ជាទូទៅគេតែងសង្កេតឃើញមានមនុស្សជាច្រើនលើកឡើងថា ការរំពឹងចំណូលតែមួយមុខ ពីការទទួលបានពីការធ្វើការ ដោយទទួលបានតែប្រាក់ខែ គឺវាមិនទាន់គ្រប់គ្រាន់សម្រាប់ជីវភាពនៅឡើយនោះទេ ហើយវាក៏ជាការប្រឈមទៅនឹងហានិភ័យខ្ពស់ផងដែរ។

តាមការសិក្សាស្រាវជ្រាវ ពីបុគ្គលដែលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន ២៣៣ នាក់ ឃើញថាពួកគេជិតចំនួន២ភាគ៣ (៦៥%) មានចំណូលចំនួន៣ប្រភព។ វាជាការសមហេតុផលម្យ៉ាងដែរ ព្រោះបើប្រភពចំណូលណា១មានបញ្ហា នោះក៏មិនបង្ករហានិភ័យធ្ងន់ធ្ងរនោះដែរ។ លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញដែរថា ដើម្បីបង្កើតប្រភពចំណូលច្រើន គឺពួកគេធ្វើនូវទង្វើរច្រំដែលៗ ពោលគឺ: “សន្សំ រៀន វិនិយោគ និងបន្តវិនិយោគនូវផលចំណេញបានមកពីការវិនិយោគនានា”។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងថា «តើអ្នកបង្កើតអាជីវកម្មដើម្បីអ្វី ? អាជីវកម្មបង្កើតថ្មីជាច្រើនដែលជោគជ័យនាពេលបច្ចុប្បន្ន គឺបង្កើតឡើងដោយគោលបំណងដ៏វិសេសវិសាល ក្នុងការដោះស្រាយបញ្ហាសង្គម ។ នេះបើតាមសម្តីលោក Mark Lim នាយកគ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាន នៃក្រុមហ៊ុនវិនិយោគរបស់សឹង្ហបុរី Temasek។ 

ជារឿយៗប្អូនៗយុវជនតែងប្រាប់ខ្ញុំថា គាត់បង្កើតអាជីវកម្មព្រោះខ្ជិលធ្វើការឱ្យគេ ចង់ក្លាយជាអ្នកមាន ឬចង់បង្កើតស្នាដៃដោយខ្លួនឯង។ល។ ខ្ញុំសូមផ្តល់យោបល់ថា គោលបំណងទាំងនេះ ពិបាកនឹងធ្វើឱ្យជោគជ័យណាស់ ព្រោះមិនបានចូលរួមដោះស្រាយបញ្ហារបស់សង្គមនោះទេ។

លោក ង៉ែត ជូ បានផ្តល់ជាគន្លឹះផងដែរថា ៖ «ប្រសិនបើអ្នកចង់ដើរចេញពីជីវិតរស់នៅ ដោយរំពឹងតែទៅលើប្រាក់ខែ អ្នកត្រូវតែពិចារណាទៅចំណុចសំខាន់ៗចំនួន៦ ៖ លោកបានបញ្ជាក់ថា ៖ «ចំណុចសំខាន់ៗ៦យ៉ាង ដែលអ្នកគួរដឹងប្រសិនបើចង់ចាកចេញពីជីវិតរស់នៅដោយសារប្រាក់ខែ រួមមានដូចជា ៖ ទី១- ស្គាល់ពីភាពខុសគ្នារវាងទ្រព្យ និងបំណុល រួចផ្តោតលើការសន្សំទ្រព្យ។ ទី២ - ពង្រឹងចំណេះដឹងហិរញ្ញវត្ថុតាមរយៈការអាន ការប្រឹក្សាយោបល់ជាមួយអ្នកមានបទពិសោធន៍ និងការអនុវត្តផ្ទាល់។ ទី៣- បង្កើតប្រភពចំណូលអោយបានយ៉ាងតិច២ឬ៣ប្រភព។ ទី៤- មានជំនាញក្នុងការលក់បើទោះអ្នកមិនមែនជាបុគ្គលិកផ្នែកលក់ក៏ដោយ។ ទី៥- បង្កើតឬស្វែងរកឱកាសអោយបានច្រើន ប៉ុន្តែត្រូវចេះជ្រើសរើស និងផ្តោតលើឱកាសដែលសមស្របនឹងលក្ខណៈសម្បត្តិរបស់អ្នក។ ទី៦- ភាពភ័យខ្លាច និងការសង្ស័យជាឧបសគ្គដែលយើងត្រូវជំនះ»។

ដូច្នេះ ចំពោះអ្នកដែលមានបំណងចង់ចាកចេញពីជីវិតជាអ្នកស៊ីប្រាក់ខែ ជាថ្នូរនឹងការបំពេញការងារឱ្យគេ ហើយងាកមកបង្កើតអាជីវកម្មជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយអាចជៀសផុតពីហានិភ័យបាន គួរធ្វើការពិចារណាទៅលើចំណុចសំខាន់ៗទាំង៦ ដែលអ្នកជំនាញបានលើកឡើងខាងនេះ ៕