ខេត្តកំពង់ស្ពឺ៖ ស្ទើរតែរាល់ខែ ទឹកដីខេត្តកំពង់ស្ពឺ តែងទទួលបានគម្រោងវិនិយោគនិងអភិវឌ្ឍន៍ថ្មីចូលបន្ថែមពីលើគម្រោងចាស់ជាហូរហែ ដែលត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាបណ្តុំសំណង់លំនៅដ្ឋាន ជាពិសេសគម្រោងអភិវឌ្ឍន៍ដីឡូត៍ ខណៈដែលខេត្តមយចំនួននៅតែបន្តភាពស្ងប់ស្ងាត់នៅឡើយចាប់តាំងពីដើមឆ្នាំ២០២១រហូតមក។
យ៉ាងហោចណាស់មានគម្រោងវិនិយោគនិងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្ម និងរោងចក្រមិនតិចជាង២០គម្រោងដែលមានតម្លៃសរុបរាប់សិបលានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដោយនៅមិនទាន់រាប់បញ្ចូលនូវគម្រោងវិនិយោគ និងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋាន និងដីឡូត៍ដែលកំពុងដំណើរការលក់នៅឡើយនោះទេ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ ដោយបង្ហាញពីក្ដីសាទរចំពោះរាល់គម្រោងវិនិយោគថ្មីៗទាំងក្រុមហ៊ុនជាតិនិងអន្តរជាតិ ជាមួយនឹងការព្យាយាមជួយសម្របសម្រួលផ្នែកគតិយុត្តធ្វើយ៉ាងណាឲ្យការវិនិយោគ និងគម្រោងអភិវឌ្ឍន៍ទាំងអស់អាចដំណើរការបានដោយរលូននិងជោគជ័យខ្ពស់នៅក្នុងខេត្តមួយនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «កំពង់ស្ពឺ មានអំណោយផលលើកត្តាភូមិសាស្ត្រ សម្រាប់វិស័យឧស្សាហកម្ម កសិកម្ម និងរោងចក្រ ព្រោះមានផ្លូវជាតិលេខ៤ ជាសរសៃឈាមសំខាន់បម្រើដល់វិស័យដឹកជញ្ជូនផលិតផលនិងទំនិញចេញទៅកំពង់ផែអន្តរជាតិ ហើយនៅមានផ្លូវជាច្រើនខ្សែទៀតដែលអាចផ្តល់ភាពងាយស្រួលក្នុងតភ្ជាប់ទៅកាន់ខេត្តក្រុងដែលមានព្រំប្រទល់ជាមួយគ្នា»។
ឯកឧត្តមបន្តថា៖ «វាជការពិត អ្នកវិនិយោគមុនពេលគេដាក់ទុនចូលមករកស៊ី គឺសុទ្ធតែបានឆ្លងកាត់នូវការសិក្សាលម្អិតពីកត្តាភូមិសាស្ត្រ និងឱកាសចំណេញរបស់ពួកគេ ដែលវាមិនមែនជាការរកស៊ីដោយភាពប្រថុយប្រថាននោះទេ។ បច្ចុប្បន្ន មិនថាចំពោះផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ លេខ៤១ ដែលត្រៀមនឹងស្ថាបនាឡើងវិញ ផ្លូវលេខ៤៤ គឺសុទ្ធតែមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ រួមជាមួយនឹងការសាងសង់បណ្តុំលំនៅដ្ឋានផងដែរ ហើយទាំងអស់នេះសុទ្ធតែជួយជំរុញឲ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមានភាពកំណើននិងមានភាពល្អប្រសើរជាបន្តបន្ទាប់»។
លោក សុខ ប៊ុនធឿន ដែលជាអ្នកទទួលលក់គម្រោងអភិវឌ្ឍន៍ដីឡូត៍ បានមានប្រសាសន៍ថា បើទោះជាស្ថិតនៅក្នុងបរិបទនៃកូវីដនាពេលក៏ដោយ ការលក់ដីឡូត៍នៅតែមាន ទាស់ត្រង់ថា ធ្លាក់ចុះអត្រាបន្តិចបើប្រៀបធៀបទៅនឹងការលក់កាលពីដើមឆ្នាំ២០២០។
លោកបញ្ជាក់ថា គម្រោងដីឡូត៍ដែលក្រុមទីផ្សាររបស់លោកទទួលលក់នៅពេលនេះ មានច្រើនទីតាំងទាំងនៅជិតផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤១ ហើយតម្លៃដីនៅផ្លូវជាតិលេខ៤៤ មួយឡូត៍ទំហំ៥ x ២០ សម្រាប់សាងសង់លំនៅដ្ឋានត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦,០០០ដុល្លារឡើងទៅ ហើយសម្រាប់ដីនៅផ្លូវជាតិលេខ៤វិញ ត្រូវបានដាក់លក់ចាប់ពី ១២,០០០ដុល្លារឡើងទៅក្នុងមួយឡូត៍៕