ភ្នំពេញ៖ ឈានចូលមកដល់ដើមឆមាសទី២ឆ្នាំ២០២១នេះ បើទោះជាភាពភ័យខ្លាចពីជំងឺកូវីដហាក់មានភាពថមថយបន្តិច តែវីរុសបំប្លែងថ្មីផ្ដើមបង្ហាញរូបរាង ហើយបើយើងងាយមកមើលទីផ្សារអាផាតមិនវិញ ជាពិសេសក្នុងរាជធានីភ្នំពេញ នៅតែបន្តស្ងប់ស្ងាត់មិនមានកំណើននោះឡើយ ពោល​គឺ​អា​ច​ត្រឹមរក្សាបានអតិថិជនដែលមានស្រាប់តែប៉ុណ្ណោះ។

ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនជំនាញអន្តរជាតិ CBRE Cambodia បានបញ្ជាក់ថា ត្រឹមត្រីមាសទី២ឬចុងឆមាសទី១ រហូតមកដល់ពេលនេះ​ស្ថានភាព​ទីផ្សារតម្រូវការជួលអាផាតមិន គឺនៅបន្តភាពស្ងៀមស្ងាត់ដែលអាចរក្សាបានត្រឹមអតិថិជនចាស់តែប៉ុណ្ណោះដោយមិនមានតម្រូវការពីអតិថិជនថ្មី​ច្រើន​​ទៀតនោះទេ។

បន្ថែមក្រៅពីការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើនេះ អ្នកប្រតិបត្តិនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាមួយចំនួនបានបង្ហាញពីបារម្ភថា ទីផ្សារអាផាតមិនមួយចំណែកអាចនឹងរងសម្ពាធពីទីផ្សារខុនដូ ខណៈដែលផ្នែកខុនដូបានប្ដូរយុទ្ធសាស្ត្រទិញដោយបង់រំលស់ប្រចាំ ស្រដៀងនឹងការបង់តម្លៃជួលស្នាក់នៅអាផាត​មិន​ដែល​មានទីតាំងក្បែរគ្នានិងមានតម្លៃទាប ស្ថិតនៅតំបន់ក្រុងហើយគម្រោងខុនដូកម្រិតទាបជាច្រើនគម្រោង ត្រូវបានបញ្ចប់សាងសង់រួចរាល់។

អ្នកនាង គឹម គិនកេសា មន្ត្រីជំនាញសិក្សាស្រាវជ្រាវជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia បានប្រាប់ឲ្យដឹងថាចាប់តាំងពីដើមឆ្នាំ២០២១រហូតមក មានការធ្លាក់ចុះដោយតម្លៃជួលអាផាតមិនកម្រិត A អាចរកជួលបានក្នុងតម្លៃជាមធ្យម២២ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះប្រមាណ ៥,២ភាគរយ ហើយកម្រិត B មានតម្លៃ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៦,៧ភាគរយ។

អ្នកនាងបានឱ្យដឹងទៀតថា ការបញ្ចុះតម្លៃនៅតែជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់ប្រតិបត្តិករដើម្បីទាក់ទាញអ្នកជួល ហើយខណ្ឌដែលមាន​ទំនោរ​ល្អនៅ​ពេលនេះរួមមានដូចជា ខណ្ឌបឹងកេងកង ខណ្ឌដូនពេញនិងខណ្ឌចំការមន នៅតែជាតំបន់ដែលរួមចំណែកដល់ការផ្គត់ផ្គង់អាផាតច្រើនជាងគេនៅ​កណ្តាល​​រាជធានីភ្នំពេញហើយភាគច្រើនអតិថិជនដែលគាំទ្រគឺជាជនជាតិបរទេសដដែល៕