ការលេងតុងទីនជាវិធីសន្សំប្រាក់មួយ ដោយមានមនុស្សច្រើននាក់ស្ម័គ្រចិត្តសន្យាគ្នាបង់ថវិកាចូលហ៊ុនបង្កើតបានជាតុងទីនមួយក្បាល។ ពាក្យថា "តុងទីន"គឺក្លាយមកពីភាសាបារាំង ដោយកាលពីអំឡុង ស.វទី១៨មានបារាំងម្នាក់ឈ្មោះថាតុងទីន គាត់គឺជាអ្នកដើរប្រមូលពន្ធពីខ្មែរគ្រប់ភូមិស្រុកដើម្បីយកពន្ធទាំងនោះបញ្ជូនទៅរដ្ឋាភិបាលបារាំង។យូរទៅខ្មែរក៏ហៅមានពាក្យថាតុងទីនចាប់ពីពេលនោះមក។
ស្វែងយល់ពីវិធីលេងតុងទីន
ដំណាក់កាលទី១៖ អ្នកលេងម្នាក់ៗចាប់ផ្តើមដើរប្រមូលគ្នាបង្កើតជាក្រុម។ បន្ទាប់មកអ្នកលេងទាំងអស់ត្រូវបង់លុយក្នុងចំនួនស្មើៗគ្នា ទៅឱ្យមនុស្សម្នាក់ដើម្បីទុកដាក់រក្សាការពារមនុស្សម្នាក់នោះហៅថា"មេតុងទីន"។
ដំណាក់កាលទី២៖ រាល់មួយខែម្តងអ្នកលេងតុងទីនម្នាក់ៗចាំបាច់ត្រូវបង់"ចំនួនការប្រាក់"បន្ថែមពីលើចំណែកហ៊ុននៃលុយរបស់ខ្លួនដែលបានបង់កាលពីដំណាក់កាលទី១នោះទៅឱ្យមេតុងទីនបន្ថែមទៀត ដើម្បីជាថ្នូរ ឬថ្លៃកម្លាំងដែលមេតុងទីនបានរក្សាទុកដាក់លុយនោះ។
ក្នុងករណីបើអ្នកលេងណាម្នាក់ចង់បានលុយហ៊ុនតុងទីនទាំងអស់ អ្នកលេងនោះត្រូវបង់ការប្រាក់ទៅឱ្យមេតុងទីនច្រើនជាងគេ។តំណាក់កាលនេះ គេហៅថាជា"ការដេញតុងទីន"។
ដំណាក់កាលទី៣៖ អ្នកដែលប្រមូលលុយបានក្រោយការដេញតុងទីនរួចគឺពុំមានសិទ្ធិដេញតុងទីនយកលុយជាលើកទី២ទៀតនោះទេ គឺមានតែកាតព្វកិច្ចបង់លុយក្នុងចំនួនដូចបានកំណត់គ្នាកាលពីតំណាក់កាលទី១ ជាប្រចាំខៃទៅមេតុងទីនរក្សាទុកប៉ុណ្ណោះ។
ចំណែកឯអ្នកមិនទាន់បានដេញតុងទីន ក៏មានកាតព្វកិច្ចបង់លុយចំណែកហ៊ុនចូលទៅក្នុងតុងទីនផងដែរប៉ុន្តែអាចមានសិទ្ធិដេញតុងទីនបាន។
ក្នុងខែបន្ទាប់មកទៀតគេក៏ចាប់ផ្តើមដេញតុងទីនសារជាថ្មីចំពោះតែអ្នកដែលមិនទាន់បានដេញប៉ុណ្ណោះ (អ្នកដែលមិនទាន់ប្រមូលប្រាក់)។
គេធ្វើបែបនេះជាការវិលជុំម្នាក់ម្តងៗរហូតទាល់តែអ្នកលេងម្នាក់ៗបានដេញតុងទីនគ្រប់គ្នាទើបគេចាប់ផ្តើមកំណត់លេងជាថ្មីវិលទៅរកដំណាក់កាលទី១វិញ។
អត្ថប្រយោជន៍៖ នៅពេលដែលគេខ្វះខាតលុយហើយត្រូវការប្រើប្រាស់ដើម្បីជាប្រយោជន៍អ្វីមួយនោះគេអាចយកប្រាក់ពីការដេញតុងទីននោះបាននិយាយឱ្យស្រួលយល់នេះប្រៀបដូចជាការខ្ចីលុយគ្នាទៅវិញទៅមកមកចាយអីចឹង។ មានន័យថាពេលអ្នកលេងតុងទីនណាម្នាក់ត្រូវការលុយឱ្យដេញតុងទីនយកលុយនោះទៅប្រើការបន្ទាប់មកគេត្រូវបង់លុយរំលួសលុយនោះជាប្រចាំខែត្រលប់មកវិញ។
ចំណុចអវិជ្ជមាន៖ អ្នកលេងតុងទីនទាំងអស់ត្រូវជឿទុកចិត្តគ្នាខ្លាំង ក្នុងករណីប្រសិនបើមានអ្នកតុងទីនណាម្នាក់រត់បាត់មិនបង់ប្រាក់ត្រលប់មកវិញប្រាកដជាខាតបង់ហើយ។
កត់សម្គាល់៖ មេតុងទិនមានកាតព្វកិច្ចជាអ្នកប្រមូលលុយពីកូនតុងទីនទាំងអស់ ហើយមេតុងទីនមានភារកិច្ចកំណត់ថ្ងៃដេញ។ មេតុងទីនមានភារកិច្ចមួយទៀតគឺត្រូវធានារ៉ាប់រងថាបើសិនជាកូនតុងទីនណាម្នាក់រត់ចោល មិនបង់លុយបន្ទាប់ពីខ្លួនបានដេញរួចគឺមេតុងទីននេះឯង ដែលត្រូវចេញសងជំនួសទៅដល់អ្នកលេងតុងទីនផ្សេងទៀត។
ដូច្នេះតើមានទោសអ្វីខ្លះចំពោះអ្នកប្រព្រឹត្តអំពើល្មើសក្នុងល្បែងតុងទីននោះ?
ក្នុងពេលបច្ចុប្បន្ននេះ ពុំទាន់មានច្បាប់ដើម្បីគ្រប់គ្រងទៅលើការលេងតុងទីនទេ ប៉ុន្តែនៅពេលមានជម្លោះទាក់ទងនឹងរឿងលេងតុងទីនគឺគេអាចប្តឹងទៅតុលាការដោយសម្អាងតាមច្បាប់ស្តីពីកិច្ចសន្យា និងក្រមព្រហ្មទណ្ឌបាន។
នៅពេលនោះចៅក្រម នឹងពិនិត្យទៅតាមករណីនីមួយៗជាក់ស្តែង។មានន័យថាករណីជម្លោះតុងទីនខ្លះវាជាជម្លោះទាក់ទងបណ្តឹងរដ្ឋប្បវេណីហើយជម្លោះខ្លះទាក់ទងជាមួយការក្បត់កិច្ចសន្យានិងជម្លោះខ្លះទៀតទាក់ទងជាមួយការរំលោភលើទំនុកចិត្តដែលជាទោសព្រហ្មទណ្ឌ។
***សំណងតាមច្បាប់រដ្ឋប្បវេណី៖ ត្រង់មាត្រា៣៨៥បានចែងអំពីសិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឱ្យអនុវត្តកាតព្វកិច្ចដោយបានចែងយ៉ាងច្បាស់ថាម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចតាមផ្លូវតុលាការបាន។
មានន័យថា ប្រសិនបើអ្នកលេងណាមួយក្នុងល្បែងតុងទីនប្រមូលប្រាក់បានហើយ តែមិនបានបង់ប្រាក់ត្រលប់ដូចបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាគ្នាទីមុនទេគឺអ្នកលេងនោះនឹងក្លាយជាកូនបំណុលហើយអ្នកដែលខាតប្រយោជន៍ក្នុងរឿងតុងទីននេះអាចប្តងទៅតុលាការបាន។
មាត្រា៣៩៦ នៃក្រមរដ្ឋប្បវេណីបានបញ្ជាក់ទៀតថាក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តទេម្ចាស់បំណុលអាចទាមទារឱ្យអនុវត្តកាតព្វកិច្ចដោយបង្ខំបាន។
ទោះបីជាមានមាត្រាខាងលើនេះក៏ដោយម្ចាស់បំណុលក្នុងរឿងតុងទីនមិនអាចទាមទារឱ្យអនុវត្តតាមផ្លូវតុលាករបានឡើយបើក្នុងករណីដែលមានការព្រមព្រៀងគ្នាជាមុនរវាងអ្នកលេងតុងទីនថាមិនទាមទារឱ្យអនុវត្តតាមផ្លូវតុលាការប្រសិនបើមានជម្លោះកើតឡើង។
***ទោសក្នុងព្រហ្មទណ្ឌ៖ ក្នុងករណីមានការប្តឹងពីកូនតុងទីនទាំងអស់ថាអ្នកលេងណាម្នាក់ក្នុងតុងទីនឆបោកលុយនោះហើយចៅក្រមរកឃើញថាភាគីនៃអ្នកលេងតុងទីនពិតជាបានប្រព្រឹត្តការឆបោកមែននោះគឺត្រូវមានទោសព្រហ្មទណ្ឌដែលអាចបណ្តាលឱ្យជាប់ពន្ធនាគារ។
ក្រមព្រហ្មទណ្ឌមាត្រា៣៧៨ បានចែងអំពីការផ្តន្ទាទោសពីបទឆបោកថាត្រូវផ្ទន្តាទោសដាក់ពន្ធនាការពី៦ខែ ទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀលចូលរដ្ឋ៕
ប្រភព៖ចំណេះដឹងផ្នែកច្បាប់