ទស្សនៈ៖ ពិភពលោកបានដករុស្ស៊ីចេញពីប្រព័ន្ធ SWIFT ក្នុងន័យដើម្បីបន្ថែមសំពាធសេដ្ឋកិច្ច ឬបង្កការលំបាកដល់ប្រទេសរុស្ស៊ី ទៅក្នុងការធ្វើទំនាក់ទំនងជាមួយសេដ្ឋកិច្ចសាកល តែនេះអាចនឹងបង្កផលប៉ះពាល់ក្នុងរយៈពេលខ្លី។ ទណ្ឌកម្មនេះ គ្រាន់តែជាការបញ្ជូនសញ្ញាមួយ ជាមួយទណ្ឌកម្មផ្សេងទៀតដែលសកលលោកប្រើដើម្បីប្រឆាំងទៅនឹងសកម្មភាពរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន។
មានន័យថា ធនាគាររុស្ស៊ីនឹងមិនអាចទំនាក់ទំនងជាមួយធនាគារផ្សេងទៀតតាមរយៈ SWIFT បានទេ។ ពួកគេនៅតែអាចជ្រើសរើសវិធីផ្សេងទៀតដើម្បីទំនាក់ទំនងអាចប្រព័ន្ធថ្មី ឬតាមទូរលេខឬ អ៊ីមែលជាដើម។ ប៉ុន្តែវិធីទាំងនោះអាចគ្មានប្រសិទ្ធភាពគ្រប់គ្រាន់ និងចំណាយប្រាក់ច្រើន។
ទណ្ឌកម្មបែបនេះ វាក៏នឹងបង្កផលប៉ះពាល់ទាំងសងខាងដល់បណ្ដាប្រទេស ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ប្រជាជនដែលប្រើប្រាស់ធនាគាររបស់រុស្ស៊ីនៅក្រៅប្រទេសជាដើម ដោយសារដៃគូអាជីវកម្មរបស់គេប្រើ SWIFT ក្នុងការដោះដូរពាណិជ្ជកម្មដូចគ្នា ណាមួយប្រទេសរុស្សីជាអ្នកនាំចេញថាមពល អាហារ សារធាតុរ៉ែ និងវត្ថុផ្សេងៗទៀត ការរារាំងពាណិជ្ជកម្មបរទេស និងប្រតិបត្តិការហិរញ្ញវត្ថុរបស់រុស្ស៊ីអាចជះឥទ្ធិពលយ៉ាងសំខាន់លើតម្លៃសកលនៃផលិតផលដែលពាក់ព័ន្ធ ដែលអាចធ្វើឱ្យវិបត្តិថាមពលនៅអឺរ៉ុបកាន់តែអាក្រក់ និងអតិផរណានៅសហរដ្ឋអាមេរិក។
ទណ្ឌកម្មនេះ គឺកំពុងធ្វើឲ្យពិភពលោកកាន់តែចេញឆ្ងាយ ពីការពឹងផ្អែកទាំងស្រុងលើប្រព័ន្ធ SWIFT តែមួយ ដោយងាកមកប្រើប្រាស់នៅជម្រើសផ្សេងទៀត របស់មហាអំណាចផ្សេង នោះគឺប្រព័ន្ធដែលបង្កើតឡើងដោយប្រទេសធំៗ ដូចជា ចិន - រុស្ស៊ី - ឥណ្ឌាជាដើម។
ការហាមឃាត់ប្រទេសរុស្ស៊ីពី SWIFT ទំនងជានឹងពន្លឿននៅក្នុងយុគសម័យថ្មី សម្រាប់លំហូររូបិយវត្ថុពិភពលោក ព្រោះការប្រើប្រាស់ SWIFT ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច បានបង្កផលវិបាកធ្ងន់ធ្ងរ ហើយក៏អាចនឹងត្រូវកាត់បន្ថយឥទ្ធិពលរបស់ SWIFT ផងដែរ។ នេះគឺបានផ្ដល់ឱកាសកាន់តែច្រើន ដល់ប្រទេសរុស្ស៊ីនិងចិន ដើម្បីបង្កើតនិងពង្រឹងប្រព័ន្ធថ្មីមកជំនួស SWIFT នៅក្នុងពិភពលោក។
ការបង្កើតប្រព័ន្ធ CIPS របស់ប្រទេសចិន និង SPFS របស់រុស្ស៊ី
SWIFT ត្រូវបានប្រើដើម្បីដាក់ទណ្ឌកម្មពីរដងក្នុងប្រវត្តិសាស្ត្រ។ ទីមួយ ក្នុងឆ្នាំ 2012 ដោយមិនរាប់បញ្ចូលអ៊ីរ៉ង់ ដោយសារកម្មវិធីនុយក្លេអ៊ែរ។ វាប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិយ៉ាងខ្លាំង ក្នុងកំឡុងពេលនោះ។
ក្រោយមក ប្រទេសចិន ក៏បានចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុផ្ទាល់ខ្លួន CIPS នៅឆ្នាំ ២០១២ ផងដែរ និងបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CIPS ជាផ្លូវការ គឺនៅក្នុងឆ្នាំ 2015 ដែលគ្រប់គ្រងដោយធនាគារប្រជាជននៃប្រទេសចិន សម្រាប់ប្រតិបត្តិការរវាងទីក្រុងហុងកុង និងប្រទេសចិន ជាលើកដំបូង។ បច្ចុប្បន្ន CIPS មានជាង ១២៨០ស្ថាប័ន ក្នុង១០៣ប្រទេស។ នេះជាការខិតខំរបស់ប្រទេសចិន ក្នុងការបង្កើនការប្រើប្រាស់ប្រាក់យន់ជាសកល ជាពិសេសក្នុងចំណោមបណ្ដាប្រទេសដែលពាក់ព័ន្ធនឹងគម្រោងនៃ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈពេលដែលកាត់បន្ថយការពឹងផ្អែករបស់ប្រទេសទាំងនេះ លើប្រាក់ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការ។
ក្នុងឆ្នាំ 2014 ប្រទេសរុស្ស៊ីត្រូវបានគំរាមកំហែងថានឹងត្រូវបានដកចេញពី SWIFT ក្នុងអំឡុងពេលវិបត្តិនៅ Crimea ។ក្រោមមក ធនាគារកណ្តាលនៃសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមការអភិវឌ្ឍនៃ SPFS (ប្រព័ន្ធផ្ទេរសារហិរញ្ញវត្ថុ) ដោយប្រើបច្ចេកវិទ្យាដូចគ្នាដែលមានទាំង SWIFT និង CIPS ។ បានបើកដំណើរការនៅឆ្នាំ 2017 បច្ចុប្បន្នវាមានកម្រិតខ្ពស់ក្នុងប្រទេសរុស្ស៊ី និងពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគាររុស្ស៊ីធំៗនៅក្នុងប្រទេសអាល្លឺម៉ង់ និងស្វីស។
សម្រាប់ប្រទេសឥណ្ឌា ក៏បានបង្កើតប្រព័ន្ធ SFMS (Structured Financial Messaging System) សម្រាប់វិស័យធនាគាររបស់ខ្លួន និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០០១។
ទោះជា ឥទ្ធិពលជាអន្តរជាតិនៃប្រព័ន្ធធំៗទាំងបី ( CIPS, SPFS, SFMS) នៅតែមានតិចតួច តែការដាក់ទណ្ឌកម្មនាពេលនេះនឹងមិនមានការងឿងឆ្ងល់ឡើយ ក្នុងការពន្លឿនការជឿជាក់ប្រព័ន្ធផ្សេង ក្រៅពី SWIFT។
SWIFT ត្រូវបានបង្កើតឡើងដោយក្រុម ធនាគារអាមេរិក និងអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការមានប្រព័ន្ធទំនាក់ទំនងក្រោមស្តង់ដារតែមួយ ដែលមានស្ថាប័នហិរញ្ញវត្ថុជាង 11,000 នៅក្នុងប្រទេសនិងដែនដីជាង 200 ។ វាត្រូវបានគ្រប់គ្រងដោយធនាគារជាតិនៃប្រទេសបែលហ្ស៊ិក រួមជាមួយនឹងធនាគារកណ្តាលនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ ស៊ុយអែត ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕