រូបតំណាង

បច្ចុប្បន្ននេះ ដោយសារតែសង្គមមានការអភិវឌ្ឍកាន់តែខ្លាំង បច្ចេកវិទ្យាកាន់តែទំនើបនិងភាពចម្រុះកាន់តែកើនឡើង បានធ្វើឱ្យការបោកប្រាស់ក៏កាន់តែសំបូរបែបជាងមុន។ ដោយសារតែកត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យមនុស្សជាច្រើនត្រូវជួបបញ្ហាក្នុងជីវិតម្តងហើយម្តងទៀត ហើយមួយជីវិតស្ទើរតែជួបរឿងដដែលៗឥតឈប់ឈរ បើទោះបីជាគាត់គេចទៅដល់ទីណាក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះសៀវភៅទម្លាប់ល្អទាំង៧យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ ដែលនិពន្ធដោយលោក Stephen Covey បានបញ្ជាក់ថា ដើម្បីឱ្យយើងក្លាយជាមនុស្សដែលមានភាពរឹងមាំមាន​​ឯករាជ្យភាព និងក្លាយជាមនុស្សដែល​រួចផុតពីការបោកប្រាស់គឺត្រូវតែធ្វើជាមនុស្សដែលមានម្ចាស់ការ (proactive)។ នៅលើពិភពលោកនេះមានបញ្ហារាប់មិនអស់​ និងមនុស្សជាច្រើនប្រភេទដែល​កំពុងមានបំណងមិនល្អមកលើយើង។ ហេតុនេះ ទោះបីជារស់ទៅដល់ទីណាក៏ដោយ បើយើងជាមនុស្សដែលឱ្យគេបោក គេនៅតែបោកយើងបានដដែល គ្មានថ្ងៃគេចផុតនោះទេ។

ជាដំណោះស្រាយ ដើម្បីរួចផុតពីភាពបោកប្រាស់ គឺកុំគេចពីការបោកប្រាស់ ហើយកុំបន្ទោសលើបរិស្ថានខាងក្រៅដូចជាសង្គម អ្នកបោកប្រាស់យើង ឬកត្តាបច្ចេកវិទ្យាជាដើម តែត្រូវផ្តោតការយកចិត្តទុកដាក់លើ​ចំណុចនៅក្នុងខ្លួនរបស់យើងវិញទើបគេបោកប្រាស់យើងមិនបាន។ បើចង់ឱ្យជីវិតមានការអភិវឌ្ឍ ចាំបាច់ត្រូវតែមានភាពម្ចាស់ការលើខ្លួនឯងមានភាពរឹងមាំពីខាងក្នុង និងមានបញ្ហាគ្រប់គ្រាន់ដើម្បី​ដោះស្រាយបញ្ហា។

ជាវិធីសាស្រ្តសំខាន់ៗ ដែលអ្នកជំនាញអភិវឌ្ឍមនុស្សខាងលើណែនាំគឺ ទី១ ត្រូវមានសតិជាប់ជានិច្ច។ គ្រប់ស្ថានភាព គ្រប់ទីកន្លែងយើងត្រូវតែជាមនុស្សដែលផ្តោតសំខាន់លើការពិចារណា កុំប្រតិកម្មភ្លាមៗឬកុំឱ្យជីវិតរស់នៅបណ្តែតបណ្តោយតាមអារម្មណ៍ឱ្យសោះ។ យើងមានវិចារណញ្ញាណដ៏អស្ចារ្យសម្រាប់អភិវឌ្ឍជីវិតនិងមានសក្តានុពលដ៏ខ្លាំងក្លា ដើម្បីធ្វើឱ្យយើងក្លាយជាមនុស្សរឹងមាំ ប្រសិនបើយើងប្រើប្រាស់វា។ហេតុនេះសូមឧស្សាហ៍តាមដានផ្លូវចិត្តឱ្យក្លាយជាមនុស្សមានសតិនិងពិចារណាឱ្យបានល្អិតល្អន់។

ចំណុចសំខាន់ទី២គឺ ត្រូវចាំប្រើប្រាស់ប្រឌិតញាណ (imagination) ក្នុងការរស់នៅប្រកបដោយភាពវិជ្ជមាន។ ជាធម្មតាមនុស្សដែលរឹងមាំ ភាគច្រើនជាមនុស្សដែលពូកែស្មានទុកនូវព្រឹត្តិការណ៍ និងចេះស្រមៃពីចំណុចបញ្ចប់នៃព្រឹត្តិការណ៍នីមួយៗ។ ហេតុនេះនៅពេលគេព្យាយាមបោកប្រាស់យើង យើងអាចសាកល្បងយក​ព័ត៌មានដែលគេបញ្ចុះបញ្ចូលយើងនានាមកពិចារណា និងស្រមៃទៅមើលថាប្រសិនបើយើងធ្វើតាមគេ ឬផ្តល់ឱ្យនូវអ្វីដែលគេបញ្ចុះបញ្ចូលនោះនឹងមានរឿងអ្វីកើតឡើង។

ចំណុចសំខាន់ទី៣គឺ ព្យាយាមវិភាគនូវព្រឹត្តិការណ៍នីមួយៗ ដើម្បីកំណត់ពីភាពសមហេតុផល ឬមិនសមហេតុផរបស់វា។ កាលណាគេចង់បោកប្រាស់យើង គេនឹងបង្ហាញថា ប្រសិនបើយើងធ្វើតាមគេ នោះជីវិតយើងនឹងប្រសើរឡើង ឬនឹងទទួលបានផលចំណេញជាដើម។ នៅក្នុងនោះ ដើម្បីជាគ្រឿងបន្ថែមទម្ងន់ឱ្យយើងជឿ គេនឹងបង្កើតរូបភាពក្លែងក្លាយឬរឿងរ៉ាវក្លែងក្លាយមួយចំនួន ដូចជាទ្រព្យសម្បត្តិក្លែងក្លាយ ឬភាពមានបានក្លែងក្លាយជាដើមឱ្យយើងឃើញ។ ហេតុនេះប្រសិនបើយើងចេះវិភាគ ពីភាពសមហេតុផលនិងមិនសមហេតុផល នៃប្រភពព័ត៌មានទាំងអស់នោះការសម្រេចចិត្តរបស់យើងនឹងកាន់តែមានភាពសុក្រិត្យ៕