ភ្នំពេញ ៖ ទីផ្សារជួលឃ្លាំងសម្រាប់ស្តុកទំនិញផ្សេងៗ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងផ្លាស់ប្តូររបទថ្មី ស្របតាមតម្រូវការរបស់អតិថិជន ខណៈដែលទីផ្សារនៅក្នុងវិស័យនេះ បាននឹងកំពុងមានស្ថានភាពល្អប្រសើរបន្តិច បើធៀបទៅនឹងទីផ្សាផ្នែកដទៃទៀតនៅក្នុងវិស័យអចលនទ្រព្យ។

លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premier Group បានមានប្រសាសន៍ នៅថ្ងៃចុងសប្តាហ៍នេះថា ទីផ្សារ ជួលឃ្លាំងនាពេលបច្ចុប្បន្ននេះ មានតម្លៃថ្លៃជាងមុន ខណៈដែលអតិថិជន បានបង្វែរទិសដៅពីការជួលតូចទៅជួល ឃ្លាំងធំៗជា លក្ខណៈ រួមគ្នា ដើម្បីទទួលបានផលចំណេញ។

លោក ថ្លែងថា៖ “តាមការសិក្សារបស់ខ្ញុំកន្លងមកនេះ ការជួលឃ្លាំង នៅមានតម្លៃថ្លៃ មនុស្សចាប់ផ្តើមប្តូររបទថ្មីនៃ ការជួល អីចឹងការជួលឃ្លាំងតូចល្មមៗ លែងចង់ជួល គាត់ទៅជួលដាក់រួមគ្នាវិញ” ។ លោក ពន្យល់ថា៖ “សម្រាប់ ឃ្លាំងជួលតូចៗល្មម មានតម្លៃថ្លៃខ្ពស់ពេក នៅពេលដែល មានតម្លៃខ្ពស់ពេក នេះអ្នកជួលគាត់រកវិធីផ្សេងទៀតដើម្បី ទទួលបានផលចំណេញផងដែរ” ។

លោក បន្តថា “តម្រូវការស្តុកទំនិញនានានៅតែមាន បើទោះបីផ្នែកខ្លះនៃវិស័យអចលនទ្រព្យ បាននិងកំពុងជួបបញ្ហា ប្រឈម ហើយការជួលឃ្លាំងនេះត្រូវបានគេធ្វើកិច្ចសន្យាក្នុងរយៈពេលច្រើនឆ្នាំ ដូច្នេះតម្លៃនៃការជួលវិញ គឺមិនបាន ធ្លាក់ចុះខ្លាំងដែរ” ។

សម្រាប់ការជួលឃ្លាំងដែលស្ថិតក្នុងទីតាំងល្អនិងសម្បូររោងចក្រច្រើន គឺវាមានតម្លៃពី ៨-១៣ ដុល្លារក្នុង១ម៉ែត្រការ៉េ ក្នុងមួយខែ ចំណែកតំបន់ក្នុងទីក្រុងវិញ គឺមានតម្លៃលើសពី១០ដុល្លារ អាមេរិក ក្នុងមួយម៉ែត្រការ៉េ។

សូមជម្រាបជូនដែរថា រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៩ បានសម្រេចតម្រូវឱ្យបណ្តារោងចក្រ សហគ្រាស និង ឃ្លាំង ទាំងឡាយ ត្រូវជំរុញទៅកាន់តំបន់ជាយក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងបង្កើនសោភ័ណភាពក្នុងក្រុង៕