កំពង់ស្ពឺ ៖ រោងចក្រផលិតស៊ីម៉ង់តិ៍ដ៏ធំប្រចាំនៅក្នុងខេត្តបាត់ដំបង់នាពេលបច្ចុប្បន្ននេះកំពុងតែសិក្សាលម្អិតពីលទ្ធភាពក្នុងការបណ្តាក់ទុនបង្កើតទីតាំងថ្មីរបស់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ នេះបើតាមការបង្ហើបប្រាប់ពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
បើតាមការបង្ហើបប្រាប់ពីសំណាក់លោកអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ នៅក្នុងខេត្តកំពង់ស្ពឺនឹងមានវត្តមានរោងចក្រផលិតស៊ីម៉ង់តិ៍ដ៏ធំមួយដូចគ្នាទៅនឹងខេត្តបាត់ដំបង់ដែរ ខណៈដែលបច្ចុប្បន្ននេះខាងក្រុមហ៊ុនកំពុងតែសិក្សា និងពិនិត្យទៅលទ្ធភាពក្នុងការដាក់ទីតាំង។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា “កាលពីម្សិលមិញនេះ ខ្ញុំបានដឹកនាំគណៈប្រតិភូការងាររដ្ឋបាលខេត្តកំពង់ស្ពឺទៅបំពេញទស្សនកិច្ចសិក្សានៅរោងចក្រផលិតស៊ីម៉ង់តិ៍ ខនស៍ (CONCH) ដែលកំពុងដំណើរការផលិតនៅក្នុងខេត្តបាត់ដំបង់ ហើយក៏បានស្វែងយល់ពីតម្រូវការសំខាន់ៗរបស់ក្រុមហ៊ុនក្នុងសង្វាក់ផលិតកម្មមួយចំនួនផងដែរ”។
ឯកឧត្តមបានបន្តថា “សម្រាប់ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺអាចសមស្របទៅនឹងតម្រូវការជាក់ស្ដែងរបស់ក្រុមហ៊ុនដែលចង់បាន ទាំងកត្តាភូមិសាស្ត្រក្នុងការផលិត ការដឹកជញ្ជូន ក៏ដូចជាការរក្សាទុក។ ខ្ញុំលើកឡើងនេះមិនមែនបានន័យថា ចង់អូសទាញពួកគាត់ពីខេត្តបាត់ដំបង់ដែលកំពុងមានដំណើរនោះទេ ប៉ុន្តែជាការផ្សព្វផ្សាយសម្រាប់គោលបំណងទី២របស់ក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនចង់បង្កើតទីតាំងថ្មីបន្ថែម ឬមានដៃគូសហការវិនិយោគបន្ថែម”។
បើតាមការបញ្ជាក់ប្រាប់ពីសំណាក់ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា តាមរយៈវត្តមានរោងចក្រផលិតស៊ីម៉ង់តិ៍ ខនស៍ (CONCH) អាចផ្តល់ឱកាសការងារផ្ទាល់បានប្រមាណជាង៦០០នាក់ និងការងារប្រយោលដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធប្រមាណជាង២០០០នាក់ ដែលអាចជួយជំរុញ និងលើកកម្ពស់កម្រិតជីវភាពបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា រោងចក្រស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត បច្ចុប្បន្ននេះមានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពអាចផលិតស៊ីម៉ង់តិ៍ បានជិត ២លានតោនក្នុងមួយឆ្នាំសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារសំណង់នៅក្នុងប្រទេសកម្ពុជាបានមួយចំណែកធំ ហើយមួយភាគចែកសម្រាប់ចែកចាយ និងផ្គត់ផ្គង់ទីផ្សារក្រៅស្រុក៕