ទីក្រុងបាលី, ប្រទេសឥណ្ឌូនេស៊ី៖ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ព្រមទាំងសហការី បានជួបពិភាក្សាការងារទ្វេភាគី នៅសណ្ឋាគារ AYANA Resort & Spa នៃទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ស្របគ្នានឹងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម Gan Kim Yong សម្រាប់ការគាំទ្រកន្លងមករបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ កាលពីខែមីនាកន្លងទៅ។
ភាគីទាំងពីរបានពិភាក្សា និងធ្វើការផ្លាស់ប្ដូរយោបល់ជាបឋមលើកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖ (១) ការត្រៀមសម្រាប់កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (២) គំនិតផ្តួចផ្តើមសាកល្បងអនុវត្តការងារដែលស្ថិតនៅក្រោមបញ្ជរតែមួយអាស៊ាន (ASEAN Single Window) រវាងកម្ពុជានិងសិង្ហបុរី (៣) ការបង្កើតប្រព័ន្ធលេខអត្តសញ្ញាណសម្រាប់អាជីវកម្មតែមួយអាស៊ាន (ASEAN Unique Business Identification Number (UBIN) System) (៤) ការជំរុញលើពាណិជ្ជកម្មឌីជីថល (៥) ការបែរឆ្ពោះទៅរកការប្រើប្រាស់ថាមពលប្រកបដោយចីរភាព (៦) កម្មសិទ្ធិបញ្ញា និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរទស្សនៈកិច្ចសម្រាប់ភាគីពាក់ព័ន្ធ នៅក្នុងពេលឆាប់ៗខាងមុខ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀតលើវិស័យសំខាន់ៗទាំង៦ ខាងលើ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិស័យឯកជន ជាពិសេសសហគ្រាសមីក្រូ តូច និងមធ្យម។
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម Gan Kim Yong បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនមួយកម្រិតថែមទៀត៕