ផលិតភាពការងារ ជាកត្តាសំខាន់មួយដែលប្រជាជនខ្មែរចាំបាច់ត្រូវយកចិត្តទុកដាក់ ព្រោះវាជាកត្តាកំណត់យ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍​ទាំងជីវិតឯកជន និងសង្គមទាំងមូល។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ផលិតភាពការងារ ជាចំណុចសំខាន់ខ្លាំងណាស់ ដែលប្រជាជនខ្មែរយើងគ្រប់រូបចាំបាច់ត្រូវតែយកចិត្តទុកដាក់ ព្រោះមុនពេលអ្នកវិនិយោគផ្តល់ទំនុកចិត្ត និងផ្តល់ឱកាសអភិវឌ្ឍដល់យើង គេតែងតែមើលពីផលិតភាពការងាររបស់យើងជាមុនសិន។ កាលណា​យើងមានផលិតភាពការងារខ្ពស់ អ្នកវិនិយោគគេអាចចំណេញបានច្រើន​ ព្រោះពេលយើងមានផលិតភាពការងារខ្ពស់មានន័យថា ​គេចំណាយធនធានតិចតែទទួលបានលទ្ធផលច្រើន។ តែទោះជាយ៉ាងនេះក្តី ប្រជាជនខ្មែរយើងជាច្រើន នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកម្រិតផលិតភាពការងារនេះ។

ជាក់ស្តែង នៅពេលឯកឧត្តមមើលទៅលើរបៀបធ្វើការងារក្នុងរោងចក្រមួយ ដែលមានក្រុមបុគ្គលិកខ្មែរ និងក្រុមបុគ្គលិកបរទេស​ធ្វើការងារ​ដូចគ្នា ឯកឧត្តមបានឃើញពីភាពខុសគ្នា។ ក្រុមបុគ្គលិកខ្មែរយើងមួយចំនួន នៅពេលមានថៅកែ ឬមេរបស់គាត់នៅក្បែរ គាត់ខិតខំធ្វើការងារធម្មតា តែនៅពេលមេចេញពីកន្លែងភ្លាម គាត់ងាកមកលេងទូរស័ព្ទឬធ្វើការងារផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងការងារបស់គាត់ ខុសពីក្រុមការងារបរទេស ដែលទោះបីជាមានមេនៅជិតឬមិននៅជិត គាត់នៅតែធ្វើការងារ​របស់គាត់ទៅតាមតួនាទីរបស់គាត់រៀងៗខ្លួន។ 

ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍ថា៖ « កត្តា​ផលិតភាព​នេះ​ហើយ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​យើង​នៅតែ​ក្រ ​ដើម្បី​សម្រេច​គោលដៅ​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​ លុះត្រាតែ​យើង​ធ្វើ​ឱ្យ​មាន​កំណើន​ផលិតភាព​។ សម្រាប់​បុគ្គលិក​នៅ​ប្រទេស​យើង ​នៅ​ពេល​ដែលគេ​និយាយ​ពី​បញ្ហា​ផលិតភាព​ គាត់​យល់ថា ​គេ​កំពុង​បង្ខំ​ឱ្យ​គាត់​ធ្វើការងារ​កាន់តែ​ច្រើន​ ឬកាន់តែ​ធ្ងន់ធ្ងរ​»។

ឯកឧត្តម បានលើកឡើងផងដែរថា ការ​គិត​បែបនេះ​ គឺជា​ការយល់​ច្រឡំ​ ព្រោះ​ផលិតភាព​ការងារ​មិន​ផ្តោត​លើ​ការ​ធ្វើការងារ​ច្រើន​ម៉ោងជាង​មុន ​ឬលំបាក​ជាង​មុន​នោះ​ទេ​ (Hard​ Work​) តែ​ផ្តោត​សំខាន់​លើ​ការ​ធ្វើការងារ​ដោយ​ភាព​ឆ្លាតវៃ​ជាង​មុន​(Smart​ Work​)។ ដូច្នេះ​ទាំង​មន្ត្រី​រាជការ ​បុគ្គលិក​ឯកជន​ និង​អ្ន​កផ្សេង​ៗទៀត​ គួរ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​របស់​ខ្លួន​ ហើយ​ងាក​មក​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ឱ្យ​មាន​ផលិតភាព​ខ្ពស់​វិញ​។

កត្តា​ផលិតភាព​ការងារ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សង្គម ​ព្រោះ​កាលណា​បុគ្គលិក​យើង​ធ្វើ​បាន​ត្រឹមតែ​ 5 ខណៈ​ដែលគេ​ធ្វើ​បាន​ដល់ទៅ20​ តើ​យើង​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​ដោយ​វិធី​ណា​?​ ពីមុន​កម្ពុជា​យើង​ទើបនឹង​ចេញពី​សង្គ្រាម​ ជា​ប្រទេស​ក្រីក្រ​ហើយ​មិន​ងាយ​ទេ​ ទើប​ខិតខំ​ប្រឹងប្រែង​ឈានជើង​មកដល់​ពេល​នេះ​។ ការដែល​អាច​ឈានជើង​មក​ដូច​បច្ចុប្បន្ន​នេះ ​គឺ​ដោយសារតែ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មានការ​អប់រំ​នៅ​គ្រប់​ទីកន្លែង​ និង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​មានការ​ងារ​ធ្វើ ​ហើយ​ចំណូល​មានការ​កើនឡើង​ដែល​អាច​កាត់បន្ថយ​ភាព​ក្រីក្រ​ តែ​យើង​នៅតែ​មានក​ត្តា​ប្រឈម​ដោយសារតែ​ ប្រជាជន​យើង​មួយចំនួន​មិនទាន់​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សក្តា​នុ​ពល ​ឬមិន​ទាន់​មាន​ផលិតភាព​ខ្ពស់​ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ​៕ 

រូបតំណាង