ខេត្តសៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា។
តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងសាងសង់ជា៣ដំណាក់ ដែលដំណាក់កាលទី១ អាចទទួលបានអ្នកដំណើរ ប្រមាណ ៧លាននាក់ ក្នុងមួយឆ្នាំ និងការសង់ដំណាក់កាលទី២ អាចទទួលអ្នកដំណើរបាន ១០លាននាក់ ដំណាក់កាលទី៣ នឹងអាចទទួលអ្នកដំណើរបានដល់ ២០លាននាក់។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េ ស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។
គិតត្រឹមចុងខែមីនា ឆ្នាំ២០២២នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សម្រេចវឌ្ឍនភាព ការងារបានចំនួន២៦,៧%ហើយ ក្នុងនោះ៖ កំណាត់ផ្លូវចាប់ពីអាកាសយានដ្ឋានមកដល់ផ្លូវជាតិលេខ៦៤ អ៊ុតកៅស៊ូបានប្រវែង៧,៦៥%គីឡូម៉ែត្រ និងកំណាត់ផ្លូវចាប់ពីផ្លូវជាតិលេខ៦៤ មកដល់ផ្លូវជាតិលេខ៦ ការងារឈូសឆាយសម្អាតបានប្រវែង៨គីឡូម៉ែត្រ លើប្រវែងសរុប១៦,៥ គីឡូម៉ែត្រ និងការងារកាយ ដីគ្មានគុណភាពបានប្រវែង៣០០ម៉ែត្រ។
ដោយឡែកគម្រោងសាងសង់ផ្លូវហាយវ៉េ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ផ្លូវ ជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ២៩៤ មានប្រវែងសរុប ២៤,១៣៣ គីឡូម៉ែត្រ ដែលក្នុងនោះ កំណាត់ទី១ សាងសង់ជាបួនគន្លង មានទទឹងផ្លូវ២៣,៥ម៉ែត្រ (ចាប់ពី K០+១០០ ដល់ K២+១០០) និងកំណាត់ទី២ សាងសង់ជាពីរគន្លង មានទទឹងផ្លូវ១២,៥ម៉ែត្រ (ចាប់ពី K២+១០០ ដល់ K២៤+១៣៣)។
តាមរយៈអាកាសយានដ្ឋានថ្មីនេះ គឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញអាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ៕