ខេត្តសៀមរាប៖ ទោះជាមិនមានទិដ្ឋភាពដូចក្រុងព្រះសីហនុ ដែលពោរពេញទៅដោយសំណង់អគារខ្ពស់ៗបម្រើមុខងារ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះជាសំណង់ខុនដូរ អាផាតមិននោះក៏ដោយ ប៉ុន្តែសម្រាប់ក្រុងសៀមរាបក៏នឹងមានលេចចេញនូវវត្តមានអគារខ្ពស់ៗ ស្រដៀងគ្នានោះដែរដែលភាគច្រើនអាចបម្រើដល់វិស័យសេវាកម្មសណ្ឋាគារ អគារការិយាល័យ និងអាផាតមិន ខណៈដែលផែនការអភិវឌ្ឍន៍និងប្រើប្រាស់ដីធ្លីប្លង់គោលឆ្នាំ២០៣៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសជាផ្លូវការ។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ Krama Post ថា ក្រុងសៀមរាបនៅពេលបច្ចុប្បន្ននេះ កំពុងតែប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួនក្រោមការយកចិត្តទុកដាក់យ៉ាងសំខាន់ និងបណ្តាក់ទុនវិនិយោគខ្ទង់ពាន់លានដុល្លារ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី៣ប្រចាំប្រទេស។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា ជាមួយនឹងកិច្ចដំណើរការអភិវឌ្ឍន៍យ៉ាងសកម្ម នៅពេលបច្ចុប្បន្នគួបផ្សំជាមួយនឹងប្លង់គោលប្រើប្រាស់ដីធ្លីនៅទូទាំងខេត្ត គឺជាសញ្ញាវិជ្ជមានសម្រាប់ខេត្តក្រុងសៀមរាបទាំងមូល ដែលអាចផ្តល់នូវទំនុកចិត្តដល់បណ្តាអ្នកវិនិយោគនិងអភិវឌ្ឍន៍។
លោកឧកញ៉ា សំ សុខនឿន បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ប្លង់គោល គឺជាផែនទីដ៏ជាក់ច្បាស់ដែលបានផ្តល់នូវទំនុកចិត្តដល់បណ្តាអ្នកវិនិយោគជាតិ-អន្តរជាតិ ក្នុងការជ្រើសរើសទីតាំងសម្រាប់គម្រោងរបស់ខ្លួនដោយគ្មានភាពប្រថុយប្រថាននោះទេ ព្រោះបានចង្អុលបង្ហាញពីតំបន់ដែលត្រូវអភិរក្ស តំបន់ដែលត្រូវអភិវឌ្ឍន៍សំណង់ និងជាតំបន់ដែលត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រចាំខេត្តក្រុង និងស្រុកយ៉ាងច្បាស់លាស់»។
លោកឧកញ៉ាបានបន្តថា៖ «យើងឃើញហើយថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងខិតខំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទាំងក្រុង៣៨ខ្សែយ៉ាងសកម្មហើយក្រៅពីនេះ នៅមានការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីរួមជាមួយគម្រោងអភិវឌ្ឍន៍ ដែលវិនិយោគដោយវិស័យឯកជនដូចជាបុរី បណ្តុំលំនៅដ្ឋានទំនើបគម្រោងអភិវឌ្ឍន៍ដីឡូត៍ព្រោងព្រាតដែលសុទ្ធតែជាចលករយ៉ាងសំខាន់ ក្នុងការកែប្រែសោភ័ណភាពខេត្ត ក្រុង ឲ្យមានភាពស្រស់ស្អាតនិងទាក់ទាញស័ក្ដិទៅនឹងប៉ូលសេដ្ឋកិច្ចពិសេស និងជាប៉ូលបេតិកភ័ណ្ឌ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ពិភពលោក»។
ជាមួយនឹងការលើកឡើងពីភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តខាងលើនេះ លោកឧកញ៉ា សំ សុខនឿន ក៏បានបង្ហាញពីក្ដីរំពឹងប្រកបដោយភាពជឿជាក់ថា សម្រាប់ថ្ងៃអនាគតដ៏ខ្លីខាងមុខនេះក្រោយពេលបញ្ហានៃវិបត្តិកូវីដត្រូវបានទប់ស្កាត់ជាស្ថាពរ ជាពិសេសក្រោយពេលគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់នោះនឹងមានគម្រោងគម្រោងវិនិយោគ និងអភិវឌ្ឍន៍ពីវិស័យឯកជនថ្មីៗបន្ថែមទៀត ដែលក្នុងនោះគម្រោងសាងសង់សំណង់អគារពាណិជ្ជកម្មចំរុះ គម្រោងសណ្ឋាគារ ខុនដូនិងអាផាតមិន ក៏នឹងមានរូបរាងឡើង ដើម្បីបម្រើនិងបំពេញតម្រូវការនៅក្នុងខេត្តក្រុងទាំងមូល ខណៈដែលបច្ចុប្បន្ននេះវត្តមាននៃសំណង់អគារខ្ពស់នៅមានកម្រិតនៅឡើយ៕