ខេត្តព្រះសីហនុ៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ។
កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ។
នាថ្ងៃ២០ កក្កដា ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ ក្រុមការងារបច្ចេកទេសក្រសួង ដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរយ៉ាងណា។
"ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា៖ ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ហើយចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។ ហើយចំពោះផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់។"
ផ្លូវនេះអាចជួយសម្រួលដល់ឡានដឹកទំនិញធុនធ្ងន់ធ្វើដំណើរវាងផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែលកន្លងមកតែងតែបង្កភាពយឺតយ៉ាវដល់ការនាំទំនិញទៅលក់នៅបរទេស។
បន្ថែមពីនេះ ឯកឧត្តម គ្រោងស្នើទៅអភិបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យរួមគ្នាលើលទ្ធភាពនៃការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជនទំនិញធុនធ្ងន់ចេញពីកំពង់ផែក្រុងព្រះសីនុធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បីចំណេញពេលវេលា និងកាត់បន្ថយបន្ទុកនៃការដឹកជញ្ជូនលើផ្លូវលេខ៤ដែលកំពុងមានចរាចរណ៍មមាញឹកខ្លាំង៕