នៅក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ បណ្តាប្រទេសជាច្រើនបានបង្អួតគ្នាលើផ្នែកនវានុវត្តន៍ឬគំហើញវិទ្យាសាស្រ្ត តែសម្រាប់យុវវ័យមួយចំនួននៅកម្ពុជាវិញ បែរជា​ខិតខំបង្អួតសម្ភារៈនិយមទៅវិញ។

បណ្ឌិត គីម ហ៊ាង សហគ្រិនល្បីឈ្មោះផ្នែកអលនទ្រព្យនៅកម្ពុជាបានលើកឡើងថា មានពាណិជ្ជករ​វ័យក្មេងជាច្រើន​កំពុងឈ្លក់វង្វេង​នឹងភាពហ៊ឺហា ភាពឆើតឆាយសម្ភារៈនិយមជ្រុលហួសហេតុ ហើយយកសំបក ឬខោអាវថ្លៃជាងខ្លួន។

លោកបណ្ឌិតថា ដោយបានឆ្លងកាត់សម័យវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ឆ្នាំ ១៩៩៧វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងកំពុងឆ្លងកាត់វិបត្តិពិភពលោកកូវីដ១៩ ទើបលោក​ចូលរួមចែករំលែក​គំនិតមួយចំនួនទៅកាន់សហគ្រិនវ័យក្មេងមួយចំនួន។ ចំណុចសំខាន់ៗទាំងអស់នោះមានដូចជា៖

១. កុំចំណាយលើសពី ៩%នៃទ្រព្យសម្បត្តិសរុបទៅលើរថយន្តទំនើប និងប្រណីត១គ្រឿង ព្រោះយើងត្រូវការដើមទុនដើម្បីបង្កើនប្រាក់ចំណេញ និងពង្រីកអាជីវកម្ម!

២. កុំចំណាយលើសពី ១០%នៃទ្រព្យសម្បត្តិសរុបទៅលើផ្ទះនៅប្រចាំថ្ងៃ ព្រោះយើងនៅវ័យក្មេង ឱកាសរកលុយនៅមានច្រើនគួរទុកដើមទុនទាំងនោះទៅពង្រីក និងពង្រឹងអាជីវកម្ម!

៣. កុំខ្ចីធនាគារលើសពី៣០% នៃទ្រព្យសម្បត្តិសរុប ព្រោះបើបំណុលក្រោម ៣០% គឺយើងអាចគ្រប់គ្រងបានទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ!

៤. បើកក្រុមហ៊ុនរកសុីគឺដើម្បីប្រាក់ចំណេញ មិនមែនដើម្បីអួតប្រាប់គេថា ខ្លួនជាម្ចាស់អាជីវកម្ម ចេះរកស៊ីមិនមែនទំនេរទេ ព្រោះបើបើកមកដើម្បីតែខាត កុំបើកល្អជាង!

៥. បើអ្នកមានលុយពិតនោះធ្វើអ្វី ទិញអ្វី ប្រើរបស់ប្រណិតអ្វី គឺសុទ្ឋតែសមទាំងអស់តែបើភាពមានបាននៅមានកំរិត នោះសូមទុកលុយរកស៊ីទៅវាល្អជាងហឺហាតែសំបកក្រៅ៕

រូបភាពពី Facebook បណ្ឌិត គីម ហ៊ាង