បច្ចេកវិទ្យា៖ ប្រទេសរុស្ស៊ីបានសាកល្បងផ្តាច់ខ្លួនចេញពីអ៊ីនធឺណិតពិភពលោកដោយជោគជ័យ នេះបើយោងតាមរបាយការណ៍របស់កាសែត RBC Daily ។

RBC Daily និយាយថា ខ្លួនទទួលបានឯកសារនិងនិយាយជាមួយប្រភពដែលបានប្រាប់ពួកគេថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៥ ខែមិថុនាដល់ថ្ងៃទី ១៥ ខែកក្កដា ហើយវាពិតជាដំណើរការមែន។

ប្រភពមួយបានប្រាប់ថា ការធ្វើតេស្តនេះរួមមានការកាត់ផ្តាច់ចេញពីបណ្តាញអ៊ីនធឺណិតពិភពលោក ដោយប្រើប្រាស់អ៊ីនធឺណិតដែលបង្កើតឡើងក្នុងប្រទេស ដែលគេហៅថា Runet។

ប្រទេសរុស្ស៊ីបានធ្វើកិច្ចការនេះយូរមក ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណេតដោយខ្លួនឯង ដោយដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

នៅឆ្នាំ ២០១៩ ច្បាប់ស្ដីពី “ អធិបតេយ្យភាពអ៊ិនធឺណិត” របស់រុស្ស៊ី បានចូលជាធរមានដែលបានផ្តល់អំណាចដល់រដ្ឋាភិបាល ក្នុងការផ្តាច់ប្រទេសពីអ៊ីនធឺណិតពីពិភពលោក ករណីដែលប្រទេសរុស្ស៊ីអាចប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណិត ពីប្រទេសណាមួយ។ BI