រាជធានីភ្នំពេញ៖ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យអង្គភាពសាងសង់និងអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខិតខំប្រឹងប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួន ឲ្យចប់តាមផែនការ ដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងកាលពីថ្ងៃទី១៦ វិច្ឆិកា ដោយមានការចូលរួមពីអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារដែលនៅសេសសល់មួយចំនួន របស់អង្គភាពរៀងខ្លួនរួមមាន៖ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀត។
របាយការណ៍អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិត ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)។
សូមជម្រាបជូនដែរថា ស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីក្រុងសៀមរាប ខេត្តសៀមរាប អង្គប្រជុំបានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាថ្ងៃចងចាំមិនអាចបំភ្លេចបាន៕