ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានធ្វើការចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធទៅនឹងការធ្វើជំនួញនៅក្នុងវិស័យអចលនទ្រព្យ ជាមួយនឹងការព្រមានផងដែរថា រាល់ការវិនិយោគនៅក្នុងវិស័យមួយនេះ មិនមែនសុទ្ធតែអាចទទួលបានចំណេញទាំងអស់នោះ ដែលវាត្រូវទាមទារឱ្យមានការសិក្សា និងស្វែងយល់ឱ្យបានច្បាស់មុនពេលបណ្តាក់ទុនរកស៊ី។  

អ្នកជំនាញវិស័យអចលនទ្រព្យនៅកម្ពុជារូបនេះបានលើកឡើងថា ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញ គឺទាមទារឱ្យមានការយល់ដឹងពីវិស័យនេះឱ្យបានច្បាស់លាស់ ជាពិសេសចេះមើលឃើញពីកាសនៃការវិនិយោគ យល់ដឹងពីប្រភេទអចលនទ្រព្យ និងតំបន់ ជាពិសេសស្គាល់នូវអ្វីដែលហៅថា ភាពប្រឈម។ 

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា៖ “ការវិនិយោគលើអចលនទ្រព្យ ឱ្យទទួលបានប្រាក់ចំណេញមិនមែនជារឿងងាយស្រួលនោះឡើយ។ គឺត្រូវបែងចែកប្រភេទវិនិយោគរួមមាន ដូចជា ការផ្ដោតការវិនិយោគជាចម្បងលើអចលនទ្រព្យប្រភេទផ្ទះ ដែលជាអចលនទ្រព្យមានតម្រូវការកើនឡើងគ្រប់ពេល។ អាចខ្ចីប្រាក់ពីធនាគារមកធ្វើការវិនិយោគបានច្រើន និងការប្រាក់ទាប ហើយអចលនទ្រព្យប្រភេទផ្ទះនេះ អាចឱ្យយើងរកកម្រៃបានពីការជួលបន្ថែមជាដើម”។

លោកបានបញ្ជាក់ថា ដោយចាប់ផ្ដើមពីទុនវិនិយោគបន្ដិចបន្ដួចសិន មុននឹងបន្ថែមដើមទុនឱ្យកើនឡើង ជាវិធីល្អមួយដែលអាចឱ្យយើងដកស្រងបទពិសោធន៍ពីកំហុសឆ្គង ក្នុងការវិនិយោគលើកក្រោយៗទៀត។ ការជ្រើសរើសផ្ទះដែលមានអ្នកជិតខាងល្អប្រសើរ ជាផ្ទះដែលមានទីតាំងល្អ វានឹងជួយឱ្យផ្ទះមានតម្លៃល្អទៅថ្ងៃក្រោយ។ ជ្រើសរើសអចលនទ្រព្យដែលមនុស្សភាគច្រើនចង់រស់នៅ និងមានតម្រូវការជួលច្រើន។

លោកក៏បានឱ្យដឹងដែរថា ៖ “យើងត្រូវទិញអចលនទ្រព្យឱ្យបានក្នុងតម្លៃទាប ដែលអាចជាផ្ទះចាស់ឬម្ចាស់អចលនទ្រព្យមានបញ្ហាហិរញ្ញវត្ថុ ដោយព្យាយាមចរចាតម្លៃឱ្យបានទាបជាងទីផ្សារ ដើម្បីឱ្យយើងបានចំណេញតាំងពីយើងចាប់ផ្តើមទិញ និងត្រូវវិនិយោគលើអចលនទ្រព្យដែលនៅជិតយើង ព្រោះគឺជាទីតាំងយើងស្គាល់ ហើយវាងាយស្រួលស្រាវជ្រាវតម្លៃទិញ-លក់នៅកន្លែងនោះបានច្បាស់”។ 

លោកបន្ថែមពីនេះ ដើម្បីឱ្យប្រាកដក្នុងចិត្តមុននឹងសម្រេចចិត្តទិញ ត្រូវអង្កេតតាមដានអចលនទ្រព្យគោលដៅគ្រប់ពេលវេលា ដើម្បីឱ្យដឹងពីអ្វីដែលបានកើនឡើងក្នុងកន្លែងនោះ ឬតំបន់នោះថាតើ នឹងមានហាងលក់ដូរកំពុងសង់ ឬក៏មានគម្រោងសាងសង់អគារខ្ពស់ដែរឬទេ? ហើយត្រូវធ្វើផែនការគ្រប់យ៉ាងឱ្យបានហ្មត់ចត់ និងដំណើរការតាមជំហានមួយៗច្បាស់លាស់មុនពេលសម្រេចចិត្ត ដោយគិតតាមក្បួនខ្នាតឱ្យបានល្អិតល្អន់ជាមុន។ យើងត្រូវគិតថាទិញយកមកធ្វើអ្វី? បានផលតបស្នងត្រឡប់មកវិញប៉ុន្មាន? សម្រាប់តម្លៃអចលនទ្រព្យទាំងនោះ ដើម្បីឱ្យមានលំហូរសាច់ប្រាក់វិជ្ជមាន៕