ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានអះអាងថា សម្រាប់ក្រុមហ៊ុន ក៏ដូចជាភ្នាក់ងារអចលនទ្រព្យណាដែលគ្មានភាពស្មោះត្រង់ គ្មានក្រមសីមធម៌ និងវិជ្ជាជីវៈជាមួយដៃគូ ជាពិសេសជាមួយអតិថិជន នឹងដាក់គោលដៅបរាជ័យដល់ខ្លួនរួចជាស្រេចនៅក្នុងវិស័យមួយនេះ។
ភាពមិនស្មោះត្រង់ គ្មានក្រមសីលធម៌ និងវិជ្ជាជីវៈជាមួយអតិថិជនក្នុងពេលផ្តល់សេវាកម្ម ជាពិសេសការប្រកួតប្រជែងជាមួយដៃគូដោយគ្មានតម្លាភាព ប្រៀបបានទៅនឹងការកំណត់គោលដៅនៃភាពបរាជ័យរបស់ខ្លួនយ៉ាងដូច្នោះដែរ។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ឈរលើមូលដ្ឋានឈ្នះ ឈ្នះ ដោយធ្វើការសហការគ្នា និងចែកផលប្រយោជន៍គ្នា ទោះតិចឬច្រើនបានផលទាំងអស់គ្នាជាការប្រសើរ ព្រោះការប្រកួតប្រជែងប្រាសចាកក្រមសីលធ៌ម ដោយឈរតែលើផលប្រយោជន៍ វានឹងបង្កហានិភ័យដល់វិស័យនេះ”។ លោកបន្តថា “កាលណាយើងឈ្លោះគ្នា យើងនឹងបាត់មិត្ត បាត់ផលប្រយោជន៍ទាំងសងខាង ហេតុនេះកុំឈ្លោះគ្នា តែត្រូវឈរលើមូលដ្ឋាននៃក្រមសីលធម៌ និងប្រកួតប្រជែងដោយស្មោះត្រង់”។
លោក ច្រឹក សុខនីម បានបញ្ជាក់ទៀតថា “ ការប្រកួតប្រជែងដោយគ្មានតម្លាភាព ឬការដែលមិនអនុវត្តទៅតាមគោលការណ៍នៃច្បាប់អាចកើតមានចំពោះតែក្រុមហ៊ុនមួយចំនួនតូច ដែលមិនមានក្រមសីលធម៌តែប៉ុណ្ណោះ ហើយក៏អាចទទួលបានប្រយោជន៍ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ បន្ថែមពីនេះក៏អាចនឹងបាត់បង់ទីផ្សាររបស់ខ្លួនបន្តិចម្ដងៗតាមរយៈកេរ្តិ៍ឈ្មោះមិនល្អ ហើយនឹងរងនូវការខាតបង់ផលប្រយោជន៍”។
ទោះជាយ៉ាងណាក៏ដោយ លោក ច្រឹក សុខនីម ក៏បានទទូចឱ្យបណ្តាភ្នាក់ងារ ដែលតែងអនុវត្តប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈទាំងនោះ គួរចូលរួមមកអនុវត្តតាមគោលការណ៍ច្បាប់ទាំងអស់គ្នា ដើម្បីលើកកម្ពស់តម្លៃក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្ម ក៏ដូចជាផ្តល់តម្លៃឱ្យខ្លួនឯងផងដែរ៕