ភ្នំពេញ៖ បើទោះបី នៅក្នុងដំណាក់នៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ទីផ្សារអចលនទ្រព្យជាពិសេសលំនៅឋាននៅក្នុងប្រទេសកម្ពុជានៅតែមានសកម្មភាពទិញលក់ជាធម្មតា ប៉ុន្តែមានតែតម្រូវការនៅក្នុងស្រុកប៉ុណ្ណោះ។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា នៅក្នុងបរិបទនេះ ស្ទើតែគ្រប់វិស័យទទួលរងនូវផលប៉ះពាល់មិនថា ប្រទេសកម្ពុជា និងនៅលើពិភពលោក ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាវិញ មានតែវិនិយោគនៅក្នុងស្រុកប៉ុណ្ណោះ។
លោកស្រីបន្តថា "សកម្មភាពវិនិយោគ និងការទិញលក់នៅតែមាន ប៉ុន្តែស្ថិតនៅក្នុងហំទឹកប្រាក់ក្រោមមួយលានដុល្លារអាមេរិក ដែលភាគច្រើនគឺជាអតិថិជន និងជនបរទេសដែលនៅក្នុងប្រទេសកម្ពុជា"។
លោកស្រីបន្ថែមថា "ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពដូចដើមវិញលុះត្រាតែមានវ៉ាក់សុំាការពាពីជំងឺកូវីដ ១៩ និងមានលំហូចូលជនបរទេស ចូលមកក្នុងប្រទេស ទើបធ្វើឱ្យមានសកម្មសេដ្ឋកិច្ចដើរឡើងវិញ"។
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ផ្ទួន ៗ ចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ននេះ ប៉ុន្តែ អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារមួយនេះនៅតែមានសកម្មភាពដោយមានការគាំទ្រពីរាជរដ្ឋាភិបាលប្រជាពលរដ្ឋ និងអ្នកអភិវឌ្ឍន៍នៅក្នុងស្រុក។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានប្រាប់ឱ្យដឹងកន្លងមកនេះថា សកម្មភាពទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ នៅតែមានសកម្មភាពជាប្រក្រតី ដោយសារមានតម្រូវការនៅក្នុងស្រុក។
លោកបន្តថា មិនថាប្រទេសកម្ពុជា ឬនៅក្នុងពិភពលោកនោះទេ គឺទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដែលធ្វើឱ្យវិស័យជាច្រើនក៏ដូចជាវិស័យអចលទ្រព្យទទួលរងនូវផលប៉ះពាល់ ព្រោះសកម្មភាពនៃការទិញពីជននៅក្រៅប្រទេសមិនមាន៕