បច្ចេកវិទ្យា៖ បើកទូរស័ព្ទរបស់អ្នកដោយគ្រាន់តែមើលឲ្យចំមុខ( Face ID )ឬ ចុចដោយប្រើស្នាមក្រយ៉ៅដៃណាមួយ នោះហើយជាឧទាហរណ៍នៃ ប្រព័ន្ធ Biometrics ក្នុងបច្ចេកវិទ្យា។

Biometrics (ជីវមាត្រ) នេះគឺជាការវាស់វែងនិងការវិភាគអំពីលក្ខណៈពិសេសនៃរាងកាយនិងអាកប្បកិរិយារបស់មនុស្ស។ បច្ចេកវិទ្យានេះកំពុងតែមានការលូតលាស់ខ្លាំង ដែលត្រូវបានប្រើជាចម្បងសម្រាប់ការកំណត់អត្តសញ្ញាណ និងការត្រួតពិនិត្យការចូលប្រើប្រាស់ប្រព័ន្ធណាមួយ។

ជីវមាត្រ ត្រូវបានបែងចែកជាពីរប្រភេទដូចជា ជីវមាត្រជីវសាស្រ្ដនិងជីវមាត្រជាឥរិយាបថ។ ជីវមាត្រជីវសាស្ត្រ មានជាចម្បងរួមមាន ការស្គាល់មុខ, ស្នាមក្រយ៉ៅដៃ,មាតដៃ ប្រស្រីភ្នែក និង DNA។

ឧទាហរណ៍នៃការប្រើប្រាស់លើទូរស័ព្ទដៃ iPhone៖ វាអាចកត់សំគាល់លើស្នាមក្រយ៉ៅដៃ (Finger Print) ឬទម្រង់មុខរបស់អ្នក(Face ID) ទើបអាចជាសោរដើម្បីចូលប្រើទូរស័ព្ទរបស់អ្នកបាន។ នេះហៅថាជាការសំគាល់ដោយប្រើ ជីវមាត្រ( Biometrics Recognition)

ជីវមាត្រ ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ជាពិសេសសម្រាប់ក្រុម FBI និងប៉ូលីសអាំងទែប៉ូល( Interpol) ដែលប្រើប្រាស់ជីវមាត្រនៅក្នុងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ។ ប៉ុន្ដែបច្ចេកវិទ្យាជីវមាត្រដែលគេប្រើជាទូទៅ គឺស្នាមក្រយ៉ៅដៃ ប្រស្រីភ្នែក ផ្ទៃមុខនិងសំឡេងជាដើម ហើយក្រោយមកទៀតគឺការវិភាគលើឥរិយាបទ។

ឧទាហរណ៍៖ ឥរិយាបទនៃការចូលប្រើគេហទំព័រអ៊ីនធឺណិតណាមួយ ឬរបៀបដែលអ្នកចុចលើវាមិនថានៅលើស្មាតហ្វូនឬកុំព្យូទ័រយួរដៃក៏ដោយ ត្រូវបានវិភាគនិងប្រើដោយក្រុមហ៊ុនអាជីវកម្មនិងរដ្ឋាភិបាលកាន់តែច្រើនឡើងៗដើម្បីកំណត់ពីអត្តសញ្ញាណនិងតាមដានឥរិយាបទនោះ។

ជីវមាត្រ ជាដំណោះស្រាយដែលមានសុវត្ថិភាពបំផុត ពីព្រោះវិធីរក្សាទុកទិន្នន័យជីវមាត្រ គឺខុសពីវិធីរក្សាទុកកូដ PIN និងលេខសំងាត់ ព្រោះស្នាមម្រាមដៃរបស់អ្នកត្រូវបានរក្សាទុកតែលើឧបករណ៍របស់អ្នកប៉ុណ្ណោះ៕