាព​យន្ត​បទ​ចម្រៀង​ និង​ការ​សរសេរ​កូដ​។​ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​ជាន់​ក្រោម​ដី​ដែល​បង្ហាញ​ពី​រូបភាព​និង​ឯកសារ​ដែល​ទាក់​ទង​ដើម​កំណើត​ និង​ប្រវត្តិ​សាស្រ្ត​នៃ​អគារ​មួយ​នេះ​។​ 


4. Apple​ Champs​-Élysées​ ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​

នេះ​ក៏​ជា​សាខា​មួយ​ទៀត ​ដែល​កើត​ឡើង​ពី​ការ​កែច្នៃ​អគារ​ចាស់​ៗ​ឱ្យ​ត្រឡប់​មក​មាន​សម្រស់​ស្រស់​ស្អាត​ម្តង​ទៀត ​ស្ថិត​នៅ​លើ​ផ្លូវ​ Champs​-Élysées​។​ ទី​នេះ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​ក្នុង​ទីក្រុង​ប៉ារីស​ និង​ជា​កន្លែង​ទេសចរណ៍​ដែល​ល្បី​រន្ទឺ​នៅ​លើ​ពិភព​លោក​។​ អគារ​នេះ​ផ្តល់​ការងារ​ដល់​មនុស្ស​ជាង​ ៣៣០​ នាក់​ អាច​និយាយ​បាន​ ១៧​ ភាសា​។​សួនច្បារ​ក្នុង​អគារ​សម័យ​ Haussmann​ ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​ជា​វេទិកា​ដ៏​ធំ​។ 

​មាន​ការ​ឆ្លាក់​ដំបូល​ដើម្បី​ឱ្យ​ពន្លឺ​អាច​ឆ្លុះ​ចូល​បាន​មាន​ការ​បំពាក់​បន្ទះ​សូឡារ​ និង​មាន​ប្រព័ន្ធ​ផ្ទុក​ទឹក​ភ្លៀង​ដើម្បី​ជា​ប្រភព​ផ្គត់ផ្គង់​បន្ទប់​ទឹក​ដើមឈើ ​និង​ជញ្ជាំង​ពណ៌​បៃតង​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​បេសកកម្ម​នៃ​ថាមពល​កើត​ឡើង​វិញ​ បាន​១០០%​។ ​អគារ​នេះ​មាន​ស្ថាបត្យកម្ម​ទំនើប​ រួម​នឹង​បែប​បទ​សម័យ​បុរាណ​។ ​ជញ្ជាំង​ផ្នែក​ខាង​ក្រៅ​នៃ​អគារ​ធ្វើ​ពី​ថ្ម​ពណ៌​ក្រហម​ប៊ឺហ្គូឌី​ឥដ្ឋ​ក្រាល​ដោយ​ក្តារ​ឈើ​បារាំង​។​ 


5. Apple​ Marunouchi​ ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​

សាខា​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្ម​ Marunouchi​ ជិត​វិមាន​អធិរាជ​។​ ផ្នែក​ខាង​មុខ​នៃ​អគារ​មាន​ភាព​លេច​ធ្លោ​ដោយសារ​មាន​ទូ​ពីរ​ជាន់​ធ្វើ​ពី​អាលុយ​មី​ញ៉ូម​រាង​កោង​ត្រង់​ជ្រុង​បែប​3D​។ ​ផ្នែក​ខាង​ក្នុង​មាន​ដើម​ឬស្សី​ដាំ​ជា​ជួរ​ត្រង់​កញ្ចក់​ផ្លូវ​ចូល​ក្នុង​បរិវេណ​ហាង​ដ៏​ធំ​ទូលាយ​។ ​ទី​នេះ​មាន​បុគ្គលិក​ចំនួន​ ១៣០​ នាក់​ដែល​អាច​និយាយ​បាន​ ១៥​ ភាសា​។​ចំណែក​ឯ​ហាង​ Apple​ Fukouka​ ក៏​ត្រូវ​បាន​ប្តូរ​មក​ទី​នេះ​ដែរ​។​ 


6. Apple​ Fifth​ Avenue​ ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​

ទី​នេះ​ជា​អគារ​ដែល​រចនា​ថ្មី​ទាំង​អស់​និង​មាន​ចំណុច​លេច​ធ្លោ​ជា​ច្រើន​។​សាខា​នេះ​ត្រូវ​បាន​លោក​ស្ទីវ​ចប​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ 2006​ ។​អគារ​ទម្រង់​គូប​ និង​ជា​កន្លែង​បង្ហាញ​ផលិតផល​របស់​ Iphone​ តាំង​ពី​ម៉ូដែល​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​ ២០០៧​។ ​អគារ​នេះ​ត្រូវ​បាន​កែ​លម្អរ​ឱ្យ​មាន​ទំហំ​ធំ​ជាង​មុន​ ២​ ដង​ប៉ុន្តែ​ស្ថិត​ក្នុង​ទម្រង់​គូប​ដដែល​និង​បំពាក់​ដោយ​កញ្ចក់​ថ្លា​។​ 

ពិដាន​ត្រូវ​បាន​លើក​ឡើង​ឱ្យ​ខ្ពស់​ជាង​មុន​ដើម្បី​ទទួល​បាន​ពន្លឺ​ធម្មជាតិ​ច្រើន​ជាង​មុន​។ ​ផ្នែក​ខាង​ក្នុង​មាន​ជណ្តើរ​វិល​ដែល​ធ្វើ​ពី​ដែក​អ៊ី​ណុក​ផ្សំ​កញ្ចក់​ដែល​មើល​ទៅ​ដូច​ជា​ជណ្តើរ​អណ្តែត​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ជណ្តើរ​យន្ត​រាង​រង្វង់​ដែរ​។​ទី​នេះ​គឺ​ជា​សាខា​តែ​មួយ​គត់​ដែល​បើក​បម្រើ​សេវាកម្ម​ ២៤​ ម៉ោង​៕