បច្ចេកវិទ្យា៖ HDMI ត្រូវបានចេញចេញជាលើកដំបូងក្នុងឆ្នាំ 2002 ហើយឥឡូវនេះ មានឧបករណ៍ជាង 8 ពាន់លានដែលប្រើបច្ចេកវិទ្យានេះ បើយោងតាមវិបសាយរបស់ HDMI ដែលកាន់កាប់លើប៉ាតង់ផលិត។ នេះគឺជាស្ថាប័នទទួលបន្ទុក លើការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា HDMI និងបង្កើតលក្ខណៈពិសេស HDMI ថ្មីៗ។

HDMI ថ្មីបំផុតគឺ HDMI 2.1 ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ 2017។ ទោះជាយ៉ាងណាក៏ដោយ HDMI 2.0 ដែលបានចេញផ្សាយក្នុងឆ្នាំ 2013 នៅតែពេញនិយម។

HDMI គឺជាអ្វី?

HDMI (High-Definition Multimedia Interface) ដែលជាស្តង់ដារសម្រាប់បញ្ជូនវីដេអូឌីជីថល និងអូឌីយ៉ូក្នុងពេលដំណាលគ្នាពីប្រភពមួយ (ដូចជាកុំព្យូទ័រ ឬប្រអប់ខ្សែទូរទស្សន៍) ទៅកាន់ម៉ូនីទ័រកុំព្យូទ័រ ទូរទស្សន៍ ឬម៉ាស៊ីន Projector ។ HDMI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាមួយនឹងទូរទស្សន៍ និងម៉ូនីទ័រកុំព្យូទ័រ ស្ទើរតែទាំងអស់

HDMI 2.1 គឺជាអ្វី?

កំណែចុងក្រោយបំផុតរបស់ HDMI ត្រូវបានគេហៅថាជំនាន់ 2.1 ហើយវាគឺជាគម្លាតដ៏ធំមួយ បើប្រៀបធៀបទៅនឹង HDMI 2.0។ HDMI 2.1 អនុញ្ញាតឱ្យមានគុណភាពបង្ហាញបានខ្ពស់(Resolution), កម្រិតនៃ Frame Rate ខ្ពស់ និងកម្រិតបញ្ជូនកាន់តែច្រើន (Transmission Rate ) ។ លើកយកតែពីកម្រិតគុណភាព HDMI 2.1 គាំទ្រការបង្ហាញគុណភាពវីដេអូដល់កម្រិត 8K ខណៈ HDMI 2.0 បានត្រឹមគុណភាព 4K។

បច្ចុប្បន្ននេះវាត្រូវបានរកឃើញនៅលើទូរទស្សន៍ល្អបំផុត រួមទាំងម៉ូដែលថ្មីៗពី LG, Samsung, Sony ជាដើម។ HDMI 2.1 ក៏មាននៅលើ PlayStation 5 និង Xbox Series X។ តាមពិតទៅ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកុងសូលទាំងនោះ អ្នកនឹងត្រូវការទូរទស្សន៍ដែលគាំទ្រយ៉ាងហោចណាស់ មុខងារ HDMI 2.1 ។

ការប្រើប្រាស់ HDMI

ឧបករណ៍ភ្ជាប់ HDMI ភាគច្រើន ដែលកំពុងប្រើប្រាស់សព្វថ្ងៃគឺប្រភេទ A (ស្តង់ដារ), ប្រភេទ C (Mini) និងប្រភេទ D (តូច)។ សម្រាប់ ប្រភេទ B និងប្រភេទ E HDMI កម្រនឹងឃើញប្រើប្រាស់ជាទូទៅនោះទេ។

  • HDMI ស្តង់ដារ (ប្រភេទ A) គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតក្នុងចំណោមប្រភេទ HDMI ទាំងអស់។ ឧបករណ៍ភ្ជាប់ 19-pin ទាំងនេះ អាចរកបាននៅលើស្ទើរតែគ្រប់ម៉ាកទូរទស្សន៍ ម៉ូនីទ័រកុំព្យូទ័រ កុងសូលហ្គេម (Game Console ដូចជា PS4 ជាដើម) ឧបករណ៍ស្ទ្រីម និងកុំព្យូទ័រលើតុ។

  • Mini HDMI (Type C) ក៏មាន 19-pins និងគាំទ្រមុខងារដូចគ្នាទៅនឹងឧបករណ៍ភ្ជាប់ប្រភេទ A ដែលមានទំហំពេញក្នុងទម្រង់ដែលតូចជាង និងបង្រួមជាងមុន។ ដោយសារតែទំហំតូចរបស់វា ជាធម្មតាវាត្រូវបានប្រើនៅលើឧបករណ៍ចល័តដូចជា កាមេរ៉ា DSLR និងថេប្លេត។

  • Micro HDMI គឺជា HDMI (ប្រភេទ D) តូចបំផុត គឺមានទំហំតូច តែមានសមត្ថភាពពេញដូចគ្នា។ ឧបករណ៍ភ្ជាប់ Micro HDMI ត្រូវបានប្រើនៅលើឧបករណ៍តូចៗ ដូចជាទូរស័ព្ទជាដើម។

ខ្ញុំត្រូវការខ្សែ HDMI សម្រាប់ទូរទស្សន៍ 4K របស់ខ្ញុំ។ តើខ្ញុំគួរទិញ HDMI មួយណា?

ចម្លើយគឺ ការទិញខ្សែ HDMI ល្បឿនលឿន ដែលគាំទ្រយ៉ាងហោចណាស់ HDMI 1.4 ដែលជាស្តង់ដារ HDMI ដំបូងដើម្បីគាំទ្រ 4K (បច្ចុប្បន្ននេះដល់ជំនាន់ HDMI 2.1 ដែលអាចគាំទ្រដល់គុណភាព 8K) ។

ដើម្បីទទួលបានរូបភាព 4K សមាសធាតុទាំងអស់ត្រូវតែគាំទ្រ 4K៖ ប្រអប់ខ្សែឬសេវាផ្សាយ, ខ្សែHDMI, និងទូរទស្សន៍។ ប្រសិនបើអ្នកកំពុងប្រើខ្សែ HDMI ស្តង់ដារចាស់ដែលបានទិញមុនឆ្នាំ 2009 វានឹងមិនមានកម្រិតបញ្ជូនដើម្បីបញ្ជូនសញ្ញា 4K HDR ទេ។ 

ហើយប្រសិនបើអ្នកមាន HDMI ដែលអាចបង្ហាញ 4K បាន តែក្រុមហ៊ុនដែលផ្ដល់សេវាទូរទស្សន៍មានសមត្ថភាពបញ្ចូនត្រឹម FHD នោះ ក៏មិនអាចមានគុណភាពជា 4K បានដែរ៕