ក្រុងបាងកក៖ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផែនការសម្រាប់ការបង្កើតស្ពានមិត្តភាព ថៃ-ឡាវ ទីពីរកាលពីខែមុន ដោយគ្រោងសាងសង់ឆ្លងកាត់ទន្លេមេគង្គទៅប្រទេសឡាវ ទាំងផ្លូវដែក និងផ្លូវគោក តភ្ជាប់ខេត្ត នុង ខៃ ភាគឦសាននៃប្រទេសថៃ ជាមួយទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob និយាយថា ប្រទេសថៃគ្រោងនឹងសាងសង់ស្ពាន ចំណងស្ពានមិត្តភាពនេះ ប៉ាន់ស្មានថា មានតម្លៃប្រហែល 4 ពាន់លានបាត (1.2 ពាន់លានដុល្លារ) ទំនងជានឹងត្រូវបានផ្តល់មូលនិធិពីប្រទេសទាំងពីរ។
លោកបានបន្ថែមថា ការសិក្សារចនាស្ពាននេះ ត្រូវបានគេរំពឹងថានឹងចំណាយអស់ប្រហែល 140 លានបាត (4.25 លានដុល្លារអាមេរិក) ពីថវិកាថ្នាក់កណ្តាល ហើយនឹងត្រូវគ្រប់គ្រងដោយ នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃ។
គម្រោងស្ពាននេះ គួរត្រូវបានបញ្ចប់ក្នុងពេលវេលាសម្រាប់ដំណាក់កាលទី២ នៃគម្រោងផ្លូវដែកល្បឿនលឿន ចិន-ថៃ ដែលនឹងតភ្ជាប់ទីក្រុងបាងកក ទៅ ទីក្រុងគុនមីង។
គម្រោងផ្លូវដែក ថៃ-ចិន ដំណាក់កាលទី១ ដែលរត់ពីទីក្រុងបាងកក ទៅ ខេត្តនគររាជសីមា បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៦។
យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនថៃ Saksayam Chidchob បានឱ្យដឹងថា ដំណាក់កាលទីពីរនៃគម្រោងរថភ្លើងល្បឿនលឿន នឹងបើកឱ្យដំណើរការនៅឆ្នាំ 2028 ដោយភ្ជាប់ពីខេត្តនគររាជសីមា ទៅខេត្ត នុង ខៃ។
សូមជម្រាបជូនដែរថា ការបើកផ្លូវដែកឡាវ-ចិន បានធ្វើឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ និងចិន លឿនជាងមុន 24 ម៉ោង ជាមួយនឹងការកាត់បន្ថយថ្លៃដើម 25% ។