ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបន្ថែមក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះមានក្រុមហ៊ុន DJI Technology ដែលជាក្រុមហ៊ុនផលិតដ្រូនធំជាងគេមួយរបស់ពិភពលោក និងក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ជាច្រើនផ្សេងទៀតរបស់ចិនទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ក្រោមច្បាប់ការពារជាតិ នៅថ្ងៃទី 5 ខែតុលា ឆ្នាំ 2022។

ក្រុមហ៊ុន DJI Technology ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលត្រូវបានគេប៉ាន់ប្រមាណថា គ្រប់គ្រងទីផ្សារពិភពលោកជាងពាក់កណ្តាល សម្រាប់យន្តហោះដ្រូនពាណិជ្ជកម្ម ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅដែលចេញផ្សាយដោយមន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃពុធ។

ក្រុមហ៊ុន DJI បានលើកឡើងថា "DJI មិនដែលរចនា ឬផលិតគ្រឿងបរិក្ខារកម្រិតយោធាទេ ហើយមិនដែលធ្វើទីផ្សារ ឬលក់ផលិតផលរបស់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធានៅក្នុងប្រទេសណាមួយឡើយ"។

មន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយកដ្ឋាននេះត្រូវបានកំណត់ថានឹងគូសបញ្ជាក់ និងប្រឆាំងនឹងយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងយោធា និងស៊ីវិល របស់សាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រដល់គោលដៅទំនើបភាវូបនីយកម្មនៃកងទ័ពរំដោះប្រជាជន (PLA)។

ការដាក់ចូលក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្មនេះ មានន័យថា សហរដ្ឋអាមេរិកមិនបានហាមឃាត់ក្រុមហ៊ុន DJI ពីការលក់ផលិតផលនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែក្រុមហ៊ុន គឺត្រូវបានរឹតត្បិតការប្រើប្រាស់សមាសធាតុ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលនេះនឹងអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដ្រូនទូទាំងពិភពលោក និងការអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន DJI៕