ភ្នំពេញ ៖ មិនថាទោះជាស្ថិតនៅក្នុងកាលទេសៈណានោះទេ តម្រូវការនៃការប្រើប្រាស់សម្រាប់បម្រើដល់វិស័យផ្សេងៗនៅតែមាន ជាពិសេសក្នុងវិស័យលំនៅដ្ឋានខណៈដែលកំណើននៃមនុស្សចេះតែកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់ការវិនិយោគទៅលើដីធ្លី ក៏គួរតែពិចារណារកវិធីសាស្ត្របែបណាដែលអាចទទួលបានចំណេញខ្ពស់។
អ្នកជំនាញនៅក្នុងវិស័យដីធ្លី លោក ស៊ា ឆៃលីន នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sea Realty Co,.Ltd បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ជាទូទៅតម្លៃដីធ្លីនៅទូទាំងប្រទេសតែងមានការកើនឡើងជាបន្តបន្ទាប់ ដែលយ៉ាងហោចណាស់គិតជាមធ្យមក្នុងរង្វង់១០ភាគរយ។ ដោយឡែកសម្រាប់តំបន់ទីប្រជុំ ឬតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ និងមានគម្រោងអភិវឌ្ឍន៍ច្រើន តម្លៃនឹងមានការកើនឡើងខ្ពស់ខ្លាំង។
លោកបានបញ្ជាក់ថា “ថ្វីត្បិតថា តម្លៃដីតែងមានការកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកដែលមានបំណងទិញដីទុកសម្រាប់វិនិយោគបន្តយកចំណេញ ក៏ត្រូវតែចេះមើលពីស្ថានភាពទីផ្សារជាក់ស្តែង រួមជាមួយនឹងព្យាករណ៍ពីតម្រូវការនៃការប្រើប្រាស់ដីដែលអាចទទួលបានផលចំណេញក្នុងកម្រិតណាមួយផងដែរ”។
លោកថា “គ្មានអ្នកណាម្នាក់ចង់ទិញដីទុកវិនិយោគរាប់សិបឆ្នាំ ហើយអាចទទួលបានផលចំណេញតិចនោះទេ ប៉ុន្តែដើម្បីអាចមានឱកាសទទួលបានប្រាក់ចំណេញពីការវិនិយោគបានច្រើន ហើយចំណាយពេលតិច គឺត្រូវតែស្វែងយល់ពីកត្តារួមផ្សំមួយចំនួនដូចជា សក្តានុពលទីតាំងភូមិសាស្ត្រ លំហូរនៃប្រជាសាស្ត្រ បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ផ្សេងៗទាំងវិស័យឯកជន ទាំងវិស័យរដ្ឋាភិបាល”។
លោក ស៊ា ឆៃលីន បានមានបញ្ជាក់ឱ្យដឹងថា រាល់ការលើកឡើងខាងលើនេះ សុទ្ធតែជាចំណុចសំខាន់ដែលត្រូវស្វែងយល់ និងសិក្សាបន្ថែមឱ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តវិនិយោគ ប៉ុន្តែនៅមានចំណុចមួយទៀតដែលផ្តល់ឱកាសចំណេញបានច្រើននោះ គឺធ្វើយ៉ាងអាចទិញដីពីម្ចាស់ដើមដោយផ្ទាល់។ នៅពេលយើងទិញដីបានពីម្ចាស់ដំបូងផ្ទាល់ អាចមានតម្លៃទាប ជាងការទិញបន្តពីឈ្មួញកណ្តាល ដែលពួកគេបានយកចំណេញពីលើ ១តង់ ឬ២តង់រួចជាស្រេច ដែលធ្វើឱ្យតម្លៃថ្លៃដើមនៃអចលនវត្ថុ ឬតម្លៃដី ឡើងខ្ពស់ ដែលធ្វើឱ្យបាត់បង់ឱកាសចំណេញ។ ដូច្នេះ ជាជម្រើសគួរតែអនុវត្ត គឺការស្វែងរកទិញដីពីម្ចាស់ដើមផ្ទាល់តែម្ដង៕