បច្ចេកវិទ្យា៖ SaaS (Software as a Service) គឺជាមធ្យោបាយនៃការផ្តល់ជូនកម្មវិធីសូហ្វវែរតាមអ៊ិនធឺរណែត ជាសេវាកម្ម។ ក្នុងន័យស្រួលស្ដាប់ គឺគេផលិតកម្មវិធីសូវហ្វែរមួយដែលដាក់បង្ហោះក្នុងប្រព័ន្ធ Cloud ហើយអ្នកប្រើប្រាស់ ត្រូវប្រើឬទិញសេវាកម្មនេះមានជម្រើសដោយមិនចាំបាច់ដំឡើង (Install) លើឧបករណ៍ប្រើប្រាស់របស់អ្នកនោះទេ គឺគ្រាន់តែត្រូវការសេវា Internet ដើម្បីភ្ជាប់ទៅប្រើប៉ុណ្ណោះមិនថាអ្នកនៅកន្លែងណាក៏ដោយ។

ឧទាហរណ៍ដែលលោកអ្នកធ្លាប់បានឃើញរួចមកហើយ គឺ Google Drive, DropBox, ឬ Windows365 ជាដើម ដែលមានទម្រង់ជាSaaS ។

SaaS ត្រូវបានគេចាត់ទុកថា ជាអនាគតនៃសូហ្វវែរ។ វាមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ន ព្រមទាំងកំពុងកាន់កាប់លើទីផ្សារ Cloud Computing ទៀតផង។ គេព្យាករណ៍ថា ឧស្សាហកម្មប្រភេទ SaaS នឹងមានតម្លៃ ១៤៣,៧ ពាន់លានដុល្លារនៅឆ្នាំ ២០២២។ ហើយការស្ទង់មតិដោយឡែកមួយទៀតបានរកឃើញថា ៨៦%នៃស្ថាប័ន នឹងជំនួសកម្មវិធីភាគច្រើនដែលពួកគេប្រើប្រាស់ មកប្រើទម្រង់ជា SaaS នៅឆ្នាំ ២០២២ ។

ហេតុអ្វីវាពេញនិយម?  SaaS មានសារៈប្រយោជន៍ច្រើនសម្រាប់ស្ថាប័នក៏ដូចជាអ្នកប្រើប្រាស់ទូទៅ៖

  • វាបានលុបបំបាត់ការចំណាយខ្ពស់ និងការស្មុគស្មាញលើតម្រូវការ Hardware, ការថែរក្សា, និងតម្លៃដែលពាក់ព័ន្ធជុំវិញសេវានេះ
  • ផ្ដល់ការសន្សំសំចៃលើអ្នកបច្ចេកទេសបច្ចេកវិទ្យាដែលតាមការស្រាវជ្រាវវាបានជួយសន្សំបានដល់ ១៥%នៃការចំណាយ
  • ទិន្នន័យត្រូវបានប្រមូលផ្ដុំនៅមួយកន្លែងផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់
  • លឿននិងងាយស្រួលក្នុងការអនុវត្តន៍ការកែតម្រូវការធ្វើបច្ចុប្បន្នភាពផ្សេងៗ ដោយវាមិនពាក់ព័ន្ធជាមួយ Hardware ។

SaaS ក៏មានគុណវិបត្តិផងដែរ

  • អតិថិជនលែងមានជម្រើសក្នុងការប្រើកម្មវិធីចាស់ៗដែលធ្លាប់ប្រើពីមុន គឺអតិថិជនត្រូវតែដើរតាមការធ្វើបច្ចុប្បន្នភាពនៃកម្មវិធី
  • បញ្ហនៃការច្របាច់បញ្ចូលទិន្នន័យ ទៅក្នុង SaaS
  • ក្នុងករណីមានការរំលោភបំពានទិន្នន័យក្រុមហ៊ុន វាអាចប្រឈមនឹងផលវិបាកផ្នែកច្បាប់។
  • អតិថិជននឹងត្រូវជ្រើសរើសការបង់សេវាជាប្រចាំខែឬឆ្នាំ
  • ល្បឿនអ៊ីនធឺណិតយឺត នោះនឹងប៉ះពាល់ដល់ដំណើរការរបស់កម្មវិធីទាំងមូល៕