ភ្នំពេញ៖ ក្នុងនាមជាភ្នាក់ងារលក់អចលនទ្រព្យ ត្រូវតែប្រមូលទិន្នន័យ ឬព័ត៌មាននៅក្នុងតំបន់ ឬគម្រោងដែលខ្លួនគ្រប់គ្រងឱ្យបានស៊ីជម្រៅ ឬដឹងគ្រប់ជ្រុងជ្រោយ និងត្រូវប្រមូលជាបន្តបន្ទាប់ នូវរាល់គម្រោងអ្វីដែលកើតឡើង ពីព្រោះទាំងអ្នកទិញមុននឹងសម្រេចចិត្តទិញ ក៏គេត្រូវដឹងដែរ ។
លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Group បានថ្លែងថា ការប្រមូលទិន្នន័យ គឺជារឿងដែលភ្នាក់ងារលក់អចលនទ្រព្យ ត្រូវតែធ្វើជាបន្តបន្ទាប់ ក្នុងរយៈពេលវែង នៅក្នុងទីតាំង ភូមិសាស្ត្រដែលយើងគ្រប់គ្រង ពីព្រោះម្ចាស់ទីតំាង ឬ ម្ចាស់អចលវត្ថុដែលត្រូវលក់ ក៏ត្រូវការដឹងពីព័ត៌មានតម្លៃអចលនទ្រព្យនៅជុំវិញកន្លែងនោះដែរ។
លោក ម៉ាន់ ច័ន្ទឌី ថ្លែងថា «អ្នកទិញក៏ត្រូវការដឹងព័ត៌មាន និងទិន្នន័យពីយើងដូចគ្នា មុននឹងពួកគាត់សម្រេចចិត្តធ្វើការវិនិយោគ»។
លោក ម៉ាន់ ច័ន្ទឌី បន្តថា ភ្នាក់ងារលក់ត្រូវដឹងថា គុណតម្លៃយើងជាភ្នាក់ងារអចលនទ្រព្យ គឺជាមនុស្សដែលដឹងព័ត៌មានពីការទិញលក់នៅក្នុងតំបន់ បរិវេណកន្លែងដែលខ្លួនគ្រប់គ្រងឱ្យបានច្បាស់លាស់បំផុត នោះទើបយើងក្លាយ ជាអ្នកជំនាញខាងអចលនទ្រព្យ។
ម៉្យាងវិញទៀត ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ត្រូវដឹងថា តើនឹងមានរឿងអ្វីខ្លះកើតឡើង នៅក្នុងតំបន់ដែលយើងគ្រប់គ្រង ដូចជាគម្រោងផ្សារទំនើប អគារខ្ពស់ៗ និងសាលារៀនអន្តរជាតិថ្មីមួយបើកឱ្យដំណើរការឆាប់ៗនេះជាដើម។
ចំណុចទំាងនេះ វានឹងធ្វើឱ្យតម្លៃអចលនទ្រព្យដែលយើងគ្រប់គ្រងមានទីផ្សារ និងជួយដល់ទីផ្សារអចលនទ្រព្យ នៅក្នុងភូមិសាស្ត្ររបស់យើងនៅពេលអនាគត។ ទោះជាយ៉ាងណា នៅពេលភ្នាក់ងារអចលនទ្រព្យ ប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយវានឹងផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់អ្នកទិញ និងម្ចាស់អចលនទ្រព្យផ្សេងទៀតផងដែរ៕