បច្ចេកវិទ្យា៖ យោងតាមរបាយការណ៍ថ្មីពី Google, ដោយក្រុមហ៊ុន Temasek Holdings និង Bain & Company បានឱ្យដឹងថា ជាង 75% នៃចំនួនប្រជាជនចំនួន៦ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ហើយធ្លាប់បានទិញទំនិញតាមអ៊ីនធឺណិតយ៉ាងហោចណាស់ម្តង។

របាយការណ៍កាលពីថ្ងៃពុធ បង្ហាញថា មនុស្សចំនួន 40 លាននាក់ នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងប្រទេសថៃ បានប្រើប្រាស់អ៊ីនធឺណិតជាលើកដំបូងក្នុងឆ្នាំនេះ។ នេះបានជំរុញឱ្យចំនួនសរុបអ្នកប្រើប្រាស់អ៊ីនធឺណេតក្នុងប្រទេសទាំង៦នេះ ឡើងដល់ទៅជាង 440 លាននាក់ ដែលក្នុងនោះ 80% បានធ្វើការទិញតាមអ៊ីនធឺណិតយ៉ាងហោចណាស់ម្តង។ ទោះជាយ៉ាងនេះក្ដីរបាយការណ៍នេះ មិនបានរាប់បញ្ចូលប្រទេសចំនួន៤ក្នុងអាស៊ាននោះទេ មានដូចជា ប្រុយណេ កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា។

ការរាតត្បាតនៃជំងឺកូវីដ១៩ បានបណ្តាលឱ្យមានសន្ទុះកើនឡើងនៃសេវាកម្មឌីជីថលដូចជា ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក ការដឹកជញ្ជូនអាហារ និងគ្រឿងទេស និងការបង់ប្រាក់តាមអ៊ីនធឺណិត។

របាយការណ៍នេះបានព្យាករណ៍ដែរថា វិស័យអ៊ីនធឺណេតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំង៦ខាងលើនេះ អាចឈានដល់ទឹកប្រាក់ 174 ពាន់លានដុល្លារនៅក្នុងតម្លៃទំនិញសរុប (GMV) ក្នុងឆ្នាំ 2021 ពោលគឺកើនឡើង 49% ធៀបនឹងឆ្នាំមុន ជាមួយនឹងពាណិជ្ជកម្មអេឡិចត្រូនិចដែលជំរុញកំណើនភាគច្រើន៕