ហេតុអ្វីកុំព្យូទ័រម៉ូឌែលតែមួយ បែរជាតម្លៃខុសគ្នា? សម្រាប់អ្នកដែលមានតម្រូវការទិញកុំព្យូទ័រប្រើជាលើកដំបូង មិនថាជា (Laptop/Desktop/Tablet) ឬមានកុំព្យូទ័រប្រើហើយ តែបែរជាមានបញ្ហាលើល្បឿនយឺត លើការប្រើប្រាស់មិនសមជាមួយការងារ របស់អ្នកជាដើម អត្ថបទខាងក្រោមនេះ នឹងបង្ហាញខ្លីពី Spec សំខាន់ៗដែលអ្នកគួរដឹងមុនអ្នកទិញប្រភេទណាមួយ។

គោលបំណងនៃការទិញកុំព្យូទ័រ

តើអ្នកទិញកុំព្យូទ័រដើម្បីអ្វី? ប្រើដើម្បីការងារប្រភេទណាសម្រាប់សិស្ស? ប្រើប្រាស់ទូទៅ? សម្រាប់ការងារការិយាល័យ? សម្រាប់ការរចនាក្រាហ្វិក? សម្រាប់ កាត់តវីដេអូឬ ធ្វើ Animation ? សម្រាប់លេងហ្គេម ឬ3D Rendering? នោះតម្លៃរបស់វា នឹងប្រែប្រួលទៅតាម Spec ជាក់ស្ដែងនៃការប្រើប្រាស់ទាំងនោះ។

Spec សំខាន់ៗ

Spec កាន់តែធំ តម្លៃកាន់តែថ្លៃ។ តើអ្នកបានដឹងអ្វីខ្លះពីគ្រឿងផ្សំសំខាន់ៗ ( Spare Part) របស់ កុំព្យូទ័រដែលអ្នកនឹងទិញមកប្រើ? យើងសូមបង្ហាញខ្លី ពី CPU, RAM, Hard Disk, Display, GPU ដូចខាងក្រោម៖

1.    CPU

CPU (Central Processing Unit) ឬខ្លះហៅថា Processor ដើរតួជាខួរក្បាលនៃឧបករណ៍របស់អ្នក ដោយទទួលខុសត្រូវចំពោះដំណើរការនិងប្រតិបត្តិការណែនាំរបស់ម៉ាស៊ីន។

បច្ចុប្បន្ននេះ មាន CPUតែពីរក្រុមហ៊ុនប៉ុណ្ណោះ ដែលទទួលបានការពេញនិយមខ្លាំង នោះគឺ ពីក្រុមហ៊ុន Intel និងក្រុមហ៊ុន AMD ។

CPU របស់ Intel មានលេខសំគាល់របស់វាដែលអាចបញ្ជាក់ពីល្បឿន និងជំនាន់នៃ CPU ឧ, Core i9 12thGen 12900HS 3.4GHz ។

សេរ៊ីរបស់​ intel ក្នុងតម្លៃសមរម្យប្រើគឺមានជា Core i5,Core i7,Core i9 និងជំនាន់ 10th Gen, 11th Gen, ចុងក្រោយក្នុងឆ្នាំ២០២២គឺ ជំនាន់ 12th Gen។ ដោយមានភ្ជាប់ជាមួយលេខ៤ខ្ទង់ ឬ៥ខ្ទង់ 12900HS, គឺអាចបញ្ជាក់ពីចំនួនCore របស់​ CPU ជា 4Core, 8Core ឬអាចដល់ 64 Core។

ក្នុងឆ្នាំ២០២២នេះ Intelបានចេញដល់ i9 12th Gen (ជំនាន់ទី១២)អ្នកអាចសំគាល់លើសេរ៊ីរបស់ Intel ដូចជា Intel 12thGen 12900HS ឬ 1195HS ជាដើម។

ក្រុមហ៊ុន AMD ប្រើឈ្មោះសំគាត់ជា Ryzen ដែលមានដូចជា Ryzen 5, Ryzen 7, Ryzen 9, សេរ៊ីចុងក្រោយ Ryzen9 5900X ជាដើម ដែលជាទូទៅត្រូវបានគេជ្រើយរើយយកសម្រាប់ការងារលើ Graphic Rendering ឬហ្គេម ។

ដូច្នេះ​ការរើសយក CPUកាន់តែខ្ពស់ គឺតម្លៃកាន់តែថ្លៃ ហើយសម្រាប់ការប្រើប្រាស់ ដែលប្រើលើកម្មវិធីធំៗដូចជា Premier Pro, After Effect ឬ Rendering ជាមួយ Lumion ជាដើម។

2. Storage (Hard Disk Drive ឬ SSD)

Storage ដែលជា Hard Disk Drive (HDD)​ ឬ អាចជាប្រភេទ SSD។ យើងបកប្រែថាជា ថាសរឹងសម្រាប់ផ្ទុកទិន្នន័យ។ HDD អាចរក្សាទុកមាតិកាឌីជីថលរបស់អ្នកទាំងអស់។ ឯកសារ រូបភាពតន្ត្រី វីដេអូ កម្មវិធី ចំណូលចិត្តកម្មវិធី និងប្រព័ន្ធប្រតិបត្តិការរបស់អ្នក(OS) តំណាងឱ្យមាតិកាឌីជីថលដែលផ្ទុកនៅលើថាសរឹង។

ក្នុង Laptop អ្នកនឹងមើលឃើញថា HDD កាន់តែធំគឺមានតម្លៃកាន់តែថ្លៃដូចជា 128GB, 256GB, 512G, 1TB ។ លោកអ្នកត្រូវការទំហំធំប្រើសិនបើអ្នកត្រូវការផ្ទុកនូវឯកសារជាវីដេអូច្រើន ឬត្រូវការផ្ទេរឯកសារចុះឡើង(អាចជា BACK UP) ដែលមានទំហំធំ។ ហើយល្បឿនរបស់ HDD គឺអាស្រ័យលើ ល្បឿនបង្វិលក្នុងមួយនាទី ឬ RPM ចំនុចនេះមិនសូវជាមានការចាប់អារម្មណ៍នោះទេ។ 

អានបន្តពី "ភាពខុសគ្នារវាង HDD និង SSD"

3. RAM

RAM (Random-access memory) វាជាសមាសធាតុដែលមានល្បឿនលឿន ដែលរក្សាទុកព័ត៌មានទាំងអស់ជាបណ្តោះអាសន្ន(មិននៅជាប់រហូត)ទាំងក្នុងពេលដំណើរការកម្មវិធី។ ស្រួលយល់គឺ ពេលអ្នកបើកកម្មវិធីណាមួយវានឹងដំណើរការលើ RAM មិនមែនលើ HDD នោះទេហើយពេលបិទកម្មវិធីនោះ RAM មិនមានផ្ទុកអ្វីទៀតនោះទេ។ វាខុសពីHDD សម្រាប់ផ្ទុកឯកសារ ទោះជាអ្នកបិទកុំព្យូទ័រ ក៏ឯកសាររបស់អ្នកមិនបាច់នោះដែរ។

RAM មាន 4G, 8G, 16G, 32G, 64G កាន់តែធំគឺតម្លៃកាន់តែថ្លៃ។ សម្រាប់អ្នករចនា Graphic ធម្មតា RAM 8G គឺគ្រប់គ្រាន់។ សម្រាប់អ្នក​Render ប្រើ Lumion បាន RAMចាប់ពី 16G ឡើងគឺកាន់តែរហ័ស។

4.    Display ឬ Monitor

Display សំដៅលើអេក្រង់កុំព្យូទ័រ ដែលបង្ហាញអត្ថបទនិងរូបភាពក្រាហ្វិកមកដល់អ្នក។យើងជ្រើសរើស Display ទៅតាមទំហំខ្នាតតូចឬធំ ដូចជា 12 inch,14.2អ៊ីង ឬ15.5អ៊ីង(ទូទៅគេប្រើទំហំអេក្រង់ជា អ៊ីង) និងជាចំនួនពណ៌Pixel (អាចជា HD, FHD…) ឯការរើសយក QLED សំខាន់សម្រាប់អ្នកការរចនា Graphic ផ្ដល់ពណ៌ច្បាស់ត្រជាក់ភ្នែក។ ឬជា Refresh Rate ដែលសំខាន់សម្រាប់លេងហ្គេមនិង Render (120Hz, 240Hz, 300Hz) របស់អេក្រង់។

អាចបន្ត ពី​ "Refresh Rate របស់អេក្រង់"

5.    GPU ឬ Graphics Card

GPU (Graphics processing unit) ដែលជាប្រព័ន្ធដំណើរការឯកទេសដែលត្រូវបានរចនាឡើងដំបូងដើម្បីបង្កើនល្បឿនការបង្ហាញក្រាហ្វិក។ GPUs អាចដំណើរការទិន្នន័យជាច្រើនក្នុងពេលដំណាលគ្នាដែលធ្វើឱ្យវាមានប្រយោជន៍សម្រាប់ការកាត់តវីដេអូ ការRedner និងកម្មវិធីហ្គេម។

GPU ខុសគ្នាពី CPU គឺថាCPU ត្រូវបានរចនាឡើងដើម្បីដោះស្រាយកិច្ចការជាច្រើនយ៉ាងរហ័ស(ដូចដែលវាស់ដោយល្បឿននាឡិកា CPU)។ ឯ GPU ត្រូវបានរចនាឡើងដើម្បីបង្ហាញរូបភាព និងវីដេអូដែលមានគុណភាពបង្ហាញខ្ពស់ ក្នុងពេលដំណាលគ្នា។

ក្នុងទីផ្សារ GPU នេះមានក្រុមហ៊ុនពីរដែលល្បីល្បាញក្នុងការផលិតGPU នោះគឺ Nvidia និង Intel ។ Intel មានសេរីជា Intel Iris តែមិនសូវទទួលបានការពេញនិយម សម្រាប់អ្នករចនាក្រាភិចឬ អ្នកលេងហ្គេមនោះទេ។

សម្រាប់ Nvidia វិញល្បីល្បាញលើការផលិតសេរ៊ី GeForce RTX ដូចជា RTX3050, RTX3060, RTX 3070 Ti, RTX 3080, ចុងក្រោយក្នុងឆ្នាំ២០២២គឺ RTX3090។

សរុបមកវិញ អ្នកអាចរើសយក Spec ដែលខ្ពស់បាន ឩ CPU (Core i9 12thGen 12900HS), RAM( 32GB), HDD( 1TB), DISPLAY (FHD), GPU( RTX 3090) តែបើប្រើសម្រាប់តែកម្មវិធីការិយាល័យ គឺមិនចាំបាច់ Spec ខ្ពស់បែបនេះទេ។ SPEC ខាងលើមានតម្លៃ ដែលសាកសមសម្រាប់អ្នក Render ឬអ្នកប្រើលើកម្មវិធីហ្គេមធំៗ ឯនោះវិញ៕