កសិកម្មជាមុំចង្ក្រានធំមួយ ក្នុងចំណោមមុំទាំង៣ (កសិកម្ម ឧស្សាហកម្ម សេវាកម្ម)នៃសេដ្ឋកិច្ចកម្ពុជា តែទោះជាយ៉ាងនេះក្តីប្រជាជនខ្មែរមួយចំនួននាពេលបច្ចុប្បន្នហាក់មានការនឿយណាយចំពោះវិស័យនេះ។
លោកបណ្ឌិត ស៊ឹន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា យោងទៅតាមការស្រាវជ្រាវរបស់លោកកន្លងមក លោកអង្កេតឃើញថា មូលហេតុដែលនាំឱ្យពលរដ្ឋកម្ពុជាភាគច្រើន មិនសូវចាប់អារម្មណ៍ក្នុងវិស័យកសិកម្ម ដោយមានមូលហេតុចម្បងៗ១០យ៉ាងគឺ៖
១. ពលរដ្ឋវ័យក្មេងគិតថា វិស័យកសិកម្មមិនល្អហើយគ្រួសារនីមួយៗ មិនចង់ឱ្យកូនរបស់ខ្លួន ទៅធ្វើកសិកម្មក្រោយពេលរៀនចប់មហាវិទ្យាល័យនោះទេ។ សាស្ត្រាចារ្យ ឬបណ្ឌិតជំនាញខាងកសិកម្ម ក៏មិនចង់ទៅធ្វើការនៅចម្ការ ឬនៅកន្លែងចិញ្ចឹមសត្វ ក្នុងទីជនបទនោះដែរ គឺភាគច្រើនចង់ធ្វើការនៅក្នុងការិយាល័យដែលមានម៉ាស៊ីនត្រជាក់ ឬនៅក្នុងម្លប់ទៅវិញ។
២. ពលរដ្ឋនៅតាមទីជនបទ មានការរាងចាលក្រោយពេលដែលដាំដំណាំបានហើយ មិនមានទីផ្សារសម្រាប់លក់ដូរ ហើយខ្លះទៀតត្រូវជំពាក់ធនាគារ ព្រោះតែការដាំដំណាំនោះ។
៣.ការផ្តល់តម្លៃខ្លាំងពេក ចំពោះការធ្វើពលករនៅប្រទេសក្រៅ ហើយនាំគ្នាធ្វើចំណាកស្រុក ដោយហេតុផលបានប្រាក់ខែច្រើន ឬដោយសារតែមិនមានការងារក្នុងស្រុក។ពេលពលរដ្ឋមានកម្លាំងធ្វើការឱ្យបរទេស ហើយត្រឡប់មកប្រទេសវិញ នៅពេលធ្វើការលែងកើត ឬពេលមានជំងឺ។
៤.រដ្ឋាភិបាលមិនមានយន្តការជាក់លាក់ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ឧទាហរណ៍តម្លៃទំនិញ ឬរបស់ដែលផលិតក្នុងស្រុក តែងមានតម្លៃខ្ពស់ជាងទំនិញនាំចូល ដោយសារតែការផលិតក្នុងស្រុកមានការចំណាយខ្ពស់ ព្រោះហេតុនោះ ពលរដ្ឋត្រូវលក់ក្នុងតម្លៃថ្លៃ។
៥.រដ្ឋមិនបានគ្រប់គ្រងវិស័យហិរញ្ញវត្ថុឱ្យបានច្បាស់លាស់នោះទេ ឧទាហរណ៍ក្រោយពេលដែលធនាគារជាតិ បានប្រកាសដាក់កំណត់វិដានការប្រាក់ ចំពោះគ្រឹះស្ថានផ្តល់ប្រាក់កម្ចី ដែលនៅក្រោមធនាគារជាតិ គ្រឹះស្ថានមួយចំនួនបានធ្វើប្រតិបត្តិការក្រោមផ្លាក “ហាងបញ្ចាំ” (ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ហើយអាចកំណត់អត្រាការប្រាក់ ទៅតាមការកំណត់របស់ខ្លួន។
៦. ពលរដ្ឋកម្ពុជាភាគច្រើន មិនបានដឹងថាត្រូវដាំដំណាំអ្វី ដែលជាតម្រូវការរបស់ទីផ្សារនោះទេ គឺពលរដ្ឋត្រូវដាំតាមគ្ នាឬដាំតាមការនឹកឃើញ ដោយសារមិនមានគោលការណ៍ណែនាំច្បាស់លាស់ អំពីតម្រូវការប្រចាំឆ្នាំ។
៧.ពលរដ្ឋមួយចំនួ នមានផ្នត់គំនិតផ្តេកផ្តួលទៅតាមទ្រឹស្តីសាសនា ដោយគិតថាគឺជាបាបកម្មរបស់ខ្លួន ហើយខ្វះការប្រឹងប្រែងក្នុងជីវិតបច្ចុប្បន្ន។
៨. ការបណ្តុះបណ្តាលអំពីកសិកម្មចំពោះពលរដ្ឋ នៅមិនទាន់បានគ្រប់គ្រាន់ ដែលតម្រូវឱ្យរដ្ឋយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការបញ្ជូនមន្ត្រីដែលមានជំនាញទៅបណ្តុះបណ្តាលនៅជនបទ។
៩.មិនមានទឹកឬភ្លើងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម នេះហើយពលរដ្ឋត្រូវចំណាយច្រើន ចំពោះប្រេង និងតម្លៃភ្លើង នៅពេលដែលពួកគាត់ដាំដំណាំ។
១០. ពលរដ្ឋខ្លះមានទម្លាប់ខ្ជិលច្រអូស ដោយអាងហេតុផលផ្សេងៗមិនអស់។
លោកបណ្ឌិតបានលើកឡើងផងដែរថា ការអភិវឌ្ឍប្រទេសមួយត្រូវមានកត្តាផ្សេងជាច្រើនទៀត ដែលរួមទាំងប្រព័ន្ធបច្ចេកវិជ្ជាខ្លាំង ប្រព័ន្ធសុខាភិបាលខ្លាំង ប្រព័ន្ធអប់រំមួយដែលល្អ កងទ័ពប្រទេសដែលខ្លាំង ប៉ុន្តែកម្ពុជាមិនគួរនាំចូលសូម្បីតែស្លឹកគ្រៃ ស្លឹកខ្ទឹម ជី ម្ទេស ឬម្រេចនោះទេ។
ពលរដ្ឋកម្ពុជា ឬប្រទេសកម្ពុជា គួរតែនាំគ្នាដាំដំណាំគ្រប់ប្រភេទ ដែលអាចហូបបានហើយរដ្ឋត្រូវយកពន្ធចំពោះដីដែលមិនដាំដំណាំ៕