ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប៉ូលអភិវឌ្ឍសេដ្ឋកិច្ច គឺដើម្បីរៀបចំដែនដីនៅក្នុងប្រទេសកម្ពុជា ដើម្បីធនាបាននូវការអភិវឌ្ឍន៍ប្រកបចីរភាព សមធម៌ តុល្យភាព និងការធ្វើសមាហរណកម្មទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងក្របខណ្ឌអន្តរជាតិ។
នៅក្នុងគោលនយោបាយជាតិរៀបចំដែនដីកម្ពុជារបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា រដ្ឋាភិបាលបានកំណត់ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗចំនួន ៣នៅក្នុងប្រទេសរួមមាន ប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ប៉ូលសេដ្ឋកិច្ចសៀមរាប និងប៉ូលសេដ្ឋកិច្ចព្រះសីហនុ ដែលប៉ូលទាំង ៣នេះ មានកំណើនប្រជាជន និងសេដ្ឋកិច្ចខ្ពស់ បើធៀបជាមួយនឹងខេត្តផ្សេងទៀឪត។
ប៉ូលសេដ្ឋកិច្ចទាំង៣នេះ គឺជាប៉ូលនៃកំណើនខ្ពស់ដែលបានលេចចេញជារូបរាងពិតប្រាកដតាមរយៈសក្តានុពល និងសកម្មភាព ព្រមទាំងអ័ក្សនៃការអភិវឌ្ឍរួមមានអ័ក្រភ្នំពេញ-ព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ ៤ ឬភ្នំពេញ-តំបន់ឆ្នេរតាមបណ្តោយផ្លូវជាតិលេខ ៣ និងលេខ ៤ អ័ក្សភ្នំពេញសៀមរាប តាមបណ្តោយផ្លូវជាតិលេខ ៦ អក្សភ្នំពេញ-បាវិត តាមបណ្តោយផ្លូវជាតិលេខ១ អ័ក្សភ្នំពេញ-ប៉ោយប៉ែត តាមបណ្តោយផ្លូវជាតិលេខ ៥ អ័ក្សភ្នំពេញ-ឥសាន ភ្ជាប់ទៅប្រទេសវៀតណាម និងឡាវ តាមបណ្តោយផ្លូវជាតិលខេ ៦ និងលេខ ៧ និងអ័ក្សតំបន់ឆ្នេរ ដែលភ្ជាប់ពីប្រទេសថៃ កាត់តាមខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបទៅប្រទេសវៀតណាម គឺជាអក្សដែលស្ថិតនៅក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គជាមួយគ្នានេះ មានអ័ក្សនៅតាមបណ្តោយផ្លូវទឹក រួមមានទន្លេមេគង្គ ទន្លេសាប បឹងទន្លេសាប និងទន្លេបាសាក់។
ដើម្បីទាញយកផលជាអតិបរមា តំបន់ស្នូល ដែលស្ថិតនៅតាមបណ្តោយអ័ក្សនៃការអភិវឌ្ឍនេះ រួមជាមួយតំបន់ស្នូលជាយុទ្ធសាស្ត្រជួរមុខ នៅតាមបណ្តោយព្រំដែន ក៏ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ផងដែរ។
ដោយឡែករាជរដ្ឋាភិបាលកំពុងជំរុញយុទ្ធសាស្ត្រ ដើម្បីឱ្យលេចចេញជាប៉ូលសេដ្ឋកិច្ចមួយទៀត នៅក្នុងភូមិភាគឥសាននាពេលអនាគត ដោយមានកិច្ចសហការឱ្យមានជាតំបន់ត្រីកោណក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕