ភ្នំពេញ ៖ គិតសម្រាប់តែក្នុងខែកញ្ញា ឆ្នាំ២០២០នេះ តម្លៃលក់ចេញគ្រឿងសំណង់ស្ទើរគ្រប់ប្រភេទ បានបង្ហាញពីការធ្លាក់ចុះ ខណៈដែលតម្រូវការមានកំណើនតិច ផ្ទុយពីថ្លៃសេវាពលកម្មនៅក្នុងវិស័យនេះស្ថិតក្នុងសភាពទ្រឹង។
តាមរយៈតារាងថ្លៃទំនិញ-សេវា ប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន គោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមសប្ដាហ៍នេះបានបង្ហាញថា ការលក់សម្ភារៈសំណង់ មានការប្រែប្រួលអំពីតម្លៃលក់ចេញខ្លះៗ ខណៈក្នុងនោះមុខទំនិញសំខាន់ៗមួយចំនួន ដែលកំពុងចរាចរនៅតាមទីផ្សារ មិនសូវមានការប្រែប្រួលថ្លៃលក់ចេញនោះឡើយ ។
ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ
ជាមួយនឹងតម្លៃសម្ភារៈសំណង់ នៅក្នុងខែ កញ្ញា ឆ្នាំ២០២០នេះ ថ្លៃលក់ឥដ្ឋតាន់ចំនួន ១ម៉ឺនដុំ តម្លៃ ៤៩០ ដុល្លារ ធៀបនឹងខែសីហា តម្លៃលក់ចេញមានចំនួន ៥៥០ ដុល្លារ ឥដ្ឋប្រហោង ៣២០ ដុល្លារ បានធ្លាក់ចុះចំនួន ៥០ដុល្លារ ខ្សាច់រៀប មួយម៉ែត្រគីប ១៧ ដុល្លារ បានធ្លាក់ចុះ ១ ដុល្លារ ថ្មកាត់ស៊ីស ២១ ដុល្លារ បានធ្លាក់ចុះ ១ ដុល្លារ ស៊ីម៉ង់ម៉ាកក្រពើ ១ តោនចំនួន ៨៦ ដុល្លារ ធ្លាក់ចុះ ១០ ដុល្លារ ស៊ីម៉ង់រូបអូដ្ឋ ៩៩ ដុល្លារ ធ្លាក់ចុះចំនួន ៦ ដុល្លារ បើធៀបទៅនិងខែ សីហា ឆ្នាំ២០២០។
ទីផ្សារថ្លៃលក់ដែក ដែលក្នុងនោះថ្លៃលក់ដែកកងខ្មៅ (៦ ទៅ ៨លី) បានហក់ឡើងខ្ពស់ ដោយតម្លៃលក់ចេញក្នុងមួយតោន ៥៧៥ ដុល្លារ ខណៈនៅក្នុងខែ សីហា ថ្លៃលក់ក្នុងមួយតោនដូចគ្នា ត្រឹម ៣៥៥ ដុល្លារប៉ុណ្ណោះ ក្រៅពីនេះចំពោះថ្លៃលក់គ្រឿងសំណង់ និងសម្ភារៈផ្សេងៗទៀតនៅតាមទីផ្សារ មិនមានការប្រែប្រួលខ្លាំងគួរជាទីកត់សម្គាល់នោះឡើយ ។
ដោយឡែក ថ្លៃសេវាពលកម្ម និងការងារនៅក្នុងវិស័យសំណង់នេះវិញ, ក្នុងនោះថ្លៃពលកម្មមានជំនាញ និងមិនមានជំនាញ, ថ្លៃម៉ៅការសាលារៀន មន្ទីរពេទ្យ ផ្ទះល្វែង អគារប្រណិត ខុនដូរ និងវីឡា ដែលម៉ៅការសម្ភារៈលើជាង និងសម្ភារៈម៉ៅការនៅលើម្ចាស់ មិនមានការប្រែប្រួលអំពីថ្លៃសេវាពលកម្ម និងការងារនោះឡើយ៕