ភ្នំពេញ៖ ឈានចូលមកដល់ចុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅតែមានសក្តានុពលល្អក្នុងការវិនិយោគ ដោយសារមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន រោងចក្រ និងឃ្លាំងជាច្រើន ជាពិសេសនឹងក្លាយជាច្រកសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូនដ៏សំខាន់នៃភាគខាងត្បូងរាជធានីភ្នំពេញ ខណៈគម្រោងផ្លូវនេះ បាននឹងកំពុងមានការស្ថាបនាជាបណ្ដើរៗហើយ។

នាយិកាក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា លោកស្រី អាន សុធីតា បានថ្លែងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២នេះ គឺមានសក្តានុពល និងអំណោយផលទាំងការអភិវឌ្ឍលំនៅដ្ឋាន ទាំងការវិនិយោគក្នុងវិស័យឧស្សាហកម្ម ហើយតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះក៏កំពុងបន្តឡើងថ្លៃ។ 

លោកស្រីបន្តថា បើគិតពីផ្លូវបំបែកផ្លូវ៦០ម៉ែត្រ មកផ្លូវជាតិលេខ២ តម្លៃមានការកើនឡើងថ្លៃពី១០០ ទៅ ៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រកការ៉េ រហូតដល់ផ្លូវបំបែកលេខ២០ ត្រង់រង្វង់មូលគួរស្រូវ ពោលគឺឡើងទ្វេងដង បើធៀបនឹង២ឆ្នាំមុន ដោយសារមានកត្តាជាច្រើន ដូចជាជាតំបន់សាងសង់លំនៅដ្ឋាន តំបន់ជាយក្រុងងាយស្រួលក្នុងធ្វើដំណើរចូលក្រុង និងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មខ្នាតតំបន់ពាណិជ្ជកម្មផ្សេងៗ។

ដោយឡែកបើគិតពីរង្វង់មូលគួរស្រូវទៅចូលស្រុកកណ្តាលស្ទឹង តម្លៃដីនៅតាមបណ្តោយផ្លូវនេះ មិនមានការរឡើងថ្លៃប៉ុន្មានទេ អាចស្ថិតក្នុងចន្លោះពី ៨០ ទៅ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយ តម្លៃដីធ្លីវាអាចនឹងប្រែប្រួលទៅតាមប្រភេទដី និងទីតាំងដែលមានសក្តានុពល។ 

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co., Ltd. បានថ្លែងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ២ ចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ និងការស្ថានាការពង្រីកផ្លូវជាតិ  ខណៈដែលផ្លូវនេះមានសក្តានុពលផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម រោងចក្រ និងតភ្ជាប់ទៅខេត្តកំពត និងខេត្តព្រះសីហនុ ព្រមទាំងឆ្ពោះរហូតទៅដល់ព្រំដែនវៀតណាមជាដើម។ 

លោកបន្តថា តម្លៃដីធ្លីនឹងនៅតែកើនឡើង ២ ទៅ ៣ ដង គ្រាន់តែនៅដីម្តុំរង្វង់គួស្រូវ បានកើនឡើងពីចន្លោះ ១០០ ទៅ ២៥០ ដុល្លារអាមេរិក ព្រោះជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ទីប្រជុំជនស្រាប់។ កាលណាមានការអភិវឌ្ឍ មានកំណើនប្រជាជនរស់នៅ និងប្រកបអាជីវកម្ម គឺមានតម្រូវការដីធ្លីយកទៅប្រើប្រាស់កាន់តែកើនឡើង។ 

គួរកត់សម្គាល់ផងដែរថា ផ្លូវជាតិលេខ២នេះ កំពុងដំណើរការស្ថាបនា ពង្រីក និងកែលម្អ បន្ទាប់ពីបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២។ ផ្លូវជាតិមួយខ្សែនេះ នឹងដើរតួជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់កម្ពុជា ដោយតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣  និងជាពិសេសតភ្ជាប់ផ្លូវ៦០ម៉ែត្រ និងផ្លូវលេខ២០ ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលតិច៕