លោកឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី ២៧ កក្កដា ២០២០នេះ បានបង្ហោះសារសុំចិត្តសុំថ្លើមពីអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នានិយាយរឿងមិនល្អ បង្ហោះបង្អួតទ្រព្យសម្បត្តិ តាមបណ្ដាញសង្គម មិនចាំបាច់បង្អួតប្រាប់គេឯងទេឲ្យងាកមកជួយពលរដ្ឋក្រីក្រពិតប្រាកដ។
លោកឧកញ៉ា បានរៀបរាប់ថា៖ ខ្ញុំសុំចិត្តសុំថ្លើមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អបង្ហោះបង្អួតទ្រព្យសម្បត្តិ ឡានវីឡា លុយកាក់ មាសពេជ្រនិងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ។ មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅមិនចាំបាច់បង្អួតប្រាប់គេឯងទេ។
លោកឧកញ៉ា បន្តទៀតថា៖ បើខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែនគួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលើវិស័យកសិកម្មកសិឧស្សាហកម្ម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង។
ការលើកឡើងនិងជម្រុញវិនិយោគនេះ បើតាមលោកឧកញ៉ា ម៉ុង គឺដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើនិងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើង ព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ៕