សម្រាប់​នារី​ៗ​បើ​និយាយ​​ទៅ​លើ​រឿង​ផែន​ការ​ហិរញ្ញវត្ថុ​ គឺ​ច្រើន​ប្រឈម​នឹង​បញ្ហា​ខ្លះ​ជាង​បុរស​ៗ។ បញ្ហា​នោះ​គឺ​ដោយ​សារ​តែ​​ឱកាស​​ដើម្បី​ទទួល​បាន​​គំនិត​ហិរញ្ញវត្ថុ​​មួយ​ចំនួនក៏​ដូច​ជា​ពី​​បណ្តាញ​​មិត្តភក្តិ​ដើម្បី​ទទួល​បាន​ព័ត៌មាន​​អំពី​ការ​វិនិយោគ​ជា​ដើម​។យ៉ាង​ណា​មិញ នៅ​ក្នុង​អត្ថបទ​នេះ នឹង​ចែក​រំលែក​​នូវ​​ចំណេះ​ដឹង​​ខ្លះ​​ៗសម្រាប់​ផែន​ការ​រៀប​ចំ​ស្ថានភាព​ហិរញ្ញវត្ថុ​ នៃ​អំឡុង​ពេល​វិបត្តិ​ COVID-19 ពិសេស​អ្នក​ដែល​មាន​គ្រួសារ​និង​​មាន​ទំនួល​ខុស​ត្រូវ​ចាត់​ចែង​ទៅ​លើ​ហិរញ្ញវត្ថុ​គ្រួសារ​ជា​ដើម​៖

. បង្កើត​និង​សម្គាល់​ខ្ទង់​ថវិកា​ផ្ទាល់​ខ្លួន

​​មុន​ពេល​អាច​ឈាន​ដល់​​​ការ​បង្កើន​ចំណូល​ថ្មី​ថែមហោច​ណាស់​អ្នក​ក៏​បាន​ និង​គួរ​ដឹង​ខ្លះ​ពី​​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អ្នកដើម្បី​ទាញ​ប្រយោជន៍​ពី​វា​បន្ថែម។ ជា​ឧទាហរណ៍​អ្នក​អាច​​ផ្តោត​លើ​ខ្ទង់​ចំណាយ​ដែល​ចាំ​បាច់​​បំផុតដូច​ជា​ការ​ខ្ទង់​​ចំណាយ​លើ​សំលៀក​បំពាក់ អាហារ វិនិយោគរួម​ទាំង​​ការ​ដើរ​កម្សាន្ត​​ខ្លះ​ៗ...​។

នៅ​ពេល​ដែល​អ្នក​បែង​ចែក​ខ្ទង់​ចំណាយ​​ប្រភេទ​សំខាន់​នោះ​​សម្រាប់​ជា​ប្រចាំ​ឆ្នាំឬ​ប្រចាំ​ខែ​បាន​រួច​រាល់​ នោះ​ការ​ចំណាយ​របស់​អ្នក​នឹង​កាន់​តែ​មាន​ប្រសិទ្ធិភាព​ល្អ​ដោយ​ផ្តោត​សំខាន់​តែ​លើ​គោល​ដៅ​​នោះនិង​ជៀស​វាង​ការ​​រំខាន​ពី​ចំណាយ​ដែល​មិន​ចាំ​បាច់។ ដូច​នេះ​អ្នក​អាច​យល់​ច្បាស់​ពី​ប្រភព​ចំណូល​របស់​អ្នកក៏​ដូច​ជា​ការ​ត្រៀម​ឱកាស​សម្រាប់​ស្វែង​រក​ប្រភព​ចំណូល​ថ្មី​បន្ថែម​​ផងដែរពិសេសនៅក្នុងអំឡុងពេលប្រឈមនឹងស្ថានភាពពិបាកខ្លះៗពី COVID-19។

២. រៀន​កាត់​បន្ថយ​ចំណាយ​ខ្លះតាម​រយៈ​ការ​វិនិយោគ​លើ​ចំណេះ​ដឹង​

ជា​វិធី​ដែល​អាច​ជួយ​អ្នក​គ្រប់​គ្រង​ចំណាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​​បាន​យូរ​​ត​ទៅ​មុខការ​វិនិយោគ​​លើ​ចំណេះ​ដឹង​​សំខាន់​ៗ​ខ្លះ ក៏​នឹង​ជួយ​អ្នក​ផង​ដែរ តួយ៉ាង​ ការ​ចំណាយ​លើ​ការ​រៀន​មុខ​វិជ្ជា​ខ្លី​ៗដែល​អាច​ប្រើ​ប្រាស់​បាន ដូ​ច​ជា​​ការ​រៀន​អំពី​ទីផ្សារ មុខ​វិជ្ជា​​គណនាឬ​ប្រកាស​ពន្ធ​ ឬ​​របៀប​វិនិយោគ​ជា​ដើម​។ ចំណេះ​វិជ្ជា​ទាំង​អស់​នេះមិនថាអ្នករៀនពីសិក្ខាសាលា ឬការរៀននៅលើអ៊ិនធើណេតនឹង​អាច​ជួយ​អ្នក​ឱ្យ​​មាន​ភាព​វៃ​ឆ្លាត​​លើ​ការ​ចំណាយ​ថវិកា​ត្រឹម​ត្រូវក៏​ដូច​ជា​បង្កើន​តម្លៃ​អ្នក​ផង​ដែរ សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​អ្នកក៏​ដូច​ជា​ស្ថាប័ន​ដែល​អ្នក​​បំពេញ​ការងារ​ផង។ 

៣. ផែន​ការ​សម្រាប់​ពេល​ចាស់​ទៅ

ប្រាកដ​ណាស់ផែន​ការ​ហិរញ្ញវត្ថុ​គឺ​មាន​ជម្រើស​ជា​ច្រើន ពិសេស​ផែន​ការ​សម្រាប់​អ្នក​ពេល​ចាស់​ទៅដែល​អ្នក​អាច​ជ្រើស​រើស​ទិញ​សេវា​នោះ ឬ​អាច​ធ្វើ​វា​ដោយ​ខ្លួ​ន​ឯងទោះជាក្នុងពេលស្ថានភាពលំបាកខ្លះៗពីវីរុសផ្លូវដង្ហើម COVID-19​។

ដោយ​ផ្អែក​តាម​របាយ​ការណ៍​មួយ​ពី​វិបសាយ​ព័ត៌មាន​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកBusiness Insider កាល​ពី​ឆ្នាំ​២០១៩បាន​ឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​មិន​បាន​ត្រៀម​ខ្លួន​​សម្រាប់​ផែនការ​ចូល​និវត្តន៍​គឺ​ពិត​ជា​កើត​មាន​ និង​ប៉ះ​ពាល់​ខ្លះ​ដល់​​បែប​ផែន​ជីវិត​រស់​នៅ​ពេល​វ័យ​ចំណាស់តាម​រយៈ​លទ្ធផល​ស្ទង់​មតិ​ដែល​បាន​បង្ហាញ​ក្នុង​របាយការណ៍​នោះ​។

 

ដើម្បី​ចៀស​វាង​នូវ​បញ្ហា​ទាំង​នោះ អ្នក​មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​​បាន​ណែ​នាំ​និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​បង្កើត​ផែន​ការ​មួយ​សម្រាប់​ខ្លួន​ឯងគឺ​ការ​​បង្កើត​ខ្ទង់​ចំណែក​ខ្លះ​​នៃ​ចំណូល ដោយ​ឯករាជ្យត្រៀម​សម្រាប់​ការ​​ចំណាយ​ដែល​កើត​មាន​​នៅ​ពេល​អ្នក​មាន​វ័យ​ចាស់​។អ្នក​ជំនាញ​បាន​បន្ថែម​ទៀត​ថា ការ​បាន​ត្រៀម​​ផែន​ការ​នេះ​​បាន​ទាំង​នៅ​វ័យ​​ក្មេងមិន​ថា​តាម​រយៈ​ការ​វិនិយោគ ឬ​សន្សំ គឺ​ជា​ភាព​ជោគ​ជ័យ​មួយ​ផ្នែក​ទៅ​ហើយហើយ​នោះ​ក៏​បាន​ដាស់​តឿន​អ្នក​​មិន​ឱ្យ​ភ្លេច​​ពី​ការ​ចាយ​វាយ​ដោយ​មាន​ប្រសិទ្ធិភាព​​​ផង​ដែរ៕​