មានការលើកឡើងជាច្រើន ពាក់ព័ន្ធទៅនឹងដំណើរទស្សនៈកិច្ចផ្លូវការរបស់ប្រមុខការទូតចិន នៅកម្ពុជានាចុងនាថ្ងៃចុងសប្ដាហ៍នេះ ដែលនឹងផ្តល់ផលប្រយោជន៍ និងភាពវិជ្ជមាននៃវិស័យពាណិជ្ជកម្ម និងវិនិយោគជាច្រើនហើយក្នុងនោះមួយចំណែកធំក៏បានចូលរួមបង្កើនទំនុកចិត្តដល់បណ្តាវិនិយោគិនចិនឲ្យចូលមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជាប្រកបដោយភាពកក់ក្ដៅ។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA លោក ច្រឹក សុខនីម បានមានប្រសាសន៍ដោយបង្ហាញពីភាពសុទិដ្ឋិនិយមទៅនឹងកិច្ចដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិននៅកម្ពុជាថា ពិតជាអាចនាំយកនូវភាពល្អប្រសើរជាច្រើនទៀត បន្ថែមពីលើអ្វីដែលស្រាប់ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យក៏ទទួលបានផ្លែផ្កាផងដែរ។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ៖«មនុស្សគ្រប់គ្នាបានដឹងរួចមក ហើយពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-ចិន ក្នុងនាមជាមហាមិត្តដែកថែម និងជាដៃគូអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធបំផុត។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំចិននៅពេលនេះ ខ្ញុំជឿជាក់និងមានសុទិដ្ឋិនិយមថា ពិតជានាំយកនូវផ្លែផ្កាល្អៗបន្ថែមដល់កម្ពុជា តាមរយៈការបើកទូលាយ និងសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីក៏ដូចជាជួយជំរុញ និងធ្វើឲ្យប្រសើរឡើងនូវវិស័យសំខាន់ៗផ្សេងទៀត រាប់ទាំងវិស័យសំណង់និងអចលនទ្រព្យផងដែរ»។
ជាមួយគ្នានេះលោក ច្រឹក សុខនីម បានបន្តថា៖ សម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ប្រទេសចិនឈរនៅលំដាប់លេខរៀងកំពូលក្នុងការវិនិយោគ និងអភិវឌ្ឍន៍ជាក់ស្ដែងនៅក្រុងព្រះសីហនុដែលជាគំរូស្រាប់ ខណៈដែលក្រុងមួយនេះ ត្រូវបានមនុស្សជាច្រើនប្រសិទ្ធភាពថា ជាក្រុងសិនឈិនទី២ រួចទៅហើយ។
ក្រុងកំពង់សោមនេះ ទទួលបាននូវទំហំទុនវិនិយោគរាប់ពាន់លានដុល្លារហើយជំហានបន្ទាប់ ជាពិសេសក្រោយពេលវិបត្តិនៃជំងឺឆ្លងកូវីដ១៩ត្រូវបានទប់ស្កាត់បានជាស្ថាពរឬបញ្ចប់ទាំងស្រុង ពេលនោះខ្ញុំជឿជាក់ថា វិនិយោគិនអន្តរជាតិ ជាពិសេសគឺចិននឹងចូលមកវិនិយោគនៅកម្ពុជាច្រើនជាងបច្ចុប្បន្ននេះ ព្រោះពួកគេបានមើលឃើញពីឱកាសទទួលបានចំណេញច្រើន ខណៈដែលមានការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំប្រទេសទាំង២រួចទៅហើយនោះ៕