ភ្នំពេញ ៖ ស្ទើរតែពេញមួយឆ្នាំ២០២០ វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសផ្នែកដីធ្លី ត្រូវបានគេមើលឃើញថា ហាកើមានភាពស្ងប់ស្ងាត់ ហើយតម្លៃនៅលើទីផ្សារស្ថិតនៅសភាពទ្រឹង ឬមានការធ្លាក់ចុះតិចតួច ដែលវាជាឱកាសសម្រាប់អ្នកដែលមានចរន្តសាច់ប្រាក់គ្រប់គ្រាន់ទិញទុកសម្រាប់ការវិនិយោគបន្ត ខណៈដែលស្ថានភាពអាចនឹងមានភាពល្អប្រសើរជាងនេះនៅដើមឆ្នាំ ឬពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។
លោកឧកញ៉ា នួន រិទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានលើកឡើងថា ឱកាសទទួលបានផលចំណេញច្រើនគឺមានមិនច្រើននោះទេ ដូច្នេះសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ គួរចាប់យកឱកាសនេះដើម្បីបង្កើនទុនវិនិយោគរបស់ខ្លួននៅឆ្នាំបន្ទាប់។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា “ចាប់តាំងពីដើមឆ្នាំ២០២០ បន្ទាប់ពីដំណើរចាកចេញរបស់ជនជាតិចិនមួយចំនួនធំពីកម្ពុជា ដោយសារការបិទល្បែងអនឡាញ ជាពិសេសក្រោយការរីករាលដាលនៃជំងឺជាសាកលចាប់តាំងពីខែមីនា ឆ្នាំ២០២០ វិស័យជាច្រើនបានទទួលរងនូវផលប៉ះពាល់ ដែលក្នុងនោះវិស័យអចលនទ្រព្យក៏ទទួលឥទ្ធិពលអវជ្ជមានផងដែរ ប៉ុន្តែហាក់មិនធ្ងន់ធ្ងរដូចវិស័យទេសចរណ៍ និងឧស្សាហកម្មនោះទេ”។
លោកថា “ថ្វីត្បិតទីផ្សារអចលនទ្រព្យកម្ពុជាហាក់មានបញ្ហាដោយសារការអវត្តមានពីសំណាក់អ្នកវិនិយោគអន្តរជាតិ ប៉ុន្តែសកម្មភាពក្នុងស្រុកនៅតែបន្តមាន។ ក្នុងដំណាក់កាលនេះ តម្លៃដីធ្លីនៅលើទីផ្សារគឺស្ថិតនៅក្នុងសភាពទ្រឹង ជាពិសេសនៅចុងឆ្នាំ២០២០នេះតែម្ដង ប៉ុន្តែក៏មានដីនៅទីតាំងខ្លះតម្លៃធ្លាក់ចុះក្រោមទីផ្សារដោយសារតែម្ចាស់មានបញ្ហាចរន្តហិរញ្ញវត្ថុ និងតម្រូវការលុយជាបន្ទាន់ ទោះតម្លៃទាបជាងទីផ្សារក៏ត្រូវបង្ខំចិត្តលក់ ដូច្នេះវាគឺជាឱកាសសម្រាប់អ្នកដែលមានលុយគ្រប់គ្រាន់ក្នុងការទិញទុកសម្រាប់លក់បន្តយកចំណេញ បន្ទាប់ពីវិបត្តិត្រូវបានស្ងប់ស្ងាត់ ហើយដំណើរការសេដ្ឋកិច្ចចាប់ផ្តើមកម្រើកឡើងវិញ”។
ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ា នួន រិទ្ធី បានរំលឹកថា ការទិញដីធ្លីដែលមានតម្លៃទាបជាងទីផ្សារជាឱកាសល្អដែលអាចទទួលបានចំណេញខ្ពស់ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរទៅលើរាល់សំណុំឯកសារពាក់ព័ន្ធផ្លូវច្បាប់នានា ដើម្បីឱ្យប្រាកដថា មិនមានហានិភ័យក្រោយពេលបញ្ចប់ការទិញ-លក់ ៕