ខេត្តសៀមរាប៖ ថ្ងៃ១៧ធ្នូនេះ ជើងហោះហើរអន្ដរជាតិដំបូងបង្អស់ ដែលបានហោះហើរត្រង់មកដល់ខេត្តសៀមរាប គឺក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បន្ទាប់ពីមានវិបត្តិជម្ងឺកូវីដ១៩ រយៈពេល២០ខែកន្លងមកនេះ ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនេះ បានដឹកអ្នកដំណើរសរុប ៦៧នាក់ មកកាន់ខេត្តសៀមរាប និង អាចចាត់ទុកថា ជាទេសចរណ៍ដំបូងហើយមកកាន់ខេត្តសៀមរាប គិតចាប់ពីខែ មីនា ឆ្នាំ២០២០មក ដែលផ្ទុះវិបត្តិជម្ងឺកូវីដ១៩ ជាសកល ។
លោកវរេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើតេស្តរហ័ស(RDT) នៅព្រលានយន្តហោះសរុប៦៥(ស្រី៣០ ប្រុស៣៥) ក្មេងអាយុក្រោម៤ឆ្នាំ២នាក់ អត់ធ្វើទេ ជាលទ្ធផលអវិជ្ជមានទាំងអស់។
តាមការបញ្ជាក់របស់លោក Alain Brun នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា ដំណាក់កាលថ្មីនេះ ក្នុងកិច្ចបើកដំណើរការតភ្ជាប់អន្តរជាតិឡើងវិញ គឺជាជំហានវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានសុទិដ្ឋិនិយមថា ការមកដល់របស់ភ្ញៀវទេសចរនៅពេលនេះ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសៀមរាបឲ្យងើបឡើងវិញ។
ឯកឧត្តមក៏បានបង្ហើបឲ្យដឹងផងដែរថា នៅពេលឆ្លងឆ្នាំសកល២០២១ចូល២០២២ រដ្ឋបាលក្រុង ស្រុក បានសហការណ៍គ្នាធ្វើពិធីឆ្លងឆ្នាំ ដូចជា នៅរមណីយដ្ឋានសង្រ្កាន្តរយ ស្រុកវ៉ារិន ស្រុកប្រាសាទបាគង ក៏ដូចស្រុកមួយចំនួនទៀតផងដែរ៕