ក្នុងពិភពនៃការទិញ-លក់អចលនទ្រព្យ អ្នកជំនាញមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការផ្សព្វផ្សាយ និងចរចាជាមួយអតិថិជនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យអចលនទ្រព្យរបស់ខ្លួនលក់ដាច់លឿន និងទទួលបានតម្លៃខ្ពស់។ ជាការចែករំលែក លោក អ៊ីន ណាង អគ្គានាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show Up Real Estate បានបង្ហើបនូវវិធីសាស្ត្រមួយចំនួនដែលអាចជួយជំរុញដល់ការលក់ប្រកបដោយប្រសិទ្ធភាព។
លោក អ៊ីន ណាង បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដោយសារតែប្រព័ន្ធបច្ចេកវិទ្យាមានភាពរីកចម្រើន បានក្លាយជាមធ្យោបាយដ៏ល្អប្រសើរមួយក្នុងការជួយសម្រួលដល់ការផ្សព្វផ្សាយ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗផងដែរ ដែលក្នុងនោះទីផ្សារលក់អលចនទ្រព្យមួយចំណែកធំក៏ត្រូវពឹងផ្អែកទៅលើបច្ចេកវិទ្យាមួយនេះផងដែរ។
លោកបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា កំណើននៃចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតមានការកើនឡើងរហូតដល់ប្រមាណជាង៧លាននាក់ ដូច្នេះសម្រាប់អ្នកទីផ្សារអចលនទ្រព្យបានប្រើនូវវិធីសាស្ត្រមួយចំនួនសម្រាប់ធ្វើការផ្សព្វផ្សាយ និងជំរុញការលក់របស់ខ្លួនដោយការអនុវត្តដូចខាងក្រោម ៖
ការថតបង្ហោះរូបភាព៖ រូបភាពដែលបានថត និងបង្ហោះត្រូវប្រាកដថា មានគុណភាព និងសោភ័ណភាព ដែលអាចមានសារៈសំខាន់ដើម្បីទាក់ទាញទឹកចិត្តអតិថិជន ព្រោះថារូបមួយសន្លឹកមានន័យរាប់មិនអស់ ។ វាមានសារៈសំខាន់ណាស់ ចំពោះអចលនទ្រព្យដែលអ្នកកំពុងលក់ពិតប្រាកដ ដោយសាររូបនេះអាចបង្ហាញពីភិនភាគពិតៗ នៃអចនលទ្រព្យទៅកាន់អ្នកទិញ។
សរសេរពិពណ៌នាពីអចលនទ្រព្យរបស់អ្នក ៖ អ្នកលក់អចលនទ្រព្យ អាចផ្តល់ព័ត៌មានលម្អិតឱ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន ដោយការស្រមៃថាខ្លួនអ្នកជាអ្នកទិញ និងចង់ដឹងពីអ្វីខ្លះ។ តើអ្នកនឹងចង់បានគុណភាពយ៉ាងណាខ្លះពីអចលនទ្រព្យមួយនេះ។
ផ្តល់ព័ត៌មានទំនាក់ទំនងដែលល្អបំផុត ៖ ការផ្សព្វផ្សាយបស់អ្នកនឹងមិនបានផលប្រយោជន៍អ្វីនោះទេ ប្រសិនបើគេមិនអាចទាក់ទងអ្នកបាន។ ហេតុនេះហើយទើបអ្នកត្រូវធានាថា ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងជាមួយអ្នកមានភាពល្អ និងផ្តល់ភាពជឿជាក់បំផុត ។ ចុះលេខទូរស័ព្ទពីរខ្សែ និងអាសយដ្ឋានអ៊ីមែល ប្រសិនបើពេលខ្លះអ្នកមិនមានពេលលើកទូរស័ព្ទ។
ត្រូវធានាគុណភាពអចលនទ្រព្យរបស់អ្នកល្អបំផុត ៖ ជារឿងធម្មតាទេ ការលក់ផលិតផលអ្វីមួយ មិនត្រឹមតែទាមទារផលិតផលនោះមានគុណភាពនោះទេ តែក៏ត្រូវមានការផ្សព្វផ្សាយឱ្យបានល្អផងដែរ។ ហេតុនេះចំណងជើងអចលនទ្រព្យ ជាភាសាខ្មែរ និងអង់គ្លេស ឬភាសាចិន អ្នកត្រូវតែធ្វើវាឱ្យបានល្អ។ ប្រសិនបើវាមានភាពសាមញ្ញ ងាយយល់ នោះគេនឹងរកឃើញអចលនវត្ថុរបស់អ្នកមុនគេ។
ការដាក់តម្លៃអចលទ្រព្យរបស់អ្នក ៖ ការដាក់តមម្លៃទាមទារឱ្យមានការប្រុងប្រយ័ត្នបំផុត ព្រោះបើអចលនទ្រព្យរបស់អ្នកដាក់តំលៃខ្ពស់ពេក អចលនទ្រព្យរបស់អ្នកនឹងមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ប្រសិនបើតម្លៃនោះអាចតថ្លៃបាន អ្នកគួរតែធានាថា គេអាចដឹងតាមរយៈការពិពណ៌នារបស់អ្នក។ ប្រសិនបើលក្ខខណ្ឌនៃការទិញ ឬជួលអាចតថ្លៃបាន អ្នកក៏ត្រូវធ្វើយ៉ាងណាឱ្យគេដឹងតាមរយៈការពិពណ៌នារបស់អ្នកផងដែរ។
ការឆ្លើយតបជាមួយនឹងការសាកសួររកទិញឱ្យបានសមស្រប ៖ ការឆ្លើយតបលឿនមានសារៈសំខាន់ណាស់ នៅពេលដែលអ្នកទទួលបានការចាប់អារម្មណ៍សាកសួរពីអតិថិជនរបស់អ្នក។ អ្នកគួរតែឆ្លើយតបជាមួយនឹងពួកគេឱ្យបានលឿនបំផុត។ ប្រសិនបើអ្នកមិនឆ្លើយតបលឿនទេ នោះពួកគេនឹងរកមើលវត្ថុថ្មីទៀត និងអ្នកលក់ថ្មីទៀតដែលយកចិត្តទុកដាក់នឹងពួកគេ។
ការធ្វើឱ្យបញ្ជីរបស់អចលនទ្រព្យរបស់អ្នកកាន់តែប្រសើរ
ដោយសារបច្ចុប្បន្ន អ្នកអាចធ្វើឱ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួលរបស់អ្នកប្រសើរឡើង ដោយការដាក់ផ្សព្វផ្សាយជាមួយគេហទំព័រអចលនទ្រព្យមួយចំនួន ដែលមាននៅក្នុងប្រទេសកម្ពុជា អ្នកអាចចំណាយត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឱ្យអចលនទ្រព្យរបស់អ្នកទទួលបានការចាប់អារម្មណ៍ និងបញ្ជូនព័ត៌មានទៅកាន់មនុស្សទូទៅមើលឃើញលឿន។
អ្នកអាចសាកល្បងនូវវិធីសាស្ត្រទាំងនេះ នោះអចលនទ្រព្យរបស់អ្នកអាចមានឱកាសលក់ចេញបានលឿនដូចអ្វីដែលអ្នកត្រូវការ៕