បច្ចេកវិទ្យា៖ ច្រើនតែមានការយល់ច្រឡំគ្នារវាងពាក្យ អ៊ិនធឺណិត( Internet) និងវិប(Web) តែភាពជាក់ស្ដែងវាមិនដូចគ្នានោះទេ។ទោះបីជាយើងប្រើវាជារៀងរាល់ថ្ងៃក៏ដោយ ក៏មានវាក្យស័ព្ទក្នុងវិស័យបច្ចេកវិទ្យាខ្លះធ្វើឲ្យអ្នកពិបាកនឹងងាយយល់។យើងនឹងព្យាយាមពន្យល់ពាក្យទាំងនោះ តាមន័យសាមញ្ញសម្រាប់លោកអ្នក៖

តើអ៊ីនធឺណិត គឺជាអ្វី?

អ៊ីនធឺណិតគឺជាបណ្តាញកុំព្យូទ័រសកល។ វាគឺជាបច្ចេកវិទ្យាមូលដ្ឋាន ដែលអាចឱ្យកុំព្យូទ័រទូរស័ព្ទ ឧបករណ៍វៃឆ្លាត (Smart Device) ម៉ាស៊ីនមេ(Server) និងឧបករណ៍ដែលមានបណ្តាញផ្សេងទៀតអាចទំនាក់ទំនងគ្នាបាន មិនថាពួកគេនៅទីណាក៏ដោយនៅក្នុងពិភពលោក។

អ៊ីនធឺណេត គឺមានការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានជាច្រើន ដែលត្រូវការសម្រាប់បណ្តាញទាំងនេះដើម្បីអាចស្គាល់គ្នាទៅវិញទៅមក។ មិនថាតែជាខ្សែកាបក្នុងស្រុកដែលដំណើរការដោយ ISP (ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណិត) ឬខ្សែកាបក្រោមសមុទ្រនោះទេ វាចាំបាច់ទាំងអស់។

 

សូមអានបន្ថែម

ប្រទេសរុស្ស៊ីសាកល្បងផ្ដាច់ចេញពីអ៊ីនធឺណិតសកលដោយជោគជ័យ

 

ឧទាហរណ៍ អាស័យដ្ឋាន អាយភី (Internet Protocol Address - IP)គឺជាផ្នែកសំខាន់មួយនៃរបៀបដែលប្រព័ន្ធដំណើរការ។ឧបករណ៍នីមួយៗមានអាស័យដ្ឋាន IP ដូចជា ផ្ទះនីមួយៗមានអាស័យដ្ឋានរៀងៗខ្លួនដែរ។ បើគ្មាន IP ទេ ឧបករណ៍ដែលប្រើអ៊ិនធឺណេត នឹងមិនអាចបញ្ជូនព័ត៌មានទៅទិសដៅដែលត្រឹមត្រូវបានទេ។

ការកើនឡើងនៃអ៊ីនធឺណិត

មុនពេលមានអ៊ីនធឺណេតទូលំទូលាយ អង្គភាពនីមួយៗមានបណ្តាញមូលដ្ឋាន ដែលអនុញ្ញាតឱ្យកុំព្យូទ័ររបស់ពួកគេទំនាក់ទំនងគ្នាបានក្នុងទ្រង់ទ្រាយតូចនិងជិតគ្នាដែលគេហៅថា Intranet។ប៉ុន្តែគ្មានបណ្តាញសកលដូចយើងមានសព្វថ្ងៃនេះទេ។

អំឡុងឆ្នាំ ១៩៦០ និង១៩៧០ គេបានធ្វើការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាបឋម ហើយក្នុងទសវត្សរ៍ឆ្នាំ១៩៨០ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចំណាយប្រាក់ ពេលវេលានិងការស្រាវជ្រាវជាច្រើនក្នុងការអភិវឌ្ឍន៍ទើបបានក្លាយជាអ៊ីនធឺណេតសម័យទំនើប ដែលមិនយូរប៉ុន្មានបានចាប់ផ្តើមដំណើរការ នៅជុំវិញពិភពលោក។

 

សូមអានបន្ថែម

វិបសាយដំបូងគេដែលត្រូវបានបង្កើតឡើងលើពិភពលោក

 

នៅចុងឆ្នាំ ១៩៩០ និងដើមឆ្នាំ ២០០០ ដែលជាឆ្នាំនៃការរីករាលដាលការបង្កើតវិបសាយ វាក៏ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនិងប្រើប្រាស់ជាសកលសម្រាប់មនុស្សគ្រប់គ្នា ក្នុងការទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម ការស្រាវជ្រាវនិងអ្វីៗជាច្រើនទៀតអាចធ្វើទៅបានក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក៕