សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មិនថាការសម្ភាសក្នុងទម្រង់បែបណាទោះជាសម្ភាសផ្ទាល់មុខក្ដី សម្ភាសតាមទូរសព្ទ ឬតាមវីដេអូក្ដី បេក្ខភាពទាំងអស់ត្រូវតែត្រៀមខ្លួនឱ្យបាន​ស្រេច​បាច់​ទាំង​ព្រមដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្វែងរកការងារ​ថ្មី​ដែល​អ្នក​កំពុង​តែ​ដាក់ពាក្យ​នេះ។ ក្រៅ​ពី​ការ​ត្រៀម​ខ្លួន​ដោយការ​ស្លៀកពាក់​ត្រឹម​ត្រូវ ការ​មក​ដល់​មុន​ម៉ោង​កំណត់ អ្នក​ក៏​ត្រូវ​ដឹង​ខ្លះៗ​អំពី​សំណួរ​ដែល​គួរ​ត្រៀម​ក្នុង​ការ​ឆ្លើយតប​ពេល​សម្ភាស​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​សំណួរ​សំខាន់ៗ​ទាំង​៦​ដែល​អ្នក​ដឹង​តែ​ត្រូវ​ឆ្លើយ​ក្នុង​ពេល​សម្ភាស​ការងារ៖

 

១. ចូររៀបរាប់អំពីខ្លួនអ្នក

នេះប្រហែលជាសំណួរដំបូងគេក្នុងការចាប់ផ្ដើមការសម្ភាសរបស់បេក្ខជនហើយអ្នកដែលសួរសំណួរនេះក៏មិនមែនដើម្បីកម្សាន្ត ឬលេងសើចដែរ។ អ្វីដែលអ្នក​សួរសំណួរនេះចង់ឱ្យបេក្ខជនបញ្ចូលក្នុងចម្លើយរបស់ពួកគេមានដូចជា៖

  • តើអ្នកមានបទពិសោធន៍អ្វីដែលសមស្របជាមួយការងារដែលអ្នកកំពុងតែដាក់ពាក្យដែរឬក៏អត់?
  • តើអ្នកមានសមត្ថភាពអ្វីពិសេស បើធៀបជាមួយបេក្ខជនដទៃ?
  • តើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកត្រូវជាមួយការងារដែលអ្នកកំពុងដាក់ពាក្យនេះឬអត់?

គន្លឹះក្នុងការឆ្លើយសំណួរនេះអ្នកអាចចាប់ផ្ដើមដោយនិយាយអំពីអ្វីដែលធ្វើឱ្យអ្នកស្រលាញ់ការងារ ឬអាជីពរបស់អ្នកសមិទ្ធផលដែលអ្នកសម្រេចបានក្នុងអាជីពពីមុន ផែនការការងាររបស់អ្នកបច្ចុប្បន្ន និងហេតុផលនៃការកំណត់ផែនការនេះជាដើម។

២.តើអ្នកស្គាល់ក្រុមហ៊ុនយើងតាមរយៈអ្វី?

បេក្ខជនភាពច្រើនតែងឆ្ងល់ថា ហេតុអ្វីអ្នកសម្ភាសសួរសំណួរនេះ។ ចម្លើយគឺក៏ព្រោះពួកគេចង់ដឹងថាតើអ្នកបានស្រាវជ្រាវពីក្រុមហ៊ុនគេ មុននឹងមកសម្ភាសនេះដែរឬទេ។ ពួកគេក៏ចង់ដឹងថា តើអ្នកមានបានស្វែងយល់ថាតើក្រុមហ៊ុនរបស់ពួកគេស័ក្ដិសមសម្រាប់ជាកន្លែងការងារក្នុងក្ដីស្រមៃរបស់អ្នកដែរឬក៏អត់។ 

គន្លឹះដើម្បីឆ្លើយសំណួរនេះឱ្យបានល្អ អ្នកមិនគួរអាន ឬសូត្រឡើងវិញនូវព័ត៌មានដែលមាននៅលើទំព័រមុខរបស់វិបសាយក្រុមហ៊ុនឡើយព្រោះវាមិនមែនជាការស្រាវជ្រាវទេ តែវាជាការចាំមាត់ទៅវិញ។ ចូរជ្រើសរើសព័ត៌មានសំខាន់ៗ១ ឬ២ដែលបង្ហាញពីចំណុចខ្លាំងរបស់ក្រុមហ៊ុន ដូចជាបេសកកម្មចក្ខុវិស័យ ឬផលិតផល/សេវាកម្មរបស់ក្រុមហ៊ុនជាដើម។ អ្នកអាចពន្យល់ពីអ្វីដែលធ្វើឱ្យអ្នកស្ញប់ស្ញែងទាក់ទងនឹងក្រុមហ៊ុននិងថាតើវាអាចទាក់ទាញអ្នកឱ្យមកដាក់ពាក្យតាមរបៀបណា។

៣. ហេតុអ្វីអ្នកឈប់ពីការងារមុន?

ត្រូវចាំ​ថា ពេលអ្នកសម្ភាស​សួរ​សំណួរ​នេះមិន​មែន​បាន​ន័យ​ថា​ពួក​គេ​ចង់​ដឹង​រឿ​ង​ផ្ទាល់​ខ្លួន​របស់​អ្នក​ពេក​នោះ​ទេ តែ​គឺ​ពួក​គេ​ចង់​ដឹង​អំពី​មូល​ហេតុ​ដែល​អ្នក​ឈប់​ពី​ការងារ​មុននិង​ដើម្បី​ចង់​ដឹង​ថា​តើ​អ្នក​អាច​នឹង​ជួប​ជាមួយ​ស្ថានការណ៍​ដែល​អ្នក​បាន​ជួប​កាល​ពី​មុន​ដែរ​ឬ​ក៏​អត់។ ប្រសិន​បើ​ស្ថានការណ៍​ដែល​អ្នក​បាន​ជួប​ដូច​គ្នា​នឹង​អ្វី​ដែល​នឹង​មាន​នៅ​កន្លែង​ការងារ​ថ្មី​នេះនោះ​អ្នក​សម្ភាស​អាច​នឹង​គិត​ថា​អ្នក​ប្រហែល​ជា​មិន​សូវ​ស័ក្ដិសម​សម្រាប់​ប្រឈម​ជាមួយ​ការងារ​ថ្មី​នេះ​ឡើយ។

គន្លឹះ​ដើម្បីឆ្លើយ​សំណួរ​នេះ ត្រូវ​តែ​និយាយ​ដោយ​បង្ហាញ​ភាព​ស្មោះ​ត្រង់​អំពី​អ្វី​ដែល​បាន​កើត​ឡើងដោយ​ពាក្យ​សម្ដី​បង្ហាញ​ការ​គោរពនិង​បង្ហាញ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​របស់​អ្នក​ក្នុង​អំឡុង​ពេល​ការងារ​មុន។ មួយ​វិញ​ទៀត ប្រសិន​បើ​ហេតុផល​នៃ​ការឈប់​របស់​អ្នក​អាច​មិន​មែន​ជា​រឿង​ល្អអ្នក​ក៏​មិនគួរ​ជ្រើស​រើស​យក​ការ​និយាយ​អាក្រក់​ពី​កន្លែង​ ឬ​មេ​ចាស់​របស់​អ្នក​ដែរ ព្រោះ​វា​បង្ហាញ​ពី​អាកប្បកិរិយាមិនល្អ។ អ្នក​អាច​ប្ដូរ​ទៅ​ជា​និយាយ​ពី​អ្វី​ដែល​អ្នក​ចង់​ស្វែង​រក​នៅ​កន្លែង​ថ្មី​ដើម្បី​សម្រេច​គោលដៅ​ការងារ​វិញ​ទើប​ជាការ​ប្រសើរ។

៤.ហេតុ​អ្វី​អ្នក​ចង់​ធ្វើ​ការ​នៅទីនេះ?

អ្នក​សម្ភាស​សួរ​សំណួរ​នេះ​ព្រោះ​ពួក​គេ​ចង់​ដឹង​អំពី​គោលដៅអាជីព​ការងារ​របស់​អ្នកនិង​ដឹង​ថា​តើ​ផែនការ​របស់​អ្នក​ស័ក្ដិសម​ជាមួយ​តួនាទី​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យ​កម្រិត​ណា។ ធម្មតា​និយោជក​ចង់​បាន​បុគ្គលិក​ដែល​មាន​ឆន្ទៈ​ធ្វើការងារ។ ដូច្នេះហេតុផលដែល​អ្នក​ដាក់​ពាក្យមក​ធ្វើ​ការ​នៅ​កន្លែង​ពួក​គេ​គឺ​ជា​ឧបករណ៍​ដើម្បី​វាស់ស្ទង់​អំពី​ទឹក​ចិត្ត​ស្រលាញ់​ការងារនិង​ឆន្ទៈ​របស់​អ្នក​នេះ​ហើយ។

គន្លឹះដើម្បីឆ្លើយសំណួរនេះចូរប្រាប់អ្នកសម្ភាសនូវអ្វីដែលអ្នកចាប់អារម្មណ៍ទាក់ទងនឹងក្រុមហ៊ុន បរិយាកាសការងារនៅទីនោះ ក៏ដូចជាតួនាទីដែលអ្នកកំពុងដាក់ពាក្យ។ មិនខុសពីសំណួរទី២ ការស្រាវជ្រាវអំពីក្រុមហ៊ុនអាចជួយអ្នកឱ្យត្រៀមខ្លួនឆ្លើយសំណួរទាំងនេះបានយ៉ាងមានទំនុកចិត្ត។

៥. តើអ្នកសង្ឃឹមថានឹងរៀនសូត្រអ្វីពីតួនាទីនេះ?

សំណួរនេះ អ្នកសម្ភាសនៅតែចង់ដឹងពីឆន្ទៈការងាររបស់អ្នក។ ក្រៅពីនេះ ពួកគេក៏ចង់ដឹងថាតើអ្នកគឺជាមនុស្សដែលចូលចិត្តរៀនសូត្រពីការងារ ពីមនុស្សជុំវិញខ្លួនដើម្បីរីកចម្រើនដែរឬអត់ផងដែរ។

គន្លឹះដើម្បីឆ្លើយសំណួរនេះអ្នកគួរតែផ្ដោតអារម្មណ៍លើបទពិពណ៌នាការងារ (JD) ដែលអ្នកកំពុងដាក់ពាក្យពេលនេះ ហើយមើលថាតើមានចំណុចណាខ្លះដែលអាចឱ្យអ្នកបានរៀនសូត្របន្ថែមបាន។

៦.តើអ្នករំពឹងប្រាក់ខែប៉ុន្មានពីតួនាទីនេះ?

សំណួរនេះច្រើនតែត្រូវបានចោទសួរមុនពេលឈានទៅដល់សំណួរ “តើអ្នកមានអ្វីចង់សួរមកពួកយើងវិញឬអត់?”។ ជាទូទៅអ្នកសម្ភាសចង់ដឹងថាតើក្រុមហ៊ុនអាចផ្ដល់ប្រាក់ខែដល់អ្នកស្របទៅនឹងការរំពឹងទុករបស់អ្នកដែរឬក៏អត់។និយាយម្យ៉ាងទៀត អ្នកសម្ភាសតែងប្រើសំណួរនេះដើម្បីចម្រាញ់ចំនួនបេក្ខជនដែលកំពុងដាក់ពាក្យក្នុងតួនាទីជាក់លាក់មួយផងដែរ។

សំណួរនេះអាចមានការលំបាកតិចតួចដល់បេក្ខជនព្រោះពួកគេមិនសូវហ៊ានឆ្លើយក្នុងចំនួនជាក់លាក់ អាចគិតថាតិចពេកឬច្រើនពេកដែលមិនសមនឹងតួនាទីនេះ។ ដូច្នេះគន្លឹះដើម្បីឆ្លើយសំណួរនេះ អ្នកគួរតែស្រាវជ្រាវជាមុនថាតើតួនាទីប្រហាក់ប្រហែលនេះនៅក្រុមហ៊ុនផ្សេងប៉ុន្មាន (តម្លៃចន្លោះ) ដើម្បីអាចយកមកថ្លឹងថ្លែងជាមួយអ្វីដែលអ្នកនឹងឆ្លើយតបទៅគេនោះ៕