បច្ចុប្បន្ន ចំនួននៃការប្រកាសលក់អចលនវត្ថុមានចំនួនកើនឡើងខ្លាំងជាងធម្មតា ធៀបទៅនឹងអត្រាដែលមានជារៀងរាល់ឆ្នាំ ប៉ុន្តែមិនអាចនិយាយបានទេថា ការប្រកាសលក់ទាំងអស់នោះសុទ្ធតែអាចលក់ចេញ និងទទួលបានតម្លៃដូចការគ្រោងទុកនោះទេ។
តាមរយៈការកត់ត្រានៅក្នុងតម្រាទិញ-លក់អចលនទ្រព្យមានប្រសិទ្ធភាពខ្ពស់ បានបញ្ជាក់ថា ការលក់អចលនវត្ថុដែលអាចទទួលបានតម្លៃថ្លៃលើទីផ្សារ ឬទាបជាងទីផ្សារ គឺអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន៤ ដែលម្ចាស់អចលនវត្ថុប្រកាសលក់ត្រូវស្វែងយល់ឲ្យបានច្បាស់។ ចំណុចសំខាន់ទាំង៤នោះរួមមានដូចជា ៖
១.អាយុកាល៖ រូបរាងពណ៌សម្បុរនៃតួរអគាររបស់អ្នក ប្រៀបដូចពេលដែលអ្នកទៅជួបមនុស្សថ្មីជាលើកដំបូងដែលគួរចាប់អារម្មណ៍ ឬគ្មានការចាប់អារម្មណ៍ ( Frist Impression) ដូចនេះ វាមានសារៈសំខាន់ណាស់ក្នុងការចរចាតម្លៃ។ កញ្ចក់ទ្វារប្រេះស្រាំ បង្អួចចាស់ ជញ្ជាំងផ្ទះមានស្នាមស្លែជាដើម វានឹងអាចប្រាប់ពីអាយុកាលរបស់អគារ ទៅកាន់អតិថិជនជាក់ជាមិនខាន។
២.ការជួសជុលនិងរចនាឡើងវិញ ៖ ការឌីសាញ ឬរចនាផ្នែកខាងក្នុងនៃអគារ ក៏ជាកូនសោរមួយដ៏សំខាន់ផងដែរ ដែលម្ចាស់សំណង់ឬម្ចាស់អគារគួរតែពិចារណា ពីព្រោះថា វាអាចបញ្ជាក់ពីបរិយាកាសដែលមានតម្លៃសម្រាប់អ្នករស់នៅ ដូចនេះច្បាស់ណាស់វានឹងជះឥទ្ធិពលខ្លាំងដូចគ្នាជាមិនខានសម្រាប់ការផ្តល់នូវទំហំនៃតម្លៃចរចា។
៣.កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់ ៖ តើអចលនវត្ថុរបស់អ្នក ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនណា និងអ្នកម៉ៅការណាមួយ។ កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់ ក៏ជាកម្រិតនៃទំនុកចិត្តរបស់ពួកគេ ដែលវានឹងមានឥទ្ធិពលមកលើតម្លៃអចលនវត្ថុរបស់អ្នកមានផលប៉ះពាល់ដូចគ្នា។
៤.ទីតាំង៖ បញ្ហាទាំង៣ចំណុចខាងលើនេះ ទោះជាបានប៉ះពាល់តិច ឬច្រើនក្តីទៅលើតម្លៃអចលនវត្ថុរបស់អ្នក ប៉ុន្តែបើទីតាំងរបស់អ្នកនៅតែមិនទាន់មានមនុស្សមករស់នៅច្រើន ឬមានសកម្មភាពពាណិជ្ជកម្មច្រើនទេនោះ ប្រាកដណាស់ថាតម្លៃរបស់វាក៏នឹងមិនងាយលក់ចេញបានខ្ពស់ដូចការគ្រោងទុករបស់អ្នកនោះដែរ៕